សុភាសិត 28
28
1មនុស្សអាក្រក់រត់ក្នុងកាលដែល
គ្មានអ្នកណាដេញតាមសោះ
តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
2កាលណាមានការបះបោរកើតឡើងក្នុងស្រុក
នោះរមែងមានចៅហ្វាយជាច្រើន
តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ
នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
3មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត
នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង
ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
4ពួកអ្នកដែលបោះបង់ចោលបញ្ញត្តិច្បាប់
គេរមែងសរសើរមនុស្សអាក្រក់
តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញ
នោះតែងតែតតាំងនឹងគេ។
5មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ
តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា
គេយល់គ្រប់ទាំងអស់វិញ។
6មនុស្សក្រីក្រដែលប្រព្រឹត្តតាម
ផ្លូវទៀងត្រង់របស់ខ្លួន
នោះវិសេសជាងមនុស្សក្រវិចក្រវៀន
ក្នុងគ្រប់ទាំងផ្លូវរបស់គេ
ទោះបើជាអ្នកមានក៏ដោយ។
7អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់
នោះជាកូនដែលមានប្រាជ្ញា
តែអ្នកណាដែលភប់ប្រសព្វ
នឹងមនុស្សល្មោភស៊ីផឹក
នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
8អ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួន
ដោយយកការ ហើយដោយដាក់បុល
នោះគឺប្រមូលទុកសម្រាប់មនុស្ស
ដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
9អ្នកណាដែលបែរត្រចៀកចេញ
មិនព្រមស្តាប់បញ្ញត្តិច្បាប់
នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ
ក៏ជាទីស្អប់ខ្ពើមដែរ។
10អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់
វង្វេងតាមផ្លូវអាក្រក់
អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅ
ដែលខ្លួនបានជីកវិញ
តែមនុស្សទៀងត្រង់
នឹងគ្រងបានសេចក្ដីល្អជាមត៌ក។
11មនុស្សអ្នកមាន គេតែងប្រកាន់ថា
ខ្លួនមានប្រាជ្ញា
តែមនុស្សក្រដែលមានយោបល់
នឹងស្ទង់មើលឲ្យស្គាល់គេបាន។
12កាលណាមនុស្សសុចរិតមានជ័យជម្នះ
នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង
តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង
នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
13អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន
នោះនឹងមិនចម្រើនឡើងទេ
តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ
នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
14សប្បាយហើយ អ្នកណាដែលមានចិត្ត
កោតខ្លាចជានិច្ច
តែអ្នកណាដែលតាំងចិត្តរឹងទទឹង
នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
15មនុស្សអាក្រក់ដែលគ្រប់គ្រងលើ
ប្រជាជនទាល់ក្រ
នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម
ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
16ចៅហ្វាយណាដែលខ្វះយោបល់
នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង
តែអ្នកណាដែលស្អប់សេចក្ដីលោភ
នោះនឹងបានចម្រើនអាយុយឺនយូរវិញ។
17ឯមនុស្សដែលមានទោស
ជាអ្នកកម្ចាយឈាមគេ
នោះនឹងរត់ចុះទៅក្នុងរណ្តៅ
កុំឲ្យអ្នកណាឃាត់វាឡើយ។
18អ្នកណាដែលដើរដោយទៀងត្រង់
នោះនឹងបានប្រោសឲ្យរួច
តែអ្នកណាដែលកាន់តាមផ្លូវវៀច
នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19អ្នកណាដែលធ្វើស្រែខ្លួន
នោះនឹងបានអាហារជាបរិបូរ
តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត
នោះនឹងបានសេចក្ដីកម្សត់យ៉ាងឆ្អែតវិញ។
20មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ
តែអ្នកណាដែលប្រញាប់ប្រញាល់
ឲ្យបានជាអ្នកមាន
នោះនឹងមិនរួចចាកពីទោសឡើយ។
21ការដែលយោគយល់ខាងមនុស្សណា
នោះមិនល្អទេ ហើយដែលប្រព្រឹត្តរំលងច្បាប់
ឲ្យតែបានអាហារបន្តិចបន្តួច
នោះក៏មិនល្អដូចគ្នា។
22អ្នកណាដែលមានភ្នែកអាក្រក់
នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ
ឥតដឹងឡើយថា
សេចក្ដីខ្វះខាតនឹងតាមខ្លួនទាន់។
23អ្នកណាដែលបន្ទោសដល់មនុស្ស
នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន
ជាជាងអ្នកដែលបញ្ចើច
ដោយអណ្ដាតទៅទៀត។
24អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន
រួចពោលថា «មិនមែនជាបាបទេ»
អ្នកនោះឯងជាសម្លាញ់
នឹងពួកអ្នកបំផ្លាញហើយ។
25អ្នកណាដែលមានចិត្តធំ
នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា
ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ
នោះទើបនឹងបានថ្កុំថ្កើងឡើង។
26អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង
នោះជាអ្នកល្ងីល្ងើហើយ
តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ
នោះនឹងបានប្រោសឲ្យរួច។
27អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ
អ្នកនោះនឹងមិនខ្វះខាតឡើយ
តែអ្នកណាដែលគេចភ្នែកចេញ
នោះនឹងត្រូវពាក្យប្រទេចផ្ដាសាជាច្រើន។
28បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង
នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់
តែកាលណាពួកនោះវិនាសបាត់ទៅវិញ
នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
Currently Selected:
សុភាសិត 28: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies