ពួកចៅហ្វាយ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរ «ពួកចៅហ្វាយ» រៀបរាប់ព្រឹត្តិការណ៍ផ្សេងៗដែលកើតមាននៅស្រុកអ៊ីស្រាអែល ចាប់ពីគ្រាដែលពួកគេចូលកាន់កាប់ទឹកដី រហូតដល់គ្រាមានស្តេចឡើងគ្រងរាជ្យ គឺជាអំឡុងពេលដែលកូនចៅអ៊ីស្រាអែលជួបប្រទះភាពវឹកវរ និងអនាធិបតេយ្យ។ ពួកចៅហ្វាយមានតួនាទីមិនត្រឹមតែធ្វើជាចៅក្រមកាត់ក្តីឲ្យប្រជាជនប៉ុណ្ណោះទេ តែលោកទាំងនោះទទួលអំណាចពីព្រះ ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែល ហើយរំដោះកុលសម្ព័ន្ធនានាឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
យើងអាចបែងចែកកណ្ឌគម្ពីរចៅហ្វាយជាបីផ្នែក៖
• ព្រឹត្តិការណ៍ដែលកើតមានចាប់ពីពេលកូនចៅអ៊ីស្រាអែលចូលកាន់កាប់ទឹកដី រហូតដល់ពេលលោកយ៉ូស្វេទទួលមរណភាព (១.១-២.១០)។
• ព្រះយេហូវ៉ាជ្រើសរើសចៅហ្វាយផ្សេងៗឲ្យរំដោះប្រជារាស្ត្ររបស់ព្រះអង្គ (២.១១-១៦.៣១)។
• ភាពអនាធិបតេយ្យក្នុងចំណោមកុលសម្ព័ន្ធនានានៃកូនចៅអ៊ីស្រាអែល មុនពេលមានស្តេចសោយរាជ្យ (១៧-២១)។
កណ្ឌគម្ពីរពួកចៅហ្វាយបង្ហាញឲ្យយើងឃើញថា សេចក្ដីសុខ ឬទុក្ខលំបាក ដែលពួកកូនចៅអ៊ីស្រាអែលជួបប្រទះ សុទ្ធសឹងជាលទ្ធផលនៃទំនាក់ទំនងរវាងពួកគេនិងព្រះ។ ពេលណាពួកគេបោះបង់ចោលព្រះ ពួកគេត្រូវជាតិសាសន៍នានានៅជុំវិញជិះជាន់សង្កត់សង្កិន ប៉ុន្តែ ពេលណាពួកគេបែរចិត្តមករកព្រះអង្គវិញ ព្រមទាំងទូលអង្វរសូមព្រះអង្គជួយ នោះព្រះអង្គរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ជាញឹកញាប់ កូនចៅអ៊ីស្រាអែលចេះតែមានចិត្តចង់គោរពបម្រើព្រះរបស់សាសន៍ដទៃ ឬគោរពព្រះ ដោយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន (ជំពូក ១៧-១៨) មិនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ (ជំពូក ១៩-២១)។ ធ្វើដូច្នេះ ពួកគេបណ្ដាលឲ្យខ្លួនជួបនឹងភាពអាសន្ន ហើយប្រសិនបើព្រះមិនជួយទេនោះ ពួកគេមុខជាត្រូវអន្តរាយមិនខាន។
កណ្ឌគម្ពីរនេះណែនាំយើងឲ្យយល់ថា ប្រជាជនរបស់ព្រះពុំអាចរស់នៅក្នុងភាពអនាធិបតេយ្យ គឺម្នាក់ៗពុំអាចប្រព្រឹត្តតាមតែខ្លួនយល់ឃើញនោះឡើយ។ ការបោះបង់ចោលព្រះ ហើយមិនព្រមទទួលស្គាល់អំណាចរបស់ព្រះអង្គ រមែងបណ្ដាលឲ្យយើងបាត់បង់សេរីភាពជាប្រជារាស្ត្ររបស់ព្រះអង្គ។
Currently Selected:
ពួកចៅហ្វាយ ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies