ទំនុកតម្កើង 8
8
ភាពថ្កុំថ្កើងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!
ព្រះអង្គបានតម្កល់សិរីល្អរបស់ព្រះអង្គ
នៅលើផ្ទៃមេឃ
2ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ
ដោយសារមាត់កូនក្មេង
និងកូនដែលនៅបៅដោះ
ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក
បាននៅស្ងៀម។
3ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ
ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន
4នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ
ហើយកូនមនុស្ស ដែលព្រះអង្គ
យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
5ដ្បិតព្រះអង្គបានធ្វើឲ្យគេ
ទាបជាងព្រះ តែបន្តិចទេ
ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ
ទុកជាមកុដ។
6ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង
លើស្នាព្រះហស្តរបស់ព្រះអង្គ
ព្រះអង្គបានដាក់អ្វីៗទាំងអស់
ឲ្យនៅក្រោមជើងរបស់គេ
7គឺអស់ទាំងចៀម ទាំងគោ និងសត្វព្រៃ
8សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ
គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។
9ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!
Currently Selected:
ទំនុកតម្កើង 8: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies