YouVersion Logo
Search Icon

មីកា 7

7
ការ​ប្រមូលមនុស្ស​ទាំង​អស់
1វរ​ហើយ​ខ្ញុំ
ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ
បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ
គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ
ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។
2មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ
គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ
គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម
គ្រប់​គ្នា​ប្រដេញ​បង‌ប្អូន​ខ្លួន​ដោយ​មង
3ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់
ពួក​មេ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក
ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន
គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​បង្វែរ​យុត្តិធម៌ ។
4មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា
ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ
ប្រៀប​ដូច​ជា​របង​បន្លា។
ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស
បាន​មក​ដល់​ហើយ
ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។
5កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់
ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ
ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក
ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក
6ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក
ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ
ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក
ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា
នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។
7ឯ​ចំណែក​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ
ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​ស្តាប់​ខ្ញុំ។
ទណ្ឌកម្ម និង​ការ​ទុកចិត្ត​ព្រះ
8ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ
កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ
កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត
នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ
9ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា
ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ
គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ
ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ
នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ
រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
10គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ
ហើយ​សេចក្ដី​អាម៉ាស​នឹង​គ្រប​លើ​នាង
ដែល​ពោល​មក​ខ្ញុំ​ថា
"តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ណា?"
ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញការ​ធ្លាក់​ចុះ របស់​នាង
នាង​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​គេ​ជាន់​ភក់​នៅ​តាម​ផ្លូវ។
ទំនាយ​ពី​ការស្ដា​ឡើង​វិញ
11នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង
ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ
12នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ
នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ
ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ
និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង
ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត
13ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ
គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប
ដោយ​ព្រោះ​ផល​នៃ​កិរិយា
របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។
14សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ
គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ
ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល
សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន
និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។
15យើង​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ
ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
16អស់​ទាំង​សាសន៍​នឹង​ឃើញ
ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ
ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់
ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ
17គេ​នឹង​លិឍ​ធូលី​ដី​ដូច​ជា​ពស់
គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ
គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ
គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
ដោយ​កោត​ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។
សេចក្ដីមេត្តា​ករុណា​របស់ព្រះ និង​សេចក្ដី​ស្រឡាញ់​ឥត​ប្រែ​ប្រួល
18តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ
ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត
ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ
ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ
ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ
19ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ
ដល់​យើង​រាល់​គ្នា​ទៀត
ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង
នៅ​ក្រោម​ព្រះ‌បាទ
ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង
ទៅ​ក្នុង​សមុទ្រ​ជ្រៅ
20ព្រះ‌អង្គ​នឹង​សម្រេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប
និង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ
ដូច​ជា​ព្រះ‌អង្គ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា
ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in