YouVersion Logo
Search Icon

ម៉ាថាយ 21

21
ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម
(មក. ១១.១-១១ លក. ១៩.២៨-៤០ យហ. ១២.១២-១៩)
1ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ 2ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។ 3ប្រសិន‌បើ​មាន​អ្នក​ណា​សួរ​អ្វី​ដល់​អ្នក ចូរ​ប្រាប់​គេ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា" ហើយ​គេ​នឹង​ឲ្យ​វា​មក​ភ្លាម»។ 4ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖
5«ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា
មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ
ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា
និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។
6សិស្ស​ទាំង​ពីរ​ក៏​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់។ 7គេ​បាន​នាំ​មេ​លា និង​កូន​វា​មក ហើយ​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​មេ​លា និង​កូន​វា រួច​ព្រះ‌អង្គ​ក៏​គង់​លើ​វា។ 8បណ្ដា‌ជន​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​ខ្លួន​តាម​ផ្លូវ ខ្លះ​ទៀត​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ។ 9មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» 10ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?» 11មហា‌ជន​ឆ្លើយ​ថា៖ «លោក​នេះ​ជា​ហោរា​យេស៊ូវ មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ»។
ព្រះ‌យេស៊ូវ​សម្អាត​ព្រះ‌វិហារ
(ម៉ាកុស ១១.១៥-១៩ លូកា ១៩.៤៥-៤៨ យ៉ូហាន ២.១៣-២២)
12បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ព្រះ‌អង្គ​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅអី​របស់​ពួក​អ្នក​លក់​ព្រាប។ 13ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា ជា​ដំណាក់​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយ​ជា​រោង​ចោរ ទៅ​វិញ»។
14ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។ 15ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ» គេ​មាន​ចិត្ត​ក្រេវ‌ក្រោធ 16ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេង​ទាំង​នេះ​ថា​ដូច​ម្តេច​ឬ​ទេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឮ​ហើយ តើ​អស់​លោក​មិន​ដែល​បាន​អាន​ទេ​ឬ​ថា "ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​បាន​គ្រប់​លក្ខណ៍ ចេញ​ពី​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ "»។ 17ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។
ដើម​ល្វា​ត្រូវ​បណ្ដាសា
(ម៉ាកុស ១១.១២-១៤, ២០-២៤)
18លុះ​ព្រលឹម​ឡើង ពេល​ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ព្រះ‌អង្គ​ឃ្លាន។ 19ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​ក្បែរ​ផ្លូវ ទ្រង់​ក៏​យាង​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ល្វា​នោះ​ថា៖ «ពី​ពេល​នេះ​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ!»។ ពេល​នោះ ដើម​ល្វា​ក៏​ក្រៀម​ស្វិត​មួយ​រំពេច។ 20កាល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?» 21ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ប្រសិន‌បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ ហើយ​មិន​សង្ស័យ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ តែ​ទោះ​បើ​អ្នក​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ" នោះ​នឹង​បាន​សម្រេច​ដូច្នោះ​មិន​ខាន។ 22អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល»។
គេ​ចោទ​សួរ​ពី​អំណាច​របស់​ព្រះ‌យេស៊ូវ
(ម៉ាកុស ១១.២៧-៣៣ លូកា ២០.១-៨)
23កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ពេល​ទ្រង់​កំពុង​បង្រៀន ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ហើយ​អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?» 24ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​នឹង​សួរ​អស់​លោក​មួយ​សំណួរ​ដែរ បើ​អស់​លោក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី។ 25តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ណា? មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» គេ​ក៏​រិះ​គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" គាត់​នឹង​សួរ​យើង​ថា "ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ?" 26តែ​បើ​យើង​ថា "មក​ពី​មនុស្ស" យើង​ខ្លាច​បណ្ដា‌ជន ដ្បិត​គេ​ទាំង​អស់​គ្នា​ចាត់​ទុក​យ៉ូហាន​ជា​ហោរា»។ 27ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​ដែរ»។
