ទំនុកតម្កើង 80
80
ពាក្យអធិស្ឋានសូមឲ្យព្រះនាំអ៊ីស្រាអែលមកវិញ!
ទំនុករបស់លោកអេសាភ សម្រាប់មេភ្លេង តាមបទ «ផ្កាឈូក» ជាសេចក្ដីបន្ទាល់។
1ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ
ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា
នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់
ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ
សូមភ្លឺមក
2សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង
នៅចំពោះពួកអេប្រាអិម
បេនយ៉ាមីន និងម៉ាណាសេ
ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
3ឱព្រះអើយ សូមនាំយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក
នោះយើងខ្ញុំនឹងបានរួចជីវិត!
4៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
តើព្រះអង្គខ្ញាល់នឹងប្រជារាស្ត្រព្រះអង្គ
នៅពេលគេអធិស្ឋានរកព្រះអង្គ
ដល់កាលណាទៀត?
5ព្រះអង្គបានប្រទានទឹកភ្នែកដល់គេជំនួសនំប៉័ង
ហើយឲ្យគេផឹកទឹកភ្នែកពេញរង្វាល់។
6ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាដើមហេតុ
នៃការទាស់ទែងគ្នា ដល់ពួកអ្នកជិតខាងយើងខ្ញុំ
ហើយខ្មាំងសត្រូវរបស់យើងខ្ញុំ
គេនាំគ្នាសើចចំអក។
7ឱព្រះនៃពួកពលបរិវារអើយ
សូមនាំយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក
នោះយើងខ្ញុំនឹងបានរួចជីវិត!
8៙ ព្រះអង្គបានយកដើមទំពាំងបាយជូរមួយ
ពីស្រុកអេស៊ីព្ទមក
ព្រះអង្គបានបណ្តេញសាសន៍នានាចេញ
ហើយបានដាំដើមទំពាំងបាយជូរនោះវិញ។
9ព្រះអង្គបានជម្រះដីនោះយ៉ាងស្អាត
ដើមទំពាំងបាយជូរក៏ចាក់ឫសយ៉ាងជ្រៅ
ហើយដុះពាសពេញក្នុងស្រុក។
10ម្លប់ដើមទំពាំងបាយជូរ
បានគ្របដណ្ដប់ទៅលើភ្នំនានា
ហើយមែករបស់វាក៏គ្របលើដើមតាត្រៅខ្ពស់ៗ។
11ដើមទំពាំងបាយជូរនោះបែកមែក
រហូតទៅដល់សមុទ្រ
ហើយពន្លករបស់វារហូតទៅដល់ទន្លេអឺប្រាត។
12តែឥឡូវនេះ ហេតុអ្វីបានជាព្រះអង្គ
រំលំរបងចម្ការទំពាំងបាយជូរនេះ
ធ្វើឲ្យអស់អ្នកដែលដើរតាមនោះបេះផ្លែវាដូច្នេះ?
13ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ
ហើយអស់ទាំងសត្វនៅទីវាល
ក៏ស៊ីទំពាំងបាយជូរនេះដែរ។
14ឱព្រះនៃពួកពលបរិវារអើយ
សូមព្រះអង្គបែរមកវិញ
ហើយទតមើលពីលើស្ថានសួគ៌មក
សូមប្រោសប្រណីដើមទំពាំងបាយជូរនេះផង
15គឺជាដើមដែលព្រះហស្តស្តាំរបស់ព្រះអង្គបានដាំ
ជាកូនដែលព្រះអង្គបានធ្វើ
ឲ្យមានកម្លាំងសម្រាប់អង្គទ្រង់។
16ខ្មាំងសត្រូវបានយកភ្លើង
ដុតដើមទំពាំងបាយជូរនេះ
គេបានកាប់វាចោល
សូមឲ្យគេវិនាសដោយការបន្ទោស
ចេញពីព្រះភក្ត្រព្រះអង្គ!
17ប៉ុន្ដែ សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ
អ្នកដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ
គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំង
សម្រាប់អង្គទ្រង់!
18យ៉ាងនោះ យើងខ្ញុំនឹងមិនបែរចេញ
ពីព្រះអង្គឡើយ
សូមប្រោសឲ្យយើងខ្ញុំរស់រាន
មានជីវិតឡើងវិញផង
នោះយើងខ្ញុំនឹងអំពាវនាវរកព្រះនាមព្រះអង្គ។
19ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមនាំយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក
នោះយើងខ្ញុំនឹងបានរួចជីវិត!
Currently Selected:
ទំនុកតម្កើង 80: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies