YouVersion Logo
Search Icon

យ៉ាកុប 1

1
សេចក្ដី​ផ្ដើម
1យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ
សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។
ជំនឿ និង​ប្រាជ្ញា
2បង‌ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​អំណរ​សព្វ​គ្រប់​វិញ 3ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។ 4ចូរ​ទុក​ឲ្យ​ចិត្ត​អំណត់​នោះ បាន​ធ្វើ​ការ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។
5ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ 6ប៉ុន្ដែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង 7កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ។ 8ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន។
ភាព​ក្រី​ក្រ និង​ភាពស្ដុក​ស្ដម
9សូម​ឲ្យ​បង‌ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក​អរ​ឡើង ដ្បិត​ព្រះ​បាន​លើក​តម្កើង​គេ​ហើយ 10ឯ​អ្នក​មាន​វិញ​ក៏​ត្រូវ​ត្រេក​អរ​ដែរ ដោយ​ព្រះ‌ទ្រង់​បន្ទាប​គេ​ចុះ ព្រោះ​គេ​នឹង​ត្រូវ​រុះ​រោយ​ទៅ​ដូច​ជា​ផ្កា​ស្មៅ។ 11ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។
ការ​ល្បង​ល និង​សេចក្ដី​ល្បួង
12មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។
13ពេល​អ្នក​ណា​ម្នាក់​ជួបសេចក្ដី​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ទ្រង់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​អំពើ​អាក្រក់​ពុំ​អាច​នឹង​ល្បួង​ព្រះ‌បាន​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ 14ប៉ុន្ដែ ដែល​គ្រប់​គ្នា​ជួប​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ប៉ុណ្ណោះ 15រួច​កាល​ណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់។ 16បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ។
17គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ 18ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។
ការ​ស្ដាប់ និង​ការ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល
19បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ 20ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ឡើយ។ 21ហេតុ​នេះ ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​អំពើ​ស្មោក​គ្រោក និង​អំពើ​គម្រក់​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។
22ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។ 23ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ 24អ្នក​នោះ​គ្រាន់​តែ​ឆ្លុះ​មើល រួច​ចេញ​បាត់​ទៅ ទាំង​ភ្លេច​ពី​រូប​ភាព​របស់​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។ 25រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។
26ប្រសិន​បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាតខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​សាសនា​របស់​អ្នក​នោះ​ឥត​ប្រយោជន៍​ទទេ។ 27សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in