យ៉ូប 19
19
ចម្លើយរបស់លោកយ៉ូប៖ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ
1ពេលនោះ លោកយ៉ូបឆ្លើយថា៖
2«តើអ្នករាល់គ្នាធ្វើទុក្ខដល់ព្រលឹងខ្ញុំ
ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី
ដល់កាលណាទៀត?
3មានដប់ដងហើយ
ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ
តើអ្នករាល់គ្នាមិនខ្មាសទេឬ ដែលធ្វើបាបខ្ញុំ?
4ប្រសិនបើខ្ញុំបានធ្វើខុសមែន
កំហុសនោះនៅជាប់តែខ្លួនខ្ញុំទេ។
5ប្រសិនបើអ្នករាល់គ្នាចង់តម្កើងខ្លួន
ដោយធ្វើទាស់នឹងខ្ញុំ
ហើយជជែកយកខុសត្រូវ
ពីសេចក្ដីអាម៉ាស់ខ្មាសរបស់ខ្ញុំ
6ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ
ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។
7ទោះបើពេលដែលខ្ញុំស្រែកថា
"គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ
ខ្ញុំស្រែកយ៉ាងខ្លាំង
តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
8ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន
ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។
9ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ
ព្រមទាំងចាប់យកមកុដចេញពីក្បាលខ្ញុំផង។
10ព្រះអង្គបានបំផ្លាញខ្ញុំគ្រប់ទិស
ហើយខ្ញុំកំពុងតែវិនាសទៅ
ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ
ព្រះអង្គបានរំលើង ដូចជាដើមឈើ
11ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ
របស់ព្រះអង្គទាស់នឹងខ្ញុំ
ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។
12ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា
ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ
ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
13ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ
ហើយពួកអ្នកដែលខ្ញុំស្គាល់
ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។
14ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល
ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ
ក៏ភ្លេចខ្ញុំអស់ហើយ
15ភ្ញៀវនៅក្នុងផ្ទះខ្ញុំបានភ្លេចខ្ញុំហើយ
ពួកស្រីបម្រើក៏ទុកខ្ញុំដូចជាអ្នកដទៃ
ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។
16ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ
ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។
17ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ
ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះមួយនឹងខ្ញុំដែរ។
18ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ
បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ។
19ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ
ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។
20ខ្ញុំនៅតែស្បែក និងឆ្អឹង
ហើយបានរស់ ដោយសារតែស្បែក
និងធ្មេញប៉ុណ្ណោះ។
21ឱអ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ
សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង
ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
22ហេតុអ្វីបានជាអ្នករាល់គ្នា
ដេញតាមខ្ញុំដូចជាព្រះដែរ
ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត?
23ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ
ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ
24គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់
ហើយនឹងសំណទុកជារៀងរាបតទៅ
25ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ
ព្រះអង្គមានព្រះជន្មរស់នៅ
ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
26ហើយក្រោយពីសម្បកកាយខ្ញុំរលាយទៅ
នោះសាច់ឈាមខ្ញុំនឹងឃើញព្រះ
27ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ
មិនមែនអ្នកណាទៀត គឺភ្នែកខ្ញុំនឹងឃើញ
ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន
ដោយរង់ចាំពេលនោះ
28ដូច្នេះ បើអ្នករាល់គ្នាពោលថា
"ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា"
ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ
29យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ
ដ្បិតសេចក្ដីក្តៅក្រហាយ
នឹងនាំឲ្យមានទោសដោយដាវនោះ
ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា
មានសេចក្ដីយុត្តិធម៌ដែរ»។
Currently Selected:
យ៉ូប 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies