YouVersion Logo
Search Icon

រ៉ូម 13

13
ការ​ចុះ​ចូល​ចំពោះ​អាជ្ញាធរ
1ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចុះ​ចូល​ចំពោះ​អាជ្ញា​ធរ ដ្បិត​បើ​មិន​មក​ពី​ព្រះ​ទេ នោះ​គ្មាន​អំណាច​ណា​ឡើយ គឺ​ព្រះ​បាន​តាំង​អស់​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច។ 2ដូច្នេះ អ្នក​ណា​ដែល​តាំង​ខ្លួន​ប្រឆាំង​នឹង​អំណាច​នោះ ឈ្មោះ​ថា​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះ​បាន​តាំង​ឡើង​ដែរ ហើយ​អស់​អ្នក​ដែល​ប្រឆាំង នោះ​នឹង​ត្រូវ​ជាប់​ទោស។ 3ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន 4ដ្បិត​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រពឹ្រត្ត​ល្អ។ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ឡើយ! ព្រោះ​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​សម្ដែង​សេចក្តី‌ក្រោធ​របស់​ព្រះ‌អង្គ មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់។ 5ដូច្នេះ ត្រូវ​ចុះ​ចូល មិន​មែន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី‌ក្រោធ​របស់​ព្រះ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​មនសិការ​ផង។ 6ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ព្រោះ​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ សម្រាប់​តែ​នឹង​បំពេញ​កិច្ច‌ការ​ដូច្នេះ​ឯង។ 7ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។
ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក
8មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។ 9ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។ 10សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។
ការ​រៀប​ចំ​ខ្លួន​រង់​ចំា​ទទួល​ព្រះ‌អម្ចាស់
11ក្រៅ​ពី​នេះ ត្រូវ​ដឹង​ថា នេះ​ជា​វេលា​ណា គឺ​ដល់​ម៉ោង​ដែល​ត្រូវ​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​នៅ​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ 12យប់​ជិត​ផុត​ហើយ ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ ដូច្នេះ ចូរ​យើង​លះ​ចោល​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ។ 13ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។ 14ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ហើយ​កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in