YouVersion Logo
Search Icon

យ៉ូប 26

26
ចម្លើយ​របស់​លោក​យ៉ូប៖ លោក​ប៉ិន​ប្រសប់​ជួយ​អ្នក​ដែល​គ្មាន​កម្លាំង​មែន!
1នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖
2«អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស
ដែល​គ្មាន​អំណាច
បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង
3បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា
ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ
4តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា
តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា
ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ?
5ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ
គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក
ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង។
6ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ
ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។
7ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ
ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។
8ព្រះ‌អង្គ​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក
យ៉ាង​ក្រាស់​របស់​ព្រះ‌អង្គ
ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ
9ព្រះ‌អង្គ​បាំង​ខាង​មុខ​បល្ល័ង្ក​ព្រះ‌អង្គ
ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើ។
10ព្រះ‌អង្គ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក
ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ។
11សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ
ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បន្ទោស។
12ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង
ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ
ហើយ​ក៏​វាយ​កម្ទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ។
13ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ
ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ
ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
បាន​ចាក់​ទម្លុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ។
14ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ
របស់​ព្រះ‌អង្គ​ទេ
ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ
ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ
ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ
តើ​អ្នក​ណា​នឹង​យល់​បាន?»

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in