YouVersion Logo
Search Icon

យេរេមា 34

34
ព្រះ‌បន្ទូល​ស្ដី​អំពី​ស្តេច​សេដេគា​ត្រូវ​សុគត
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​មក​ដល់​ហោរា​យេរេមា ក្នុង​កាល​ដែល​ព្រះបាទនេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​ដល់​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ទាំង​ប៉ុន្មាន 2ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទៅ​ទូល​ព្រះបាទសេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល។ 3ឯ​អ្នក​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ​ជា​ពិត​ប្រាកដ អ្នក​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​និយាយ​នឹង​អ្នក​ផ្ទាល់​មាត់ អ្នក​នឹង​ត្រូវ​ទៅ​ក្រុង​បាប៊ីឡូន។ 4ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ 5គឺ​អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្តវិញ។ ដូច​ជា​គេ​ដុត​គ្រឿងក្រអូប​អប់​សព​បុព្វបុរស​របស់អ្នក គឺ​ជា​ពួក​ស្ដេច​ដែល​សោយរាជ្យ​មុន​អ្នក​យ៉ាង​ណា នោះ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ហើយ​យំសោក​នឹង​អ្នក​ថា "ឱ​ព្រះ‌ករុណា​អើយ!" យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
6ពេល​នោះ ហោរា​យេរេមា​ក៏​ទូល​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ​ដល់​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូ‌សាឡិម។ 7ពេល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​ក្រុង​ឡាគីស និង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។
ការ​ដោះ​លែង​ទាសករ
8នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរាយេរេមា ក្នុង​ពេល​ក្រោយ​ដែល​ព្រះបាទ​សេដេគា និង​ប្រជាជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លោះ​ដល់​គេ 9គឺ​ឲ្យ​គ្រប់​មនុស្ស​ដោះ​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង‌ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បម្រើ​ទៀត​ឡើយ។ 10ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្ដា‌ជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់គេ​ប្រើ​ជា​បាវ​បម្រើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ។ 11ប៉ុន្តែ ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស​បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។ 12ហេតុ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ 13ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បម្រើ ដោយ​ពាក្យ​ថា 14លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។ 15ឯ​អ្នក​រាល់​គ្នា​ទើប​តែ​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​យើង ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ថ្មីៗ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​យើង ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង។ 16ប៉ុន្តែ ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​យើង​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រៀង​ខ្លួន ដែល​អ្នក​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់ និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​វិញ​ទៀត។
17ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង ដើម្បី​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​បង‌ប្អូន​អ្នក​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ទេ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់​ដែរ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត នៅ​ក្នុង​ចំណោម​អស់​ទាំង​នគរ​នៅ​ផែនដី។ 18មនុស្ស​ដែល​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា​របស់​យើង ហើយ​មិន​បាន​កាន់​តាម​ពាក្យ​នៃ​សេចក្ដី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​យើង នោះ​យើង​នឹងធ្វើឲ្យ​គេបាន​ដូច​ជា​គោ​ដែល​គេ​បាន​ពុះ​ជា​ពីរ​ចំហៀង រួច​ដើរ​នៅ​កណ្ដាល​ចំហៀង​ទាំង​ពីរ​នោះ។ 19មើល៍! យើង​បញ្ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្ដាល​ចំហៀង​នៃ​កូន​គោ​នោះ។ 20គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី។ 21យើង​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា និង​ពួក​ចៅ‌ហ្វាយ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ និង​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​ដែល​ទើប​នឹង​ថយ​ចេញ​ពី​អ្នក​រាល់​គ្នា​នោះ។ 22ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​បង្គាប់ ហើយ​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​ចោល យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in