YouVersion Logo
Search Icon

អេសាយ 65

65
ការ​ជំនុំជម្រះ​ដ៏​សុចរិត​របស់​ព្រះ‌អម្ចាស់
1យើង​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​យើង
ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង
នោះ​យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ
យើង​បាន​និយាយទៅ​សាសន៍​មួយ
ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​យើង​ថា
"មើល៍ យើង​នៅ​នេះ​ហើយ"។
2រាល់​ថ្ងៃ​យើង​បាន​ហុច​ដៃ​ទៅ​ចង់​ទទួល​ពួក​អ្នក​បះ‌បោរ
ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​មិន​ល្អ
តាម​តែ​គំនិត​របស់​ខ្លួន​គេ
3ជន​ជាតិ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​នៅ​ចំពោះ​មុខ​ជា‌និច្ច
ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ
ហើយ​ដុត​កំញាន​នៅ​លើ​អាស‌នា​ធ្វើ​ពី​ឥដ្ឋ
4គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច
ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង
គេ​ស៊ី​សាច់​ជ្រូក
ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ
5ក៏​ពោល​ថា "ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ
កុំ​មក​ជិត​យើង​ឡើយ ដ្បិត​យើង​បរិសុទ្ធ​ជាង​អ្នក"
ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​យើង
គឺ​ជា​ភ្លើង​ដែល​ឆេះ​ជា‌និច្ច។
6មើល៍! អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​យើង​ហើយ
យើង​មិន​ព្រម​នៅ​ស្ងៀម​ឡើយ យើង​នឹង​សង​ដល់​គេ
យើង​នឹង​ដាