YouVersion Logo
Search Icon

ទំនុកតម្កើង 64

64
ពាក្យ​អធិស្ឋានសូម​ព្រះ​ការ​ពារ​ឲ្យ​រួច​ផុត​ពី​ពួក​ខ្មាំងសត្រូវ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ
ដែល​ទូល‌បង្គំ​ពោល​តម្អូញ
សូម​ការពារ​ជីវិត​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ចំពោះ
ពួក​ខ្មាំង​សត្រូវ​ផង។
2សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់
របស់​ពួក​មនុស្ស​អាក្រក់
និង​ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
3ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ
ហើយ​ចោល​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​របស់​គេ
ដូច​ជា​ព្រួញ
4ដោយ​លប​បាញ់​ប្រហារ​មនុស្ស​ទៀង​ត្រង់
គេ​បាញ់​អ្នក​នោះ​មិន​ឲ្យ​ដឹង​ខ្លួន
ឥតកោត​ក្រែង​អ្វី​ឡើយ។
5គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ
គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់
ដោយ​ស្ងាត់​កំបាំង
គេ​ថា «តើ​អ្នក​ណា​មើល​យើង ឃើញ?
6តើ​អ្នក​ណា​អាច​រក​ឃើញ​ថា
យើង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ?
យើង​បាន​រិះ​រក​ផែន​ការយ៉ាង​ល្អ​រួច​រាល់​ហើយ»។
ដ្បិត​គំនិត​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស ជ្រៅ​ណាស់!
7ប៉ុន្តែ ព្រះ​នឹង​បាញ់គេដោយ​ព្រួញ​របស់​ព្រះ‌អង្គ
មិន​ឲ្យ​គេ​ដឹង​ខ្លួន ហើយ​គេ​នឹង​ត្រូវ​របួស។
8អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាស
អស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។
9នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច
គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ
ហើយ​ពិចារណា​ពី​កិច្ច​ការ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
10សូម​ឲ្យ​មនុស្ស​សុចរិត​រីក​រាយ​ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ
សូម​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀង​ត្រង់
លើក​តម្កើង​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in