យេរេមា 1
1
1នេះជាពាក្យរបស់ហោរាយេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាណាថោត ក្នុងស្រុកបេនយ៉ាមីន 2ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣ នៃរាជ្យព្រះបាទយ៉ូសៀស ជាបុត្រព្រះបាទអាំម៉ូន ស្តេចស្រុកយូដា 3ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទីដប់មួយ ក្នុងរាជ្យព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។
ព្រះត្រាស់ហៅលោកយេរេមា និងសេចក្ដីមេត្តាករុណា
4រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា៖
5«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ
នោះយើងស្គាល់អ្នកហើយ
កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក
នោះយើងបានញែកអ្នកជាបរិសុទ្ធផង
ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
6នោះខ្ញុំបានទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។
7ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖
«កុំឲ្យថាអ្នកជាមនុស្សក្មេងឡើយ
ដ្បិតបើយើងចាត់អ្នកឲ្យទៅឯអ្នកណា
នោះអ្នកត្រូវតែទៅ ហើយសេចក្ដីអ្វី
ដែលយើងបង្គាប់អ្នក នោះអ្នកត្រូវតែប្រាប់ដែរ»។
8ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖
«កុំឲ្យខ្លាចចំពោះគេឡើយ
ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
9នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ 10មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។
11ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។ 12នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកបានឃើញត្រឹមត្រូវហើយ ដ្បិតយើងកំពុងព្យាយាម ធ្វើឲ្យពាក្យរបស់យើងបានសម្រេច»។ 13ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតសួរថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលតបថា៖ «ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង»។
14នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់ 15ដ្បិតមើល៍ យើងនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 16នោះយើងនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះអំពើទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង 17ដូច្នេះ ចូរឲ្យអ្នកក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នកចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងយើងធ្វើឲ្យអ្នកស្រយុតចិត្តនៅមុខគេជាពិត 18ដ្បិតមើល៍ នៅថ្ងៃនេះ យើងបានតាំងអ្នកឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចម្បាំង ជាសសរដែក ហើយជាកំផែងលង្ហិន សម្រាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនឹងបណ្ដាជនទាំងឡាយនៅស្រុកនេះផង 19គេនឹងតជាមួយអ្នក តែមិនឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយអ្នកឲ្យរួច» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
Currently Selected:
យេរេមា 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies