YouVersion Logo
Search Icon

ជន‌គណនា 6

6
វិន័យ​សម្រាប់​ពួក​ណា​សារីត
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ប​ន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​បុរស ឬ​ស្រី្ដ​ណា​ធ្វើ​ការ​ស្បថ​ញែក​ខ្លួន​ជា​ពិសេស​ណា​មួយ គឺ​ការ​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត ដើម្បី​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា 3អ្នក​នោះ​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិ‌ភោគ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​ផ្សេង​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិ‌ភោគ​ផ្លែ​ទំពាំង‌បាយ​ជូរ​ឡើយ ទោះ​ស្រស់ ឬ​ក្រៀម​ក្ដី។ 4ក្នុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​ក៏​មិន​ត្រូវ​បរិ‌ភោគ​ដែរ។ 5ក្នុង​ពេល​ដែល​គេ​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណា​សារ៉ែត មិន​ត្រូវ​ឲ្យ​មាន​កាំបិត​មក​ប៉ះ​ក្បាល​ឡើយ គឺ​ត្រូវ​ឲ្យ​បាន​បរិសុទ្ធ រហូត​ដល់​ផុត​កំណត់​ដែល​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គេ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង។ 6ក្នុង​ពេល​ដែល​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​មិន​ត្រូវ​ទៅ​ជិត​សាក​សព​ឡើយ។ 7សូម្បី​តែ​មាន​ឪពុក​ម្តាយ ឬ​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន​ស្លាប់ ក៏​គេ​មិន​ត្រូវ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ ព្រោះ​ការ​ញែក​ខ្លួន​របស់​គេ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ គឺ​ស្ថិត​នៅ​លើ​សក់​របស់​គេ។ 8ក្នុង​ពេល​ដែល​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 9ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​សៅ​ហ្មង​ដល់​សក់​ដែល​បាន​ញែក​ជាបរិសុទ្ធ នោះ​គេ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ 10នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ឲ្យ​សង្ឃ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ 11សង្ឃ​ត្រូវ​ថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​ទៀត​ជា​តង្វាយ​ដុត ដើម្បី​ធ្វើ​ពិធី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​គេ​មាន​កំហុស​ដោយ​សារ​តែ​សាក​សព។ គេ​ត្រូវ​ញែក​សក់​របស់​ខ្លួន​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង 12ត្រូវ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​សា​ជា​ថ្មី ហើយ​ត្រូវ​យក​កូន​ចៀម​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លើក​លែង​ទោស ដ្បិត​ពេល​មុន​ត្រូវ​ទុក​ជា​អាសា​បង់ ព្រោះ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ​បាន​សៅ‌ហ្មង​ហើយ។
13នេះ​ជា​វិន័យ​របស់​អ្នក​ណា‌សារីត ក្នុង​វេលា​ដែល​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ​នោះ​ផុត​កំណត់ គេ​ត្រូវ​នាំ​អ្នក​នោះ​មក​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ 14ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត និង​កូន​ចៀម​ញី​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​តង្វាយ​មេត្រី 15ហើយ​យក​កញ្ច្រែង​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ជា‌មួយ​ប្រេង នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​មក​ជា‌មួយ​ផង។ 16សង្ឃ​ត្រូវ​យក​តង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ 17ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ហើយ​សង្ឃ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​អម​ជា‌មួយ​ដែរ។ 18ពេល​នោះ អ្នក​ណា‌សារីត​ត្រូវ​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​កោរ​ចេញ​ពី​ការ​ញែក​ជា​បរិសុទ្ធ​នោះ ទៅ​ដាក់​ក្នុង​ភ្លើង​ដែល​ឆេះ នៅ​ក្រោម​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី។ 19សង្ឃ​ត្រូវ​យក​ស្មា​ចៀម​ដែល​ស្ងោរ​ឆ្អិន​ហើយ និង​នំ​ឥត​ដំបែ​មួយ​ពី​ក្នុង​កញ្រ្ចែង ព្រម​ទាំង​នំ​ក្រៀប​ឥត​ដំបែ​មួយ មក​ដាក់​ក្នុង​ដៃ​របស់​អ្នក​ណា‌សារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ចេញ​ហើយ។ 20បន្ទាប់​មក សង្ឃ​ត្រូវ​គ្រវី​តង្វាយ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ តង្វាយ​ទាំង​នេះ​ជា​ចំណែក​មួយ​ដ៏​បរិសុទ្ធ​សម្រាប់​សង្ឃ រួម​ទាំង​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​នោះ​ផង។ បន្ទាប់​មក ទើប​អ្នក​ណាសារីត​នោះ​អាច​បរិ‌ភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។
21នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។
ពាក្យ​ជូន​ពរ​របស់​សង្ឃ
22ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 23«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​របស់​គាត់​ថា នេះ​ជា​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ អ្នក​ត្រូវ​ពោល​ទៅ​កាន់​គេ​ថា 24"សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក 25សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​អ្នក និង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក 26សូម​ព្រះ‌យេហូវ៉ា​ងើប​ព្រះ​នេត្រ​មក​លើ​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត"។ 27គេ​ត្រូវ​ប្រកាស​ឈ្មោះ​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​យើង​នឹង​ឲ្យ​ពរ​គេ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in