YouVersion Logo
Search Icon

វិវរណៈ 3

3
សំបុត្រ​ផ្ញើ​ជូន​ក្រុម​ជំនុំ​នៅ​ក្រុង​សើ‌ដេស
1«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​សើ‌ដេស​ថា៖ ព្រះ‌អង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ និង​ផ្កាយ​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ការ​ដែល​អ្នក​ប្រព្រឹត្ត​ហើយ អ្នក​មាន​ឈ្មោះ​ថា​រស់ តែ​អ្នក​ស្លាប់​ទេ។ 2ចូរ​ភ្ញាក់​ខ្លួន​ឡើង ហើយ​ចម្រើន​កម្លាំង​ចំពោះ​អ្វីៗ​ដែល​នៅ​សល់​រៀប​នឹង​ស្លាប់​នោះ​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង ដ្បិត​យើង​បាន​ឃើញ​ការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ មិន​ទាន់​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​យើង​នៅ​ឡើយ​ទេ។ 3ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ។ ប្រសិន‌បើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ នោះ​យើង​នឹង​មក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​ឡើយ។ 4ប៉ុន្តែ នៅ​ក្រុង​សើ‌ដេស ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក​ពាក់​ស ដើរ​ជា​មួយ​យើង ដ្បិត​គេ​សម​នឹង​បាន​ដូច្នេះ។ 5អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក​ពាក់​ស ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ យើង​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​របស់​យើង និង​ចំពោះ​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ដែរ។ 6អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។
សំបុត្រ​ផ្ញើ​ជូន​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា
7«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ដ៏​ពិត​ប្រាកដ ដែល​ទ្រង់​មាន​កូន​សោ​របស់​ស្តេច​ដាវីឌ បើ​ទ្រង់​បើក គ្មាន​អ្នក​ណា​បិទ​បាន ហើយ​បើ​ទ្រង់​បិទ នោះ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា 8"យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ឡើយ។ យើង​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្តិច​មែន តែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ក៏​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ដែរ។ 9មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។ 10ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ដោយ​អត់‌ធ្មត់ យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រា​លំបាក ដែល​នឹង​កើត​មាន​ដល់​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង​ពួក​អ្នក​ដែល​នៅ​លើ​ផែនដី។ 11យើង​នឹង​មក​នៅ​ពេល​ឆាប់ៗ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដណ្តើម​យក​មកុដ​របស់​អ្នក​បាន។ 12អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ 13អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។
សំបុត្រ​ផ្ញើ​ជូន​ក្រុម​ជំនុំ​ក្រុង​ឡៅ‌ឌីសេ
14«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​ថា៖ ព្រះ​ដ៏​ជា​អាម៉ែន ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា 15"យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ។ យើង​ចង់​ឲ្យ​អ្នក បើ​ត្រជាក់​ឲ្យ​ពិត​ជា​ត្រជាក់ ឬ​បើ​ក្តៅ​ឲ្យ​ពិត​ជា​ក្តៅ។ 16ដូច្នេះ ដោយ​ព្រោះ​អ្នក​គ្រាន់​តែ​ក្តៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​មិន​ខាន។ 17ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។ 18ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ 19យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។ 20មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។ 21អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។ 22អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in