រឿង​ប្រៀប​ធៀប​អំពី​កូន​ប្រុស​ពីរ​នាក់
28«តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ គាត់​ចូល​ទៅ​ប្រាប់​កូន​ទី​មួយ​ថា "កូន​អើយ ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ!" 29កូន​នោះ​តប​ថា៖ "ខ្ញុំ​មិន​ទៅ​ទេ" ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ។ 30បន្ទាប់​មក ឪពុក​ចូល​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា កូន​នោះ​តប​ថា "ខ្ញុំ​ទៅ លោក​ឪពុក" តែ​មិន​បាន​ទៅ​ទេ។ 31ក្នុង​ចំណោម​កូន​ទាំង​ពីរ តើ​កូន​ណា​មួយ​បាន​ធ្វើ​តាម​បំណង​របស់​ឪពុក?» គេ​ឆ្លើយ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា 32ដ្បិត​លោក​យ៉ូហាន​បាន​មក​រក​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​លោក​ទេ រីឯ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​បាន​ជឿ​លោក ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​ដូរ​គំនិត ហើយ​ជឿ​លោក​ដែរ»។
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ថែ​រក្សា​ចម្ការ​ទំពាំង​បាយ​ជូរ
(ម៉ាកុស ១២.១-១២ លូកា ២០.៩-១៩)
33«ចូរ​ស្តាប់​រឿង​ប្រៀប​ធៀប​មួយ​ទៀត មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ គាត់​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ក្នុង​ចម្ការ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ចម្ការ​នោះ​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ ហើយ​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត។ 34លុះ​រដូវ​ប្រមូល​ផល​មក​ដល់ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។ 35ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​បាន​ចាប់​ពួក​អ្នក​បម្រើ​របស់​គាត់ គេ​វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម។ 36បន្ទាប់​មក គាត់​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​មុន​ឲ្យ​ទៅ តែ​គេ​ប្រព្រឹត្ត​នឹង​អ្នក​ទាំង​នោះ​ដូច​គ្នា។ 37នៅ​ទី​បំផុត គាត់​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ជួប​ពួក​គេ ដោយ​គិត​ថា "គេ​មុខ​ជា​គោរព​កូន​ប្រុស​របស់​ខ្ញុំ​មិន​ខាន" 38ប៉ុន្តែ ពេល​ពួក​អ្នក​ចម្ការ​បាន​ឃើញ​កូន​ប្រុស​នោះ គេ​ពិគ្រោះ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​យក​មត៌ក​របស់​វា!" 39គេ​ក៏​ចាប់​កូន​នោះ បោះ​ទៅ​ខាង​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល។ 40ដូច្នេះ ពេល​ម្ចាស់​ចម្ការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ?» 41គេ​ទូល​ព្រះ‌អង្គ​ថា៖ «គាត់​នឹង​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី ហើយ​ប្រវាស់​ចម្ការ​ទៅ​ឲ្យ​អ្នក​ធ្វើ​ចម្ការ​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​នៅ​រដូវ​ប្រមូល​ផល»។
42ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​ទេ​ឬ? នៅ​ក្នុង​បទ​គម្ពីរ​ចែង​ថា៖
"ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល
បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។
ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ
ហើយ​ជា​ការ​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "។
43ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះរាជ្យ​របស់​ព្រះ​នឹង​ត្រូវ​យក​ចេញ​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​នឹង​បង្កើត​ផល​របស់​ព្រះរាជ្យ។ 44អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ​នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នេះ​ធ្លាក់​លើ អ្នក​នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ»។
45កាល​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​ឮ​រឿង​ប្រៀប​ធៀប​របស់​ព្រះ‌អង្គ គេ​ក៏​យល់​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​គេ។ 46ពួក​គេ​ចង់​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​ព្រះ‌អង្គ​ជា​ហោរា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in