អូបាឌា 1
1
អំនួតរបស់អេដុមនឹងត្រូវបំបាក់
1នេះជានិមិត្តរបស់ហោរាអូបាឌា។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល
ពីដំណើរសាសន៍អេដុមដូច្នេះថា៖
ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា
ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់
ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា
ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
2មើល៍ យើងនឹងធ្វើឲ្យអ្នកក្លាយជានគរមួយតូចជាងគេ
ក្នុងចំណោមនគរទាំងប៉ុន្មាន
គេនឹងមើលងាយអ្នកយ៉ាងខ្លាំង។
3ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ
អ្នករស់នៅតាមក្រហែងថ្ម
ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ
អ្នកគិតក្នុងចិត្តថា
"តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?"
4ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី
ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ
ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ការតបស្នងនឹងភាពសាហាវព្រៃផ្សៃរបស់អេដុម ដោយអំពើចោរកម្ម និងការសម្លាប់រង្គាល
5បើមានពួកចោរមកលួចអ្នក
បើពួកចោរប្លន់ចូលមកនៅពេលយប់
ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ!
តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ?
ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក
តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ?
6អេសាវត្រូវគេគាស់កកាយយ៉ាងណាហ្ន៎
កំណប់ទ្រព្យរបស់អ្នកត្រូវបានគេឆែកឆេរកហើយ!
7អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក
គេបានបណ្តេញអ្នករហូតដល់ព្រំដែន
មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក
បានឈ្នះអ្នក
អស់អ្នកដែលបរិភោគ អាហាររបស់អ្នក
បានដាក់អន្ទាក់ចាប់អ្នក
អ្នកគ្មានការយល់ដឹងអ្វីឡើយ។
8នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា
"យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម
ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។
9ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ
របស់អ្នកនឹងត្រូវស្រយុតចិត្ត
ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ
ដោយសម្លាប់រង្គាល។
អេដុមបានធ្វើបាបប្អូនរបស់ខ្លួន
10សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក
ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត
ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត
ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11នៅថ្ងៃដែលអ្នកបានឈរមើល
នៅថ្ងៃដែលពួកប្រទេសក្រៅបានចាប់យក
ទ្រព្យសម្បត្តិរបស់គេទៅ
ហើយពួកសាសន៍ដទៃចូលទៅក្នុងទ្វារក្រុងរបស់គេ
រួចចាប់ឆ្នោតយកក្រុងយេរូសាឡិម
នោះអ្នកក៏ដូចជាពួកគេណាមួយដែរ។
12ប៉ុន្តែ អ្នកមិនគួរឈរមើលប្អូនរបស់អ្នក ទាំងត្រេកអរ
នៅថ្ងៃដែលគេជួបទុក្ខវេទនាឡើយ
ក៏មិនគួរមានចិត្តរីករាយនឹងប្រជាជនយូដា
នៅថ្ងៃដែលគេត្រូវបំផ្លាញនោះដែរ
អ្នកមិនគួរអួតខ្លួននៅថ្ងៃដែលគេមានទុក្ខលំបាកឡើយ។
13នៅថ្ងៃដែលប្រជារាស្ត្ររបស់យើងជួបមហន្តរាយ
អ្នកមិនគួរចូលទៅក្នុងទ្វារក្រុងរបស់គេទេ។
នៅថ្ងៃដែលយូដាជួបមហន្តរាយ
អ្នកមិនគួរនាំគ្នាឈរមើលទាំងត្រេកអរ
នឹងគេរងទុក្ខឡើយ។
នៅថ្ងៃដែលគេជួបមហន្តរាយ
អ្នកមិនគួរឆ្លៀតលួចយកព្រទ្យសម្បត្តិ
របស់គេដូច្នេះសោះ។
14អ្នកមិនគួរឈរស្កាត់នៅត្រង់ផ្លូវបំបែក
ដើម្បីសម្លាប់អ្នកដែលរត់គេចខ្លួន
ក៏មិនគួរប្រគល់អ្នកដែលនៅមានជីវិតរស់
ក្នុងថ្ងៃទុក្ខលំបាកឡើយ។
15ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ
ទាស់នឹងអស់ទាំងសាសន៍
អ្នកបានប្រព្រឹត្តយ៉ាងណា
ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ
អំពើដែលអ្នកបានប្រព្រឹត្ត
នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។
16ដ្បិតដែលអ្នកបានផឹកនៅលើភ្នំបរិសុទ្ធរបស់យើងជាយ៉ាងណា
អស់ទាំងសាសន៍នៅជុំវិញអ្នកក៏នឹងផឹកយ៉ាងនោះដែរ
គេនឹងផឹក ហើយគេនឹងលេបចូលទៅ
រួចគេនឹងបានដូចជាសាសន៍ដែលមិនធ្លាប់មាន។
ជ័យជម្នះចុងក្រោយរបស់អ៊ីស្រាអែល
17ប៉ុន្តែ នៅលើភ្នំស៊ីយ៉ូននឹងមានអស់អ្នកដែលរួចជីវិត
ហើយភ្នំនោះនឹងបានបរិសុទ្ធ
ឯពូជពង្សយ៉ាកុបនឹងបានកេរអាកររបស់ខ្លួនវិញ។
18ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង
ឯពូជពង្សយ៉ូសែបជាអណ្ដាតភ្លើង
ចំណែកពូជពង្សអេសាវនឹងបានដូចជាជញ្ជ្រាំង
ហើយភ្លើងនោះនឹងឆាបឆេះគេ
រួចបន្សុសគេអស់ទៅ
គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលហើយ។
19អស់អ្នកនៅតំបន់ណេកិបនឹងកាន់កាប់ភ្នំរបស់អេសាវ
ឯអស់អ្នកនៅស្រុកទំនាប
នឹងកាន់កាប់ស្រុករបស់ពួកភីលីស្ទីន
គេនឹងកាន់កាប់ស្រុកវាលរបស់អេប្រាអិម
និងស្រុករបស់សាម៉ារី
ហើយបេនយ៉ាមីននឹងកាន់កាប់ស្រុកកាឡាត។
20ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ
នឹងកាន់កាប់ស្រុករបស់ពួកកាណាន
រហូតដល់ក្រុងសារិបតា
ហើយពួកក្រុងយេរូសាឡិម
ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ
នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។
21អស់អ្នកដែលបានសង្គ្រោះនឹងឡើងមកភ្នំស៊ីយ៉ូន
ដើម្បីគ្រប់គ្រងភ្នំរបស់អេសាវ
ហើយរាជ្យនោះនឹងបានជារបស់ព្រះយេហូវ៉ា។:៚
Currently Selected:
អូបាឌា 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies