YouVersion Logo
Search Icon

នេហេមា 2

2
លោក​នេហេមា​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​យេរូ‌សាឡិម
1នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។ 2ដូច្នេះ ស្ដេច​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ដូច្នេះ? នេះ​គ្មាន​អ្វី​ក្រៅ​ពី​មាន​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ឡើយ»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ណាស់។ 3ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?» 4ពេល​នោះ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី?» ដូច្នេះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ 5រួច​ខ្ញុំ​ទូលទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​ទូល‌បង្គំ នោះ​សូម​ព្រះ​ករុណា​ចាត់​ទូល‌បង្គំឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ទី​ក្រុង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ផង»។ 6ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ ទាំង​មាន​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ផង​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ហើយ​ពេល​ណា​ទើប​លោក​ត្រឡប់​មក​វិញ?» ដូច្នេះ កាល​ខ្ញុំ​បាន​កំណត់​ពេល​ថ្វាយ​ស្ដេច​រួច​ហើយ ស្ដេច​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចាត់​ខ្ញុំ​ឲ្យ​ទៅ។ 7មួយ​ទៀត ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា 8និង​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​អេសាភ ជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​លោក​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ។
9បន្ទាប់​មក ខ្ញុំ​បាន​ទៅ​ជួបអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​ជូន​រាជ‌សាររបស់​ស្ដេច​ដល់​ពួក​លោក។ គ្រា​នោះ ស្ដេច​បាន​ចាត់​ពួក​មេ‌ទ័ព និង​ពល​សេះ ឲ្យ​ទៅ​ជា​មួយ​ខ្ញុំ​ដែរ។ 10ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮ​ដំណឹង​នេះ ពួកគេ​មិន​សប្បាយ​ចិត្តសោះ ព្រោះ​មាន​មនុស្ស​ម្នាក់​មករក​ផល​ប្រយោជន៍​ឲ្យ​ពួក​កូនចៅ​អ៊ីស្រា‌អែល។
លោក​នេហេមា​ពិនិត្យ​មើល​កំផែង​ក្រុង
11ដូច្នេះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នោះ​រយៈ​ពេល​បី​ថ្ងៃ។ 12បន្ទាប់​មក ខ្ញុំ​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​មាន​អ្នក​ខ្លះ​នៅ​ជា​មួយ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះ​នៃ​ខ្ញុំ បាន​ដាក់​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡិម​ឡើយ។ គ្មាន​សត្វ​ណា​នៅ​ជា​មួយ​ខ្ញុំឡើយ មាន​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ។ 13ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​អណ្តូង​នាគ និង​ទ្វារ​សំរាម រួច​ខ្ញុំ​បាន​ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម​ដែល​បាក់​បែក និង​ទ្វារ​ក្រុង​ដែលត្រូវភ្លើង​ឆេះ។ 14បន្ទាប់​មក ខ្ញុំ​បន្ត​ដំណើរ​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក និង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ឡើយ។ 15ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទាំង​យប់ ហើយ​ពិនិត្យ​មើល​កំផែង រួច​ខ្ញុំ​ត្រឡប់​ក្រោយ ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ ហើយ​ក៏​វិល​មក​វិញ។ 16ឯ​ពួក​អ្នក​គ្រប់​គ្រង​ទី​ក្រុងពុំ​បាន​ដឹង​ថា​ខ្ញុំ​ទៅ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​មិន​បាន​ប្រាប់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង ឬ​ពួក​អ្នក​ឯ​ទៀត ដែល​ត្រូវ​បំពេញ​កិច្ច​ការ​នោះ​ឡើយ។
ការ​សម្រេច​ចិត្ត​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ
17បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​ពួក‌គេ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អា‌ក្រក់​របស់​ពួក​យើង​ស្រាប់ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែបែក​បាក់ ហើយ​ទ្វារ​ក្រុង​ត្រូវ​ភ្លើង​ឆេះ​អស់។ ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះ‌ដៀល​យើង​ទៀត»។ 18រួច​ខ្ញុំ​រៀប​រាប់​ប្រាប់​គេ​ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ និង​ពី​ពាក្យ​ដែល​ស្តេច​មាន​រាជ​ឱង្ការ​មក​កាន់​ខ្ញុំ។ ដូច្នេះ ពួក‌គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើងក្រោក​ឡើង ហើយ​នាំ​គ្នា​សង់»។ ដូច្នេះ គេ​ក៏​ចម្រើន​កម្លាំង​គ្នាសម្រាប់​កិច្ច​ការ​ដ៏​ប្រពៃ​នោះ។ 19ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ គេ​នាំ​គ្នា​សើច​ចំអក ហើយ​មើល​ងាយ​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​ស្អី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ឬ?» 20ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​ជួយ​ពួក​យើង​ឲ្យចម្រុង​ចម្រើន ហើយ​ពួក​យើង​ជា​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់ តែ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​គុណ​បំណាច់​អ្វី​នៅ​ក្រុង​យេរូ‌សាឡិម​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in