YouVersion Logo
Search Icon

លេវី‌វិន័យ 1

1
តង្វាយ​ដុត
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​មក ហើយ​បង្គាប់​លោក​ពី​ក្នុង​ត្រសាល‌ជំនុំ 2ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​កាល​ណា​អ្នក​ណា​ចង់​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​តែ​យក​តង្វាយ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី។ 3ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 4គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។ 5ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។ 6គេ​ត្រូវ​អារ​ពន្លាត់​ស្បែក ហើយ​កាប់​តង្វាយ​ទៅ​ជា​ដុំៗ 7រួច​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ត្រូវ​យក​ភ្លើង​មក​ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ។ 8រួច​រៀប​ដុំ​សាច់ ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា 9តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
10ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត‌ខ្ចោះ 11គេ​ត្រូវ​សម្លាប់​នៅ​ក្បែរ​ជើង​អាសនា ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។ 12គេ​ត្រូវ​កាប់​ជា​ដុំៗ រួច​សង្ឃ​ត្រូវ​រៀប​ទាំង​អស់ ទាំង​ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា 13តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ថ្វាយ​ទាំង​អស់​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
14ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ។ 15រួច​សង្ឃ​ត្រូវ​យក​មក​ដល់​អាសនា ក្តិច​បណ្ដាច់​ក្បាល ដុត​នៅ​លើ​អាសនា តែ​ត្រូវ​សម្រក់​ឈាម​នៅ​ខាង​អាសនា​វិញ។ 16គាត់​ត្រូវ​យក​គែ ព្រម​ទាំង​បោច​ស្លាប បោះ​ទៅ​ខាង​កើត​អាសនា ត្រង់​កន្លែង​ចាក់​ផេះ។ 17ត្រូវ​ពុះ​ចំ​ពាក់‌កណ្ដាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​សង្ឃ​ត្រូវ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for លេវី‌វិន័យ 1