សាការី 12
12
ជ័យជម្នះរបស់ក្រុងយេរូសាឡិម
1នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ថ្លែងពីស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ 2«មើល៍! យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ 3នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមធ្ងន់ដូចជាថ្ម សម្រាប់មនុស្សទាំងអស់ អ្នកណាដែលលើកថ្មនោះ នឹងត្រូវរបួសធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ»។ 4ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងវាយសេះឲ្យជ្រួលច្របល់ ហើយឲ្យពួកអ្នកជិះត្រូវវិលខួរដែរ យើងនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយសេះរបស់សាសន៍ទាំងប៉ុន្មានឲ្យខ្វាក់ភ្នែក។ 5ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា "ពួកក្រុងយេរូសាឡិមមានកម្លាំង ដោយព្រោះព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់គេ"។ 6នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា ដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះ។
7ព្រះយេហូវ៉ានឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុនសិន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ និងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានតម្កើងឡើងលើសជាងពួកយូដា។ 8នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។
9នៅថ្ងៃនោះ យើងនឹងតាំងចិត្ត ដើម្បីបំផ្លាញសាសន៍ទាំងប៉ុន្មាន ដែលមកទាស់នឹងក្រុងយេរូសាឡិម»។
ពួកគេកាន់ទុក្ខព្រះអង្គដែលគេបានចាក់ទម្លុះ
10«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។ 11នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ។ 12ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសាររៀងៗខ្លួន គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន 13ពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួនដែរ។ 14ឯគ្រួសារឯទៀត គ្រប់ទាំងគ្រួដោយខ្លួន និងប្រពន្ធគេដោយខ្លួនដែរ»។
Currently Selected:
សាការី 12: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies