YouVersion Logo
Search Icon

ទំនុកតម្កើង 41

41
ការ​ធានា​អះ​អាង​អំពី​ជំនួយ​របស់​ព្រះ និង​ពាក្យ​ទូល​អង្វរ​សុំ​ការ​ប្រោស​ឲ្យ​ជា
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់
នឹង​មនុស្ស​ក្រីក្រ
ដ្បិត​នៅ​ថ្ងៃ​អាក្រក់
ព្រះ‌យេហូវ៉ា​នឹង​រំដោះ​អ្នក​នោះ។
2ព្រះ‌យេហូវ៉ា​នឹង​ទំនុក​បម្រុង
ហើយ​ថែ‌រក្សា​ជីវិត​អ្នក​នោះ
អ្នក​នោះ​មាន​ពរ​នៅ​លើ​ផែនដី​នេះ
ហើយ​ព្រះ‌អង្គ​មិន​ប្រគល់​គេ
ទៅ​ក្នុង​បំណង​ចិត្ត​របស់​ខ្មាំង​សត្រូវ​ឡើយ។
3ព្រះ‌យេហូវ៉ា​ទ្រ‌ទ្រង់​អ្នក​នោះ
ពេល​គេ​ឈឺ​នៅ​លើ​គ្រែ
គឺ​ព្រះ‌អង្គ​ប្រោស​គេ
ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​រោគា។
4៙ ឯ​ខ្ញុំ​វិញ ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា
ដ្បិត​ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹងព្រះ‌អង្គ​ហើយ»។
5ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា
«តើ​ពេល​ណា​ទើប​វា​ស្លាប់
ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?»
6កាល​ណា​គេ​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ
គេ​ពុត​ធ្វើ​ជា​ស្និទ្ធ​ស្នាល​នឹង​ទូល‌បង្គំ
ឯ​ចិត្ត​គេ​វិញ គេ​គិត​រក​វិធីបំបាក់​មុខ​ទូល‌បង្គំ
លុះ​គេ​ចេញ​ទៅ​ក្រៅ​ហើយ
គេ​ក៏​និយាយ​បរិហារ​ពី​ទូល‌បង្គំ។
7អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
នាំ​គ្នា​ខ្សឹប‌ខ្សៀវ​អំពី​ទូល‌បង្គំ
គេ​ប្រឌិត​រឿង​អាក្រក់ទាស់​នឹង​ទូល‌បង្គំ។
8៙ គេ​ពោល​ថា «ជំងឺ​មើល​មិន​ជា
បាន​រួត​រឹត​វា​ហើយ វា​ដេក​ជាប់​ហើយ
មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​វិញ​បាន​ទេ»។
9សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ
ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត
ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ
ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។
10ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
សូម​លើក​ទូល‌បង្គំ​ឡើង​វិញ
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ!
11៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​មែន
ព្រោះ​សត្រូវ​របស់​ទូល‌បង្គំ
មិន​បាន​ឈ្នះ​ទូល‌បង្គំ​ឡើយ។
12ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង
ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់
ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ
ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។
13៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
ចាប់​តាំង​ពី​អស់​កល្ប
រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
អាម៉ែន ហើយ​អាម៉ែន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in