YouVersion Logo
Search Icon

ម៉ាកុស 7

7
ទំនៀម​ទម្លាប់​របស់​ពួក​ចាស់​បុរាណ
(ម៉ាថាយ ១៥.១-៩)
1ក្រោយ​មក មាន​ពួក​ផារិ‌ស៊ី និង​អាចារ្យ​ខ្លះ​ដែល​មក​ពី​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​មក​រក​ព្រះ‌អង្គ។ 2គេ​ឃើញ​សិស្ស​របស់​ព្រះ‌អង្គ​ខ្លះ​បរិ‌ភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ដៃ 3ដ្បិត​ពួក​ផារិ‌ស៊ី និង​ពួក​យូដា​ទាំង​អស់ គេ​មិន​បរិ‌ភោគ​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​ដៃ​យ៉ាង​ហ្មត់​ចត់​ជា​មុន ដោយ​ព្រោះ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។ 4ពេល​មក​ពី​ផ្សារ គេ​មិន​បរិ‌ភោគ​អ្វី​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​សម្អាត​ខ្លួន​ជា​មុន ហើយ​ក៏​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ដែល​គេ​កាន់​តាម ដូច​ជា​ការ​លាង​ពែង លាង​ប៉ាន់ លាង​ប្រដាប់​លង្ហិន និង​លាង​តុ​អាហារ​ជា​ដើម។ 5ដូច្នេះ ពួក​ផារិ‌ស៊ី និង​ពួក​អាចារ្យ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ គឺ​បរិ‌ភោគ​ទាំង​ដៃ​មិន​ស្អាត​ដូច្នេះ?» 6ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា
"ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់
ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង។
7គេ​ថ្វាយ​បង្គំ​យើង​ជា​ឥត​ប្រយោជន៍
ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត​របស់​មនុស្ស "
8អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ ហើយ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ [ដូច​ជា​ការ​លាង​ប៉ាន់ លាង​ពែង និង​ការ​បែប​នោះ​ដទៃ​ទៀត​ជា​ច្រើន]»។
9ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​នឹង​កាន់​តាម​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ! 10ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា "ចូរ​គោរព​ប្រតិបត្តិ​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ " 11តែ​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា "អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​រាប់​ជា​គ័រ‌ប៉ាន់​ហើយ" (មាន​ន័យ​ថា តង្វាយ​ថ្វាយ​ដល់​ព្រះ) 12រួច​អ្នក​រាល់​គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក‌ម្តាយ​ទៀត​សោះ 13ក៏​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​ធ្វើ​ការ​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ការ​ដូច្នេះ»។
14បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តាជន​មក​ម្ដង​ទៀត ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ ហើយ​ឲ្យ​យល់​ចុះ 15គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ គឺ​អ្វីៗ​ដែល​ចេញ​ពី​មនុស្ស​មក​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ 16អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។
17កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​បណ្ដា​ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ 18ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ដូច្នេះអ្នក​រាល់​គ្នា​ក៏​មិន​យល់​ដែរ​ឬ? អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មិន​បរិសុទ្ធ​នោះ​ឡើយ 19ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់​ទេ​តើ!» (ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ បញ្ជាក់​ថា អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត)។ 20ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វី​ដែល​ចេញ​ពី​មនុស្ស​មក​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ 21ដ្បិត​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស ចេញ​មក​ជា​គំនិត​អាក្រក់ សហាយ​ស្មន់ លួច​ប្លន់ សម្លាប់​មនុស្ស 22ផិត​ក្បត់ លោភ​លន់ ចិត្ត​អាក្រក់ បោក​ប្រាស់ អាស‌អាភាស ច្រណែន​ឈ្នានីស ជេរ​ប្រមាថ អំនួត និង​ឆ្កួត​លេលា។ 23សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ​ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។
ជំនឿ​របស់​ស្ដ្រី​សាសន៍​ដទៃ​ម្នាក់
24ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន 25ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។ 26ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង 27តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។ 28នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ 29ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ 30នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។
ព្រះ‌យេស៊ូវ​ប្រោស​បុរស​គ​ថ្លង់​ម្នាក់​ឲ្យ​ជា
31បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​ពី​តំបន់​ក្រុង​ទីរ៉ុស យាង​កាត់​ក្រុង​ស៊ីដូន ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កាលី‌ឡេ ក្នុង​តំបន់​ស្រុក​ដេ​កា​ប៉ូល។ 32គេ​នាំ​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ជួប​ព្រះ‌អង្គ ហើយ​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​គាត់។ 33ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក ដាច់​ពី​បណ្តាជន ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់។ 34បន្ទាប់​មក ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រ​ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អិបផាថា» មាន​ន័យ​ថា «ចូរ​បើក​ឡើង»។ 35រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង អណ្តាត​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់។ 36ពេល​នោះ ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​ហាម​គេ​ខ្លាំង​យ៉ាង​ណា គេ​រឹត​តែ​ប្រកាស​ពី​ហេតុ‌ការណ៍​នោះ​កាន់​តែ​ខ្លាំង​យ៉ាង​នោះ​ដែរ។ 37គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in