YouVersion Logo
Search Icon

ទំនុកតម្កើង 109

109
ពាក្យ​អធិស្ឋាន​សូម​យុត្តិ‌ធម៌ និងការ​សង​សឹក
ទំនុក​របស់​ព្រះបាទ​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ
សូម​កុំ​នៅ​ស្ងៀម​ឡើយ!
2ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់
និង​មាត់​របស់​មនុស្ស​បោក​បញ្ឆោត
បាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយ
គេ​និយាយ​ទាស់​នឹង​ទូល‌បង្គំ
ដោយ​អណ្ដាត​ភូត​ភរ។
3គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ
ដោយ​ពាក្យ​សម្អប់
ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។
4គេ​ចោទ​ប្រកាន់​ទូល‌បង្គំ
ស្នងនឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ
ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​អធិស្ឋាន​ជានិច្ច។
5គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​ទូល‌បង្គំ
ស្នង​នឹង​អំពើ​ល្អ ហើយ​មាន​សេចក្ដី​សម្អប់
ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ។
6៙ គេ​ពោល​ថា៖ «សូម​តាំង​មនុស្ស​អាក្រក់​ម្នាក់
ឲ្យ​ប្រឆាំង​ទាស់​នឹង​វា
សូម​ឲ្យ​អ្នក​ចោទ​ប្រកាន់​ម្នាក់
ឈរ​នៅ​ខាង​ស្តាំ​វា។
7កាល​ណា​វា​ត្រូវ​ជំនុំ‌ជម្រះ
សូម​ឲ្យ​វា​ជាប់​មាន​ទោស
សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​វា
រាប់​ជា​អំពើ​បាប​វិញ។
8សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​រួញ​ខ្លី
សូម​ឲ្យមាន​ម្នាក់​ទៀត​យក​តំណែង​របស់​វា!
9សូម​ឲ្យ​កូន​ចៅ​របស់​វា​កំព្រា​ឪពុក
ហើយ​ឲ្យ​ប្រពន្ធ​របស់​វា​ក្លាយ​ជា​ស្រ្ដី​មេម៉ាយ!
10សូម​ឲ្យ​កូន​ចៅ​របស់​វា​ក្លាយ​ជា​មនុស្ស
អាវា‌សែ​ដើរ​សុំ​ទាន
ហើយ​ស្វែង​រក​អាហារ
ឆ្ងាយ​ពី​ទីលំនៅ​ដែល​រលំ​បាក់​បែក!
11សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​អូស​អ្វីៗ
ទាំង​អស់​ដែល​វា​មាន
សូម​ឲ្យ​អ្នក​ក្រៅ​មក​ប្លន់​យក​ផល
នៃ​ការ​នឿយ​លំបាក​របស់​វា​ទៅ!
12សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ
ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ
ដល់​កូន​កំព្រា​របស់​វា​ដែរ!
13សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ
សូម​លុប​បំបាត់​ឈ្មោះ​របស់​វា
ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។
14សូម​ព្រះ‌យេហូវ៉ា​នឹក​ចាំពី
អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​វា
ហើយ​សូម​កុំ​លុប​អំពើ​បាប
របស់​ម្តាយ​វា​ចេញ​ឡើយ!
15សូម​ឲ្យ​សេចក្ដី​ទាំង​នោះ
នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច
ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ផ្តាច់​គេ​ចេញ​ពី​ផែន​ដី
កុំ​ឲ្យ​អ្នក​ណា​នឹក​នា​ដល់​គេ​ឡើយ!
16ដ្បិត​វា​មិន​បាន​នឹក​ចាំ​នឹង​សម្ដែង
សេចក្ដី​មេត្តា‌ករុណា​ទេ
គឺ​បាន​ដេញ​តាម​សម្លាប់​មនុស្ស​ក្រី​ក្រ
និង​មនុស្ស​កម្សត់​ទុគ៌ត
ព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំទៀត​ផង។
17វា​ចូល​ចិត្ត​ជេរ​ប្រទេច
សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ!
វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ
សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា!
18វា​បាន​ប្រដាប់​ខ្លួន​ដោយ​ការ​ជេរ​ប្រទេច
ដូច​ជា​ពាក់​អាវ
សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ
ចូល​ទៅ​ក្នុង​ខ្លួន​វា​ដូច​ជា​ទឹក
ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​វា​ដូច​ជា​ប្រេង!
19សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ
បាន​ដូច​ជា​សម្លៀក‌បំពាក់
ដែល​ហ៊ុម​ព័ទ្ធនៅ​ជុំ​វិញ​ខ្លួន​វា
ហើយ​ដូច​ជា​ខ្សែ​ក្រវាត់
ដែល​រឹត​នៅ​ចង្កេះ​វា​ជា‌និច្ច»។
20៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា
ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ
គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់
ដល់​ជីវិត​ទូល‌បង្គំ!
21ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​ទូល‌បង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដ៏​ល្អ​របស់​ព្រះ‌អង្គ
សូម​រំដោះ​ទូល‌បង្គំ​ផង!
22ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្រីក្រ ហើយ​ទុគ៌ត
ឯ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ក៏​មាន​របួស​ដែរ។
23ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច
ទូល‌បង្គំ​ត្រូវ​គេ​រលាស់​ចេញ ដូច​ជា​រលាស់​កណ្តូប
24ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ ដោយ​សារ​តម​អាហារ
ហើយ​រូបកាយ​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង។
25ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ
កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។
26៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ជួយ​ទូល‌បង្គំ​ផង!
សូម​សង្គ្រោះ​ទូល‌បង្គំ
តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!
27សូម​ឲ្យ​គេ​បាន​ដឹង​ថា
នេះ​ជា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នេះ!
28ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ
តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ!
កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស
តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។
29សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ
ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស
សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់
ដូច​ជា​ពាក់​អាវ!
30មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ
ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​កណ្ដាល​បណ្ដា​ជន​ទាំង‌ឡាយ។
31ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត
ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក
ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in