YouVersion Logo
Search Icon

ពួក​ចៅ‌ហ្វាយ 20

20
កុល‌សម្ព័ន្ធ​ឯទៀត​ៗច្បាំង​នឹង​ពួកកូន​ចៅ​បេនយ៉ាមីន
1បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។ 2ពួកមេ​ដឹក​នាំនៃ​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​មេ‌ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ប្រជុំនៃ​ប្រជារាស្ត្រ​របស់​ព្រះ គឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។ 3(រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីនបាន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីស‌ប៉ា) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា៖ «សូម​ប្រាប់​យើង​មក តើ​អំពើ​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?» 4បុរស​លេវី ជា​ប្តី​របស់​ស្ត្រី​ដែល​គេ​បាន​សម្លាប់​នោះ​ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្រុង​គី‌បៀរ ជា​ក្រុង​របស់​ពួក​បេនយ៉ាមីន ដើម្បី​ស្នាក់​នៅ​ពេល​យប់។ 5យប់​នោះ ស្រាប់​តែ​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​គី‌បៀរ លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ ហើយ​ទាស់​នឹង​ខ្ញុំ។ គេ​មាន​បំណង​ចង់​សម្លាប់​ខ្ញុំ រួចគេ​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​រំលោភ​នាង​រហូត​ដល់​ស្លាប់។ 6ដូច្នេះ ខ្ញុំ​បាន​យក​សាក​សព​របស់​នាង ហើយ​កាត់​ជា​កំណាត់ៗ ផ្ញើ​ទៅ​គ្រប់​ស្រុក​ទាំង​អស់ ដែល​ជា​មត៌ក​របស់​សាសន៍​អ៊ីស្រា‌អែល ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត នៅ​ក្នុងពួក​អ៊ីស្រា‌អែល។ 7មើល៍ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​អ៊ីស្រា‌អែល​អើយ សូម​អ្នក​រាល់​គ្នា​បញ្ចេញ​គំនិត​មក ហើយ​សម្រេច​ចិត្តនៅ​ទី​នេះ​ចុះ!»។
8ប្រជាជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​ព្រម​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុងចំណោម​ពួក​យើង គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ។ 9ឥឡូវ​នេះ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គី‌បៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ឡើង​ទៅច្បាំង​នឹង​ពួក​គេ ដោយ​ចាប់​ឆ្នោត។ 10យើង​នឹង​យក​មនុស្ស​ដប់​នាក់ ក្នុង​ចំណោម​មួយ​រយ​នាក់ ហើយ​មួយ​រយ​នាក់ ក្នុង​ចំណោម​មួយ​ពាន់នាក់ និង​មួយ​ពាន់​នាក់ ក្នុង​ចំណោម​មួយ​ម៉ឺន​នាក់ ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹងចេញ​ទៅ​ប្រដៅ​ពួក​គី‌បៀរ​របស់​ពួក​បេនយ៉ាមីន ដោយ​ព្រោះ​អំពើ​ដ៏​យង់ឃ្នង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រា‌អែល»។ 11ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ប្រមូល​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ច្បាំង​នឹង​ក្រុង​នោះ។
12កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ពួក​អ៊ីស្រា‌អែល​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វីបានជា​អំពើ​អាក្រក់​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា? 13ឥឡូវ​នេះ ចូរ​ប្រគល់​មនុស្ស​ពាល​នៅ​ក្រុង​គី‌បៀរ​ទាំង​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​សម្លាប់​ពួក​គេ​ចោល ហើយ​បោស​សម្អាត​អំពី​អាក្រក់ ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល»។ ប៉ុន្ដែ ពួក​កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​គេ​ឡើយ។ 14ពេល​នោះ ពួក​កូន​ចៅ​បេន​យ៉ា​មីន​ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​ពួក​គេ ទៅ​មូល​គ្នា​នៅ​ក្រុង​គី‌បៀរ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ 15នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា​របស់​គេ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ប្រដាប់​ដោយ​ដាវ ឥត​រាប់​ពួក​គី‌បៀរ​ដ៏​ជំនាញ​ប្រាំ​ពីរ​រយ​នាក់ ដែល​គេ​បាន​ជ្រើស​រើសទេ។ 16ក្នុង​ចំណោម​អ្នក​ទាំង​អស់​នេះ មាន​មនុស្ស​ជ្រើស‌រើស​ប្រាំ​ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង គ្រប់​គ្នា​អាច​ចោល​ដុំ​ក្រួស​ដោយ​ប្រើ​ដង្ហក់ សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។ 17ឯ​ពួក​អ៊ីស្រា‌អែល ក្រៅ​ពី​ពួក​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​កាន់​ដាវ ហើយ​សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង។
18ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។
19ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​ទល់​មុខ​នឹងក្រុង​គី‌បៀរ។ 20ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​ច្បាំង​នឹង​ពួក​បេនយ៉ាមីន ហើយ​ពួក​អ៊ីស្រា‌អែល​តម្រៀប​ទ័ព​ទាស់​នឹង​គេ​នៅ​មុខ​ក្រុង​គី‌បៀរ។ 21ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពីក្រុង​គី‌បៀរ​មក ហើយ​បំផ្លាញ​ពួក​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​នោះ ស្លាប់​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ 22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចូល​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ»។ 23ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។
24ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចូល​ទៅ​ជិត ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​នៅ​ថ្ងៃ​ទី​ពីរ។ 25នៅ​ថ្ងៃ​ទីពីរ​នោះ ពួក​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គី‌បៀរ​មក​ច្បាំង​នឹង​គេ ហើយ​គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់។ មនុស្ស​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រដាប់​ដោយ​ដាវ។ 26បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 27ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា (ដ្បិត​គ្រា​នោះ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៅ​ទី​នោះ 28ហើយ​ភីនេ‌ហាស ជា​កូន​អេលា‌សារ ពូជ​ពង្ស​លោក​អើរ៉ុន បម្រើ​ព្រះ​អង្គ​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​គ្រា​នោះ) គឺ​គេ​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ម្ដង​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​ឈប់?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។
29ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព ចាំ​វាយ​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គី‌បៀរ។ 30រួចនៅ​ថ្ងៃ​ទី​បី ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​ទាស់​នឹង​ពួក​បេនយ៉ាមីន ហើយ​តម្រៀប​ទ័ព​ទាស់​នឹង​ក្រុង​គី‌បៀរ ដូច​លើក​មុន។ 31ឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​បាន​បញ្ឆោត​នាំគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពីទី​ក្រុង។ ដូចសព្វ​ដង​ដែរ គេ​ចាប់​ផ្ដើម​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​សម្លាប់​អស់​ប្រហែល​សាម​សិប​នាក់ មួយ​ក្រុម​តាម​ផ្លូវ​ឡើង​ទៅ​បេត-អែល និង​មួយ​ក្រុម​ទៀត​តាម​ផ្លូវ​ទៅ​ក្រុង​គី‌បៀរ ព្រម​ទាំង​នៅ​ស្រុក​វាល​ផង។ 32ពួក​កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «ពួក​វា​រត់​បាក់​ទ័ព​ដូច​លើក​មុន​ទៀត​ហើយ»។ ប៉ុន្ដែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់ ហើយ​ទាញ​គេ​មក​តាម​ផ្លូវ ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង»។ 33ពេល​នោះ ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ងើប​ពី​កន្លែង​រៀងៗ​ខ្លួន​ទៅ​តម្រៀប​ទ័ព​នៅ​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រា‌អែល ក៏​ស្ទុះ​ចេញ​ពី​កន្លែង​របស់​គេ នៅ​វាល​ទំនាប​គី‌បៀរ​ដែរ។ 34មាន​មនុស្ស​ជ្រើស‌រើស​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ចំនួន​មួយ​ម៉ឺន​នាក់ ចូល​ទៅ​ច្បាំង​នឹង​ក្រុង​គី‌បៀរ ហើយ​ចម្បាំង​នោះ​សាហាវ​ណាស់ ប៉ុន្ដែ ពួក​បេនយ៉ាមីនមិន​ដឹងថា​នឹង​មាន​មហន្តរាយ​កើត​ឡើង​ដល់​ពួក​គេ​ទេ។
35ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​បេនយ៉ាមីន​បាក់ទ័ព​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​បេនយ៉ាមីន អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។
36ដូច្នេះ ពួក​កូន​ចៅ​បេនយ៉ាមីន​ឃើញ​ថា ពួក​គេ​ចាញ់​ហើយ។ ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេនយ៉ាមីន ព្រោះ​គេ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គី‌បៀរ។ 37បន្ទាប់​មក ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គី‌បៀរ​ជា​ប្រញាប់ គេ​ចេញ​ទៅ​វាយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ។ 38វេលា​នោះ ពួក​ទ័ព​អ៊ីស្រា‌អែល និង​ទ័ព​បង្កប់ បាន​សន្មត់​ធ្វើ​សញ្ញា​ប្រាប់​គ្នា​ថា ពេល​ណា​គេ​ធ្វើ​ឲ្យ​មាន​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់​ចេញ​ពី​ទី​ក្រុង 39ពួក​អ៊ីស្រា‌អែល​ត្រូវបក​មក​ច្បាំង​វិញ។ ពួក​បេនយ៉ាមីន​ចាប់​ផ្ដើម​វាយ​សម្លាប់​ពួក​អ៊ីស្រា‌អែល អស់​ប្រមាណ​ជា​សាម​សិប​នាក់ ហើយ​គេ​នឹក​គិត​ថា៖ «គេ​ប្រាកដ​ជា​បាក់​ទ័ព​ដូច​ក្នុង​ចម្បាំង​លើក​មុន​ដែរ»។ 40ប៉ុន្ដែ ពេល​មាន​សញ្ញា​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ពួក​បេនយ៉ាមីន​ងាក​មើល​ទៅ​ក្រោយ នោះ​មើល៍ ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ។ 41ពេល​នោះ ពួក​អ៊ីស្រា‌អែល​បក​ក្រោយ ហើយ​ពួក​បេនយ៉ាមីន​ភ័យ​តក់​ស្លុត ដោយ​ឃើញ​ថា មហន្តរាយ​ជិត​មក​ដល់​ហើយ។ 42ដូច្នេះ គេ​ក៏​បែរ​ក្រោយ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល សំដៅ​ទៅ​ទី​រហោ‌ស្ថាន តែ​ពួក​ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​វាយ​ផ្ទប់​ពួក​គេ​ដែល​ស្ថិត​នៅ​ចំកណ្ដាល។ 43ពួក​អ៊ីស្រា‌អែល​ឡោម​ព័ទ្ធ​ពួក​បេនយ៉ាមីន ព្រម​ទាំង​ដេញ​តាម ហើយ​ជាន់​គេ​នឹង​ជើង ចាប់​តាំង​ពី​ណូហា​រហូត​ដល់​ទល់​មុខ​នឹង​ក្រុង​គី‌បៀរ​ទិស​ខាង​កើត។ 44ពួក​បេនយ៉ាមីន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់​បាន​ដួល​ស្លាប់ អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន។ 45គេ​ក៏​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​សម្លាប់​ពួក​គេ​អស់​ប្រាំ​ពាន់​នាក់​នៅ​តាម​ផ្លូវ ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។ 46ដូច្នេះ ពួក​បេនយ៉ាមីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន ដែល​កាន់​ដាវ​គ្រប់​គ្នា។ 47ប៉ុន្តែ មាន​ប្រាំមួយ​រយ​នាក់​បាន​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ហើយ​ក៏​ជ្រក​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ 48ពួក​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ហើយ​ប្រហារ​គេ​ដោយ​មុខ​ដាវ គឺ​សម្លាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង ហ្វូង​សត្វ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​ប្រទះ​ឃើញ រួច​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in