YouVersion Logo
Search Icon

យេរេមា 17

17
អំពើ​បាប​របស់​ជន​ជាតិ​យូដា និង​ការ​ដាក់ទណ្ឌកម្ម
1អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ។ 2ក្នុ​ងពេលដែល​កូន​ចៅ​របស់​គេ​នឹក​ចាំ​ពី​អាសនា និង​បង្គោល​សក្ការៈ របស់​គេ ដែល​នៅ​ក្បែរ​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន។ 3ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។ 4អ្នក​នឹង​ត្រូវ​ចាក​ចោល​មត៌ក​របស់​អ្នក ដែល​យើង​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន យើង​នឹង​ឲ្យ​អ្នក​បម្រើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ដែល​នឹង​ឆេះ​ជា​រៀង​រហូត។
5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស
ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន
ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា
6ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ
នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្ដី​ល្អ​មក​ដល់
នឹង​មិន​ឃើញ​ទេ
គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន
ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ។
7មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា
ហើយ​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។
8ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ
ដែល​ដាំ​នៅ​មាត់​ទឹក ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ
ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ
ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌ស្ងួត​ឡើយ
ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។
9ឯ​ចិត្ត​ជា​គ្រឿង​បព្ឆោាត​លើស​ជាង​ទាំង​អស់
ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង
តើ​អ្នក​ណា​អាច​ស្គាល់​បាន
10យើង​នេះ គឺ​ព្រះ‌យេហូវ៉ា
យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម
ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ
ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។
11ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា
នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ
មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ
ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ
កាល​នៅ​ពាក់​កណ្ដាល​អាយុ​នៅ​ឡើយ
ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។
12កន្លែង​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្តុង្គ​ឧត្តម
ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក។
13ឱ​ព្រះ‌យេហូវ៉ា
ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ
អ្នក​ណា​ដែល​បោះ‌បង់​ព្រះ‌អង្គ នោះ​នឹង​ត្រូវ​ខ្មាស
អស់​អ្នក​ដែល​ថយ​ចេញ​ពី​ព្រះ‌អង្គ
នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​ក្រោម
ដោយ​ព្រោះ​គេ​បាន​បោះ​បង់​ព្រះ‌យេហូវ៉ា
ដែល​ជា​ប្រភព​ទឹក​រស់។
ហោរា​យេរេមា​ទូល​សូម​ព្រះ​ជួយ
14ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង
នោះ​ទូល‌បង្គំ​នឹង​បាន​ជា សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ
នោះ​ទូល‌បង្គំ​នឹង​បាន​រួច
ដ្បិត​ព្រះ‌អង្គ​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ។
15មើល៍! គេ​សួរ​ទូល‌បង្គំ​ថា៖
តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា
ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ!
16ទូល‌បង្គំ​មិន​បានរត់​គេច​ពី​ការ​ធ្វើ​ជា
គង្វាល​តាម​ព្រះ‌អង្គ​ឡើយ
ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ
ព្រះ‌អង្គ​ជ្រាប​ហើយ​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ
សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។
17សូម​ព្រះ‌អង្គ​កុំបំភ័យ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌បង្គំ​ក្នុង​ថ្ងៃ​អាក្រក់។
18សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន
ដល់​ទូល‌បង្គំ​ត្រូវ​អៀន​ខ្មាស
តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ
សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ
តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអី
សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ
ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ។
ការ​គោរព​ថ្ងៃ​សប្ប័ទ
19ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​នៃ​ពួក​កូន​ចៅ​ជន​ជាតិ​នេះ ជា​ទ្វារ​ដែល​ពួក​ស្តេច​យូដា​ធ្លាប់​ចេញ​ចូល ហើយ​នៅ​ត្រង់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ដែរ 20ត្រូវ​ប្រាប់​គេ​ថា ឱ​ពួក​ស្ដេច​យូដា និង​បណ្ដា​ជន​ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​លី​សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ 22ហើយ​កុំ​លី​សែង​បន្ទុក​អ្វី​ចេញ​ពី​ផ្ទះ​អ្នក​រាល់​គ្នា ឬ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​សប្ប័ទ​ដែរ ត្រូវ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ដូច​ជា​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ ។ 23ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ឡើយ គឺ​គេ​តាំង​ចិត្ត​រឹង‌រូស មិនព្រម​ស្ដាប់ ឬ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។
24ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ខំ​ព្យាយាម​ស្តាប់​តាម​យើង ដើម្បី​មិន​ឲ្យ​លី​សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃសប្ប័ទ គឺ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ 25នោះ​នឹង​មាន​ស្តេច និង​ពួក​ចៅ‌ហ្វាយ ដែល​គង់​លើ​បល្ល័ង្ក​ព្រះបាទ​ដាវីឌ ចូល​មក​តាម​ទ្វារ​ក្រុង​នេះ គេ​នឹង​ជិះ​រាជ‌រថ និង​សេះ ទាំង​ខ្លួន​គេ និង​ពួក​ចៅ‌ហ្វាយ ព្រម​ទាំង​បណ្ដា​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេសាឡិម​ទាំង​ប៉ុន្មាន​ផង ហើយ​ទី​ក្រុង​នេះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​តទៅ។ 26មនុស្ស​នឹង​មក​ពី​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា ពី​តំបន់​នៅ​ជុំ‌វិញ​នៃ​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​បេនយ៉ាមីន ពី​ស្រុក​ទំនាប ពី​ស្រុក​ភ្នំ ពី​តំបន់​ណេកិប នាំ​យក​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​ម្សៅ កំញាន និង​តង្វាយ​សម្រាប់​អរ​ព្រះ‌គុណ មក​ដល់​ទី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ 27តែ​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​ឈប់​លី​សែង​បន្ទុក​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​អស់​ទាំង​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ឥត​ដែល​រលត់​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in