YouVersion Logo
Search Icon

លូកា 14

14
ព្រះ‌យេស៊ូវ​ប្រោស​បុរស​កើត​ទាច​ម្នាក់​ឲ្យ​ជា
1មាន​ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ នៅ​ផ្ទះ​មេ​ដឹក​នាំ​របស់​ពួក​ផារិស៊ីម្នាក់ ហើយ​ពួកគេ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គយ៉ាង​ដិត​ដល់។ 2ពេល​នោះ មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ពី​មុខ​ព្រះ‌អង្គ។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា៖ «តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ 4ប៉ុន្តែ គេ​នៅ​ស្ងៀម ពេលនោះ​ព្រះ‌អង្គ​ហៅ​គាត់​មក ប្រោសគាត់​ឲ្យ​ជា រួច​ឲ្យ​គាត់ចេញ​ទៅ។ 5បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​កូន​ប្រុស ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​មិន​ស្រង់​វា​ចេញ​ភ្លាមៗ​នៅ​ពេល​នោះ​ទេ​ឬ?» 6ពួក​គេ​ពុំ​អាច​ឆ្លើយ​នឹង​ព្រះ‌អង្គ​ពី​សេចក្តី​នេះ​បាន​ឡើយ។
ការ​បន្ទាប​ខ្លួន និង​ការ​ទទួល​រាក់​ទាក់
7ពេល​ព្រះ‌អង្គ​សង្កេត​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប‌ធៀប​ទៅ​គេ​ថា៖ 8«បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​ចូល​រួម​ពិធីមង្គលការ សូម​កុំ​អង្គុយ​ត្រង់​កន្លែង​ល្អ​ប្រសើរ​ឡើយ ក្រែង​ជួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក 9ហើយ​កាល​ណា​ម្ចាស់​ដើម​ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​ជា​មួយ​អ្នក​ថា "ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ" នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​មិន​ខាន។ 10ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​ម្ចាស់​ដើម​ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា "សម្លាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខនេះ​មក៍" ពេលនោះ អ្នក​នឹងមាន​កិត្តិយស នៅ​ចំពោះ​អស់​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា។ 11ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ»។
12ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​បាន​យាង​ព្រះ‌អង្គ​ថា៖ «កាល​ណា​អ្នក​ហៅ​ភ្ញៀវ​ជប់​លៀង​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​ពួក​សម្លាញ់ បង‌ប្អូន​សាច់​ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​វិញ។ 13ប៉ុន្តែ ពេល​អ្នក​រៀប​ជប់​លៀង ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ។ 14យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​ទេ តែ​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ការ​តប​ស្នង​វិញ»។
រឿង​ប្រៀប​ធៀប​ស្ដី​អំពី​ពិធី​ជប់‌លៀង
(ម៉ាថាយ ២២.១-១០)
15កាល​ម្នាក់​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិ‌ភោគ​ពិធីជប់លៀង​ក្នុង​ព្រះរាជ្យ​របស់​ព្រះ!»។ 16តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​រៀបពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយបាន​អញ្ជើញ​មនុស្ស​ជា​ច្រើន។ 17លុះ​ជិត​ដល់​ពេល​ជប់​លៀង លោក​ចាត់​បាវ​បម្រើ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា "សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ"។ 18ប៉ុន្តែ គេ​ចាប់​ផ្តើម​ដោះ‌សា​ទាំង​អស់​គ្នា។ អ្នក​មុន​និយាយ​ថា "ខ្ញុំ​បាន​ទិញ​ចម្ការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​នោះ សូម​លោក​អត់​ទោសឲ្យ​ខ្ញុំ​ផង"។ 19ម្នាក់​ទៀត​ថា "ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​ទៅ​ទឹមវា​សាក​មើល សូម​លោក​អត់​ទោស​ឲ្យ​ខ្ញុំ​ផង"។ 20ម្នាក់​ទៀត​ថា "ខ្ញុំ​ទើប​នឹង​រៀប​ការ​ប្រពន្ធ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន"។ 21បាវ​បម្រើ​នោះ​ក៏​ត្រឡប់​មក​វិញ ជម្រាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ។ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ​បម្រើ ទាំង​កំហឹង​ថា "ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​មនុស្ស​ក្រីក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់"។ 22បាវ​បម្រើ​នោះ​ក៏​ជម្រាប​ថា "លោក​ម្ចាស់ កិច្ច‌ការ​ដែល​លោក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​នោះ រួច​រាល់​ហើយ តែ​នៅ​មាន​សល់​កន្លែង​ទៀត"។ 23ចៅហ្វាយ​ប្រាប់​ថា "ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​បាន​ពេញ​ផ្ទះ​ខ្ញុំ។ 24ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​ពី​មុន គ្មាន​អ្នក​ណា​ម្នាក់​បាន​ភ្លក់អាហារ​ក្នុង​ពិពីជប់​លៀង​របស់ខ្ញុំ​ឡើយ"»។
តម្លៃ​នៃ​ភាព​ជា​សិស្ស
(ម៉ាថាយ ១០.៣៧-៣៨)
25ថ្ងៃ​មួយ មាន​មហា‌ជន​ច្រើន​កុះករ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បែរ​ព្រះភក្ត្រ​ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ 26«បើ​អ្នក​ណា​មក​តាម​ខ្ញុំ ហើយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក‌ម្តាយ ប្រពន្ធ​កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ 27អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាងរបស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។ 28ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ថា​ខ្លួន​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន ឬ​មិន​បាន? 29ពុំ​នោះ​ទេ ពេល​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន អស់​អ្នក​ណា​ដែល​ឃើញ​គេ​នឹង​សើច​ចំអក 30ដោយ​ពាក្យ​ថា "អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន"។ 31ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥតអង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួនអាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺនមក​ច្បាំង បាន​ឬ​មិន​បាន​នោះ? 32ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ 33ដូច្នេះ ក្នុងចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។
អំពី​អំបិល
(ម៉ាថាយ ៥.១៣ ម៉ាកុស ៩.៥០)
34«អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? 35វា​គ្មាន​ប្រយោជន៍​សម្រាប់​ដី ឬ​សម្រាប់​ធ្វើ​ជីបាន​ទេ គេ​នឹង​បោះ​វា​ចោល​ទៅ​ក្រៅ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in