យេរេមា 27
27
សញ្ញារបស់នឹម
1នៅដើមរជ្ជកាលព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់ហោារាយេរេមា 2ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅលើករបស់អ្នក 3រួចផ្ញើពាក្យ ទៅថ្វាយស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមពួកទូតដែលមកក្រុងយេរូសាឡិមគាល់ព្រះបាទសេដេគា ស្តេចយូដានោះ។ 4ព្រមទាំងផ្តាំគេឲ្យប្រាប់ចៅហ្វាយរបស់គេ ដោយពាក្យថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរអ្នករាល់គ្នាជម្រាបដល់ចៅហ្វាយរបស់អ្នកថា៖ 5យើងបានបង្កើតផែនដី មនុស្ស និងសត្វនៅលើផែនដីទាំងឡាយ ដោយសារឫទ្ធិអំណាចដ៏អស្ចារ្យរបស់យើង ហើយយើងចង់ប្រគល់ឲ្យអ្នកណា តាមតែយើងគិតថាត្រូវ។ 6ឥឡូវនេះ យើងបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សម្រាប់នឹងបម្រើគេដែរ។ 7សាសន៍ទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយចៅរបស់គេដែរ ដរាបដល់កំណត់ស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ។ 8ប៉ុន្តែ ប្រសិនបើសាសន៍ណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន យើងនឹងធ្វើទោសដល់សាសន៍នោះដោយដាវ ដោយអំណត់ និងអាសន្នរោគ ទាល់តែយើងបានធ្វើឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះ។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 9ដូច្នេះ មិនត្រូវស្តាប់តាមពួកហោរារបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។ 10គេថ្លែងទំនាយកុហកអ្នករាល់គ្នាទេ ដើម្បីឲ្យអ្នកត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់អ្នក គឺឲ្យយើងបានបណ្ដេញអ្នករាល់គ្នាចេញ ហើយអ្នកនឹងត្រូវវិនាស។ 11ប៉ុន្តែ សាសន៍ណាដែលឱនកទទួលនឹម ហើយបម្រើដល់ស្តេចបាប៊ីឡូនវិញ នោះយើងនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត 13តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងប្រជារាស្ត្ររបស់ព្រះអង្គផង ដោយដាវ អំណត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះ។ 14កុំស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា៖ មិនត្រូវបម្រើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេថ្លែងទំនាយកុហកទេ។ 15ព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេឲ្យមកទេ គឺគេថ្លែងទំនាយកុហក ដោយនាមយើង ដើម្បីឲ្យយើងបានបណ្តេញអ្នករាល់គ្នាចេញ ហើយអ្នករាល់គ្នាត្រូវវិនាស គឺទាំងខ្លួនអ្នករាល់គ្នា និងពួកហោរាដែលថ្លែងទំនាយនោះផង។
16ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ កុំស្តាប់តាមពាក្យរបស់ពួកហោរា ដែលថ្លែងទំនាយដល់អ្នករាល់គ្នាថា មើលបន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេថ្លែងទំនាយកុហកដល់អ្នករាល់គ្នាទេ។ 17កុំស្តាប់តាមគេឡើយ ត្រូវបម្រើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់? 18បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។ 19ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលពីដំណើរសសរ សមុទ្រ និងជើងថ្កល់ និងប្រដាប់ប្រដាដែលនៅសល់ក្នុងទីក្រុងនេះ 20ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង 21ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡិមថា៖ 22គេនឹងដឹកយកគ្រឿងទាំងនោះ ទៅក្រុងបាប៊ីឡូន ហើយត្រូវនៅទីនោះដរាបដល់ថ្ងៃដែលយើងប្រោស នោះយើងនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
Currently Selected:
យេរេមា 27: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies