YouVersion Logo
Search Icon

ទំនុកតម្កើង 35

35
ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ
សូម​តយុទ្ធ​នឹង​អស់​អ្នក
ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!
2សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ
ហើយ​ក្រោក​ឡើង​ជួយ​ទូល‌បង្គំ!
3សូម​លើក​លំពែង និង​ដែក​ពួយ
ប្រហារ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំទៅ!
សូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថា
«យើង​ជា​ព្រះ‌សង្គ្រោះ​អ្នក!»។
4សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ
ត្រូវ​ខ្មាស ហើយ​បាក់​មុខ
សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ
ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។
5សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់
ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា
បណ្ដេញ​គេ​ចេញ!
6សូម​ឲ្យ​ផ្លូវ​របស់​គេ​ងងឹតសូន្យ​សុង ហើយ​រអិល
ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា
ដេញ​តាម​គេ​ផង!
7ដ្បិត​គេ​បាន​បង្កប់​អន្ទាក់
ដើម្បីចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ
គេ​បាន​ជីក​រណ្តៅ
ដើម្បី​ចាប់ជីវិត​ទូល‌បង្គំដោយ​ឥត​ហេតុ។
8សូម​ឲ្យ​គេជួប​នឹងការ​ហិន​វិនាស
ដោយ​មិន​ដឹង​ខ្លួន!
សូម​ឲ្យ​គេ​ជាប់​អន្ទាក់​ដែល​ខ្លួនគេ​បាន​បង្កប់​ទុក
សូម​ឲ្យ​គេ​ធ្លាក់​ចូល​អន្ទាក់​នោះ
ហើយ​វិនាស​អន្តរាយ​ទៅ!
9ពេល​នោះ ព្រលឹង​ទូល‌បង្គំ
នឹង​អរ​សប្បាយ​ក្នុង​ព្រះ‌យេហូវ៉ា
ហើយត្រេក​អរ​ក្នុងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។
10អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា
«ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ?
ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ
ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន
អើ ទាំង​ជន​ក្រីក្រ
និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន»។
11មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង
គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។
12គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
តប​ស្នង​នឹង​អំពើ​ល្អ​របស់​ទូល‌បង្គំ
ព្រលឹង​ទូល‌បង្គំ​នៅ​ឯកោ​ម្នាក់​ឯង។
13តែ​ឯ​ទូល‌បង្គំវិញ កាល​គេ​បាន​ឈឺ
ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ
ទូល‌បង្គំ​ធ្វើ​ទុក្ខ​ខ្លួនឯង​ដោយ​តម​អាហារ
ទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។
14ទូល‌បង្គំ​បាន​ប្រព្រឹត្ត
ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត​សម្លាញ់
ឬ​បង​ប្អូន​របស់​ទូល‌បង្គំ
ទូល‌បង្គំ​បាន​ឱន​ខ្លួនទាំង​សោយ​សោក
ដូច​អ្នក​ដែល​កាន់​ទុក្ខ​នៅ​ពេល​ម្តាយ​ស្លាប់។
15ប៉ុន្ដែ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក
គេ​អរ​សប្បាយ ហើយប្រមូល​ផ្ដុំ​គ្នា
គេ​ប្រមូល​ផ្ដុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ
ហើយពួក​ជន​ពាល​ដែល​ទូល‌បង្គំ​ពុំ​ស្គាល់
បាន​ហែក​ហូរ​ទូល‌បង្គំ​ឥត​ឈប់‌ឈរ
16គេ​ប្រមាថ​មើល​ងាយ​ទូល‌បង្គំ​ឥត​ស្រាកស្រាន្ត
ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូល‌បង្គំ។
17ឱ​ព្រះ‌អម្ចាស់​អើយ
តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត?
សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ
ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ
ហើយ​សង្គ្រោះ​ជីវិត​ទូល‌បង្គំ
ឲ្យ​រួច​ពី​ពួក​សិង្ហទាំង​នោះ​ផង។
18ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
នៅ​ក្នុង​ក្រុម​ជំនុំ​ធំ
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ក្នុង​ចំណោម​មហា‌ជន។
19សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ
ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំដោយ​ឥត​ហេតុ
មិច​ភ្នែក​ចំអក ទូល‌បង្គំ​ដែរ។
20ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ
គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់
ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។
21គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូល‌បង្គំ ដោយ​ពាក្យ​ថា
«ន៏ ន៏! ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ!»។
22ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ
សូម​កុំ​នៅ​ស្ងៀម!
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!
23សូម​តើន​ឡើង! សូម​ក្រោក​ឡើង
ហើយ​ការ​ពារ​ក្ដី​ឲ្យ​ទូល‌បង្គំ​ផង
ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!
24ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​វិនិច្ឆ័យ​ទូល‌បង្គំ
តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ
ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។
25សូម​កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា
«ន៏ សម​ដូច​ចិត្ត​យើង​ប្រាថ្នា​ហើយ»
សូម​កុំ​ឲ្យ​គេ​ថា
«យើង​បាន​លេប​វា បាត់​ហើយ»។
26អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាក
របស់​ទូល‌បង្គំ
សូម​ឲ្យ​គេ​ត្រូវ​ខ្មាស
ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា​ចុះ!
អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ
សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់
ហើយ​បាក់​មុខ​ទៅ!
27តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត
របស់​ទូល‌បង្គំ
សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ
ហើយ​សប្បាយ​រីក​រាយ​វិញ
សូម​ឲ្យ​គេ​ពោល​ឡើង​ជា‌និច្ច​ថា
«ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ
ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន!»។
28ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី
សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in