YouVersion Logo
Search Icon

ទំនុកតម្កើង 145

145
ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ
ទំនុក​ជា​បទ​សរសើរ​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ
ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ
អស់‌កល្ប​ជា‌និច្ច។
2ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ
ហើយ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
អស់‌កល្ប​ជា‌និច្ច។
3ព្រះ‌យេហូវ៉ា​ធំ
ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង
ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ
នោះ​រក​យល់​មិន​បាន។
4៙ មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ
ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ
ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត
ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ
ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
5ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព
ដ៏​រុង‌រឿង​ឧត្តម
និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
6គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ
ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ
ហើយ​ទូល‌បង្គំ​នឹង​ប្រកាស
ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។
7គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ
សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ
ហើយ​គេ​នឹង​ស្រែក​ច្រៀង
ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
8៙ ព្រះ‌យេហូវ៉ា​ប្រកប
ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស
និង​អាណិត​អាសូរ
ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ
ព្រះ‌ហឫ‌ទ័យ​សប្បុរស។
9ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់
ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ
គ្រប​លើ​អ្វីៗ​ទាំងអស់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។
10៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ
ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ!
11គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ
ហើយ​រៀប​រាប់​ពីព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ
12ដើម្បី​ឲ្យ​ពួក​កូន​មនុស្ស​ស្គាល់
ពីកិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
និង​ពី​សិរី‌ល្អ​ដ៏​រុង​រឿង​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ។
13ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ
ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច
ហើយ​អំណាច​របស់​ព្រះ‌អង្គ
ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។
[ព្រះ‌យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​គ្រប់​សេចក្ដី
ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
ហើយ​ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ
ដែល​ព្រះ‌អង្គ​ធ្វើ។ ]
14ព្រះ‌យេហូវ៉ា​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល
ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ
ឲ្យ​ងើប​ឡើង​វិញ។
15ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ
តាម​ពេល​កំណត់។
16ព្រះ‌អង្គ​លា​ព្រះ‌ហស្ត
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ
ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។
17ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ
ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ
របស់​ព្រះ‌អង្គ​ដែរ។
18ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក
ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ
គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ
ដោយ​ពិត​ត្រង់។
19ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក
ដែល​កោត​ខ្លាច​ព្រះ‌អង្គ
ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។
20ព្រះ‌យេហូវ៉ា​ការពារ​អស់​អ្នក
ដែល​ស្រឡាញ់​ព្រះ‌អង្គ
តែព្រះ‌អង្គ​នឹង​បំផ្លាញ
អស់​ទាំង​មនុស្ស​អាក្រក់​វិញ។
21៙ មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ
សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ហើយ​សូម​ឲ្យ​មនុស្ស​ទាំង‌អស់
ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ
របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច​តរៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in