YouVersion Logo
Search Icon

ជន‌គណនា 8

8
ចង្កៀង​ទាំង​ប្រាំពីរ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​អើរ៉ុន​ថា ពេល​អ្នក​ដាក់​ចង្កៀង ត្រូវ​ឲ្យ​ចង្កៀង​ទាំង​ប្រាំពីរ​ភ្លឺ​នៅ​មុខ​ជើង​ចង្កៀង»។ 3អើរ៉ុន​ក៏​បាន​ធ្វើ​ដូច្នោះ គឺ​លោក​ដាក់​ចង្កៀង​ឲ្យ​ភ្លឺ​នៅ​មុខ​ជើង​ចង្កៀង ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។ 4ឯ​របៀប​ធ្វើ​ជើង​ចង្កៀង​នោះ គឺ​ធ្វើ​ពី​មាស មាន​រចនា​ក្បាច់ ចាប់​ពី​គល់​រហូត​ដល់​ផ្កា​សុទ្ធ​តែ​ជា​វិចិត្រ​ដោយ​ក្បាច់​ទាំង​អស់ តាម​គំរូ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​មក​លោក​ម៉ូសេ លោក​ក៏​បាន​ធ្វើ​ជើង​ចង្កៀង​យ៉ាង​ដូច្នោះ ។
ពិធី​ញែក​ចេញ​ជា​បរិសុទ្ធ និង​ការងារ​របស់​ពួក​លេវី
5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 6«ចូរ​យក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ធ្វើ​ពិធី​ជម្រះ​គេ​ឲ្យ​បាន​ស្អាត។ 7អ្នក​ត្រូវ​ធ្វើ​ពិធី​សម្អាត​គេ​យ៉ាង​ដូច្នេះ គឺ​ត្រូវ​ប្រោះ​ទឹក​សម្អាត​ពួកគេ​ឲ្យ​បាន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​កាំបិត​កោរ​រោម​នៅ​លើ​ខ្លួន​របស់​គេ​ទាំង​មូល ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​ផង។ 8បន្ទាប់​មក ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​តង្វាយ​ម្សៅ គឺ​ម្សៅ​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ទៀត សម្រាប់​ជា​តង្វាយ​លោះ​បាប។ 9អ្នក​ត្រូវ​នាំ​ពួក​លេវី​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ផ្ដុំ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ 10ពេល​អ្នក​នាំ​ពួក​លេវី​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ប្រជាជន​អ៊ីស្រា‌អែល​ត្រូវ​ដាក់​ដៃ​លើ​គេ 11ហើយ​អើរ៉ុន​ត្រូវ​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 12ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​ពីរ ហើយ ត្រូវថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​រំដោះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។ 13បន្ទាប់​មក អ្នក​ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​លោក ហើយ​អ្នក​ត្រូវ​ថ្វាយ​គេ​ទុក​ជា​តង្វាយ​គ្រវី​ដល់​ព្រះ‌យេហូវ៉ា។ 14អ្នក​ត្រូវ​ញែក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។ 15ក្រោយ​នោះ​មក ពួក​លេវី​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្រោយ​ពី​អ្នក​បាន​សម្អាត​គេ ហើយ​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​រួច​ហើយ។ 16ដ្បិត​យើង​បាន​ញែក​គេ​ទាំង​ស្រុង​ជា​របស់​យើង ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ យើង​បាន​ទទួល​គេ​ជា​របស់​យើង ជា​ស្នង​អស់​ទាំង​កូន​ច្បង​ដែល​កើត​ពី​ពោះ​ម្តាយ គឺ​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល។ 17ដ្បិត​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល ជា​ចំណែក​របស់​យើង គឺ​ទាំង​មនុស្ស​ទាំង​សត្វ។ នៅ​ថ្ងៃ​ដែល​យើង​បាន​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​គេ​ជា​បរិសុទ្ធ ទុក​សម្រាប់​យើង 18ប៉ុន្តែ យើង​បាន​យក​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។ 19ម្យ៉ាង​ទៀត យើង​បាន​យក​ពួក​លេវី ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​គាត់ ដើម្បី​បម្រើ​ការងារ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ធ្វើ​ពិធី​រំដោះ​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​បាប ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​កាច​ណា ព្រោះ​តែ​គេ​ចូល​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ»។
20លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​បាន​ធ្វើ​ចំពោះ​ពួក​លេវី ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​ប្រជាជន​អ៊ីស្រា‌អែល​បាន​ធ្វើ​ដូច្នោះ​ចំពោះ​ពួក​លេវី។ 21ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ពី​បាប ហើយ​បាន​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ រួច​លោក​អើរ៉ុន​ក៏​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្អាត។ 22ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ស្ដី​អំពី​ពួកលេវី គឺ​គេ​បាន​ធ្វើ​ដូច្នោះ​ចំពោះ​គេ។
23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ 24«នេះ​ជា​មុខងារ​របស់​ពួក​លេវី គឺ​ចាប់​ពី​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ​ឡើង​ទៅ គេ​ត្រូវ​ចាប់​ផ្ដើម​បំពេញ​មុខងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ 25ហើយ​ចាប់​ពី​អាយុ​ហាសិប​ឆ្នាំ​ទៅ គេ​ត្រូវ​ឈប់​ពី​ការងារ​បម្រើ ហើយ​មិន​ត្រូវ​ប​ម្រើ​ទៀត​ឡើយ។ 26គេ​អាច​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​គេ តែ​មិន​ត្រូវ​ធ្វើ​ការ‌ងារ​ទេ។ អ្នក​ត្រូវ​តម្រូវ​ការ‌ងារ​ដល់​ពួក​លេវី​យ៉ាង​នេះ​ឯង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in