YouVersion Logo
Search Icon

ម៉ាកុស 15

15
ព្រះ‌យេស៊ូវ​នៅ​មុខ​លោក​ពីឡាត់
(ម៉ាថាយ ២៧.១-២, ១១-១៤ លូកា ២៣.១-៥ យ៉ូហាន ១៨.២៨-៣៨)
1លុះ​ព្រឹក​ឡើង​ភ្លាម ពួក​សង្គ្រាជ​បាន​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ ពួក​អាចារ្យ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល។ គេ​ចង​ព្រះ‌យេស៊ូវ ហើយ​នាំ​ព្រះ‌អង្គ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់។ 2លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ 3ពេល​នោះ ពួក​សង្គ្រាជ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 4លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ម្តង​ទៀត​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? មើល​ចុះ គេ​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​អ្នក»។ 5តែ​ព្រះ‌យេស៊ូវ​ពុំ​បាន​ឆ្លើយ​អ្វី​ទៀត​ឡើយ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង។
លោក​ពីឡាត់​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​ឆ្កាង
(ម៉ាថាយ ២៧.១៥-២៦ លូកា ២៣.១៣-២៥ យ៉ូហាន ១៨.៣៩-១៩.១៦)
6រាល់​ពេល​បុណ្យ លោក​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួក​គេ តាម​ដែល​គេ​សុំ។ 7មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​ពួក​បះ‌បោរ គាត់​បាន​សម្លាប់​គេ​ក្នុង​ពេល​បះបោរ​នោះ។ 8បណ្ដាជន​ចាប់​ផ្ដើម​ឡើង​មក​សុំ​លោក​ពីឡាត់ ដើម្បី​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​បាន​ធ្វើ​ដល់​ពួក​គេ។ 9លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​អ្នក​រាល់​គ្នា​ឬ?» 10ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ 11ប៉ុន្តែ ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​បណ្ដាជន សុំ​ឲ្យ​លោក​ដោះ​លែង​បារ៉ា‌បាស​វិញ។ 12លោក​ពីឡាត់​សួរ​គេ​ម្តង​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ?» 13គេ​ស្រែក​ឡើង​ទៀត​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» 14លោក​ពីឡាត់​សួរ​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» 15ដូច្នេះ ដោយ​លោក​ពីឡាត់​ចង់​បំពេញ​ចិត្ត​បណ្ដាជន ក៏​ដោះ​លែង​បារ៉ា‌បាស​ឲ្យ​ពួក​គេ។ កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​រួច​ហើយ លោក​ក៏​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។
ពួក​ទាហាន​ប្រមាថ​មើល​ងាយ​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៧.២៧-៣១ យ៉ូហាន ១៩.២-៣)
16ពួក​ទាហាន​បណ្ដើរ​ព្រះ‌អង្គ​ចូល​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ដែល​ជា​កន្លែង​កាត់​ក្តី រួច​គេ​ហៅ​ទ័ព​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ 17គេ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ ហើយ​គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​បំពាក់​លើ​ព្រះសិរ​ព្រះ‌អង្គ 18រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!» 19គេ​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌អង្គ។ 20ក្រោយ​ពី​បាន​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ហើយ គេ​ក៏​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ បំពាក់​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​វិញ ហើយ​បណ្ដើរ​ព្រះ‌អង្គ​យក​ទៅ​ឆ្កាង។
គេ​ឆ្កាង​ព្រះ‌យេស៊ូវ
(មថ. ២៧.៣២-៤៤ លក. ២៣.២៦-៤៣ យហ. ១៩.១៧-២៧)
21ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន អ្នក​ស្រុក​គីរេន ជា​ឪពុក​អ័លេ‌ក្សានត្រុស និង​រូភូស ដែល​ត្រឡប់​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ គេ​ចាប់​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ 22គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។ 23គេ​យក​ស្រា​ទំពាំង​បាយ​ជូរ លាយ​ជា​មួយ​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ព្រះ‌អង្គ​មិន​បាន​សោយ​ទេ។ 24គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អ្វី។
25គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក។ 26គេ​សរសេរ​ប្រកាស​កាត់​ទោស​ព្រះ‌អង្គ​ថា «ស្តេច​សាសន៍​យូដា»។ 27គេ​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ ម្នាក់​នៅ​ខាង​ស្តាំ ម្នាក់​នៅ​ខាង​ឆ្វេង។ 28[ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។] 29ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! 30ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។ 31ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គាត់​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ 32សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។
ព្រះ‌យេស៊ូវ​ចូល​ទិវង្គត
(មថ. ២៧.៤៥-៥៦ លក. ២៣.៤៤-៤៩ យហ. ១៩.២៨-៣០)
33នៅ​ពេល​ថ្ងៃ​ត្រង់ មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល រហូត​ដល់​ម៉ោង​បី​រសៀល។ 34នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? » 35ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ពាក្យ​នេះ គេ​ពោល​ថា៖ «ស្តាប់​មើល៍! គាត់​ហៅ​រក​លោក​អេលី‌យ៉ា​ហើយ!»។ 36មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​ពោល​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ តើ​លោក​អេលី‌យ៉ា​ចុះ​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?» 37ព្រះ‌យេស៊ូវ​ក៏​ស្រែក​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។ 38ពេល​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ 39កាល​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​ព្រះ‌អង្គ ឃើញ​ព្រះ‌អង្គ[​ស្រែក​ឡើង] ហើយ​ផុត​ដង្ហើម​ទៅ​ដូច្នេះ ក៏​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន!»
40មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។ 41ស្ត្រី​ទាំង​នោះ​ធ្លាប់​តាម​បម្រើ​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​គង់​នៅ​ស្រុក​កា​លីឡេ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះ‌អង្គ។
ការ​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ
(មថ. ២៧.៥៧-៦១ លក. ២៣.៥០-៥៦ យហ. ១៩.៣៨-៤២)
42លុះ​ដល់​ល្ងាច ដោយ​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ 43លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ជា​សមាជិក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ក៏​ជា​អ្នក​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ដែរ លោក​ទៅ​ជួប​លោក​ពីឡាត់​ដោយ​ក្លា​ហាន ដើម្បី​សុំ​ព្រះ​សព​ព្រះ‌យេស៊ូវ។ 44លោក​ពីឡាត់​នឹក​ឆ្ងល់ ដោយ​ឮ​ថា​ព្រះ‌អង្គ​សុគត​ផុត​ទៅ​ហើយ លោក​ក៏​ហៅ​មេ​ទ័ព​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុគត​មែន ឬ​មិន​មែន។ 45ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។ 46លោក​ទិញ​សំពត់​ទេស‌ឯក យក​ព្រះ‌សព​ព្រះ‌អង្គ​ចុះ រុំ​នឹង​សំពត់​ទេស​ឯក​នោះ បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​មួយ​ផ្ទាំង បិទ​មាត់​ផ្នូរ។ 47នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា ជា​ម្តាយ​យ៉ូសេ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in