YouVersion Logo
Search Icon

១ របាក្សត្រ 20

20
អ៊ីស្រា‌អែល​ដណ្ដើម​យក​ក្រុង​រ៉ាបាត
( សាំយូអែល ១១.១, ១២.២៦-៣០)
1 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កម្ទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។ 2ព្រះ‌បាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។ 3រីឯ​ប្រជា‌ជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។
ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ភីលីស្ទីន
( សាំយូអែល ២១.១៨-២២)
4ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលីស្ទីន​ត្រូវ​បរា‌ជ័យ។
5 បន្ទាប់​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន។ លោក​អែល‌ហាណាន ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលី‌យ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កី‌តម្បាញ។ 6ក្រោយ​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។ 7គាត់​បាន​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល។ 8ទាហាន​ភីលីស្ទីន ដែល​ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​នៅ​ក្រុង​កាថ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ១ របាក្សត្រ 20