YouVersion Logo
Search Icon

សុភា‌សិត ពាក្យ​លំនាំ

ពាក្យ​លំនាំ
«ព្រះ‌គម្ពីរ​សុភាសិត» ផ្សំ​ឡើង​ដោយ​ដំបូន្មាន ពាក្យ​ប្រៀន‌ប្រដៅ និង​គតិ‌បណ្ឌិត​ផ្សេងៗ ស្ដី​អំពី​ប្រាជ្ញា និង​ដំណើរ​ជីវិត​រស់​នៅ​រៀង​រាល់​ថ្ងៃ សម​ស្រប​តាម​សីលធម៌។ សេចក្ដី​បង្រៀន​ទាំង​នេះ​មាន​ប្រភព​មក​ពី​ព្រះ‌បាទ​សា‌ឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ប្រាជ្ញ​បណ្ឌិត​ជាតិ​អ៊ីស្រា‌អែល និង​ជាតិ​ដទៃ​ជា​ច្រើន​រូប​ទៀត។ គេ​ហៅ​កណ្ឌ​គម្ពីរ​នេះ​ថា «សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន» ព្រោះ​ព្រះ‌បាទ​សា‌ឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​គេ​ចាត់​ទុក​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត​មួយ​រូប​ដ៏​ចំណាន​នៅ​បុរាណ​កាល។ គេ​រាប់​បញ្ចូល​ព្រះ‌គម្ពីរ​សុភាសិត​ក្នុង​ចំណោម​ស្នាដៃ​អក្សរ‌សិល្ប៍​របស់​ប្រជា‌ជាតិ​នានា នៅ​មជ្ឈិម‌បូព៌ា​ប្រទេស ជា​សេចក្ដី​ដែល​ចាស់​ព្រឹទ្ធា‌ចារ្យ​នៅ​ជំនាន់​ដើម ចង​ក្រង​គោល​គំនិត ដែល​បាន​មក​ពី​បទ​ពិសោធ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ សម្រាប់​អប់រំ​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។
ព្រះ‌គម្ពីរ​សុភាសិត​នេះ​ជា​គោល​គំនិត ចង​ក្រង​ឡើង​នៅ​ជំនាន់​ផ្សេងៗ​គ្នា ដែល​យើង​អាច​ចែក​ចេញ​ជា​បី​ផ្នែក៖
• ១. សេចក្ដី​បង្រៀន​អំពី​ប្រាជ្ញា (១.១-៩.១៨) ក្នុង​ផ្នែក​នេះ មាន​បរិយាយ​អំពី​ប្រាជ្ញា ដែល​គេ​ប្រដូច​ទៅ​នឹង​បុគ្គល​មួយ​រូប។ ប្រាជ្ញា​នេះ​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា។
• ២. សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន (១០.១-២៩.២៧) ក្នុង​ផ្នែក​នេះ មាន​ការ​អប់រំ​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ព្រម​ទាំង​មាន​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​មួយ​ចំនួន (២២.១៧-២៤.៣៤)។
• ៣. សុភាសិត​ផ្សេងៗ (៣០-៣១)
ផ្សំ​ឡើង​ដោយ​បួន​ផ្នែក​ខ្លីៗ ដែល​មាន​ខ្លឹម‌សារ​ប្លែកៗ​ពី​គ្នា។ ក្នុង​ផ្នែក​នេះ មាន​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​សាសន៍​ដទៃ រាប់​បញ្ចូល​ជា​មួយ​ពាក្យ​ទូន្មាន​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​សាសន៍​អ៊ីស្រា‌អែល​ដែរ។
«ព្រះ‌គម្ពីរ​សុភាសិត» មិន​សង្កត់​ទៅ​លើ​ប្រវត្តិ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​កណ្ឌ​គម្ពីរ​ឯ​ទៀតៗ​នៃ​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​ទេ។ ផ្ទុយ​ទៅ​វិញ ជា​ពាក្យ​ប្រៀន‌ប្រដៅ និង​ពាក្យ​ដាស់‌តឿន ចំពោះ​បុគ្គល​ម្នាក់ៗ ឲ្យ​ចេះ​រស់​នៅ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ និង​តាម​គន្លង​ធម៌ ដែល​ផ្ដល់​ឲ្យ​មាន​សុភមង្គល។ រីឯ​មនុស្ស​អាក្រក់ មនុស្ស​ល្ងី‌ល្ងើ មនុស្ស​រក​ប្រាក់​បាន​ដោយ​អយុត្តិធម៌…រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។
ព្រះ‌គម្ពីរ​សុភាសិត​បំភ្លឺ​យើង​ឲ្យ​ស្គាល់​គោល​គំនិត​ដ៏​ល្អៗ ដែល​ជា​លទ្ធ‌ផល​នៃ​បទ​ពិសោធ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​អ្នក​អាច​ស្វែង​យល់​អំពី​របៀប​ដែល​អ្នក​ប្រាជ្ញ​បណ្ឌិត​គិត‌គូរ និង​ដោះ​ស្រាយ​ក្នុង​ពេល​ជួប​ប្រទះ​បញ្ហា ឬ​ស្ថាន‌ភាព​អ្វី​មួយ។ ពេល​អាន​កណ្ឌ​គម្ពីរ​នេះ​ចប់ លោក​អ្នក​មុខ​ជា​ឃើញ​ថា នៅ​បច្ចុប្បន្ន​កាល​នេះ យើង​តែងតែ​ប្រឈម​មុខ​ទល់​នឹង​ស្ថាន‌ភាព​ស្រដៀង​គ្នា។ ដូច្នេះ យើង​អាច​យក​គោល​គំនិត​ពី «ព្រះ‌គម្ពីរ​សុភាសិត» ទុក​ជា​ជំហរ សម្រាប់​រក​ដំណោះ‌ស្រាយ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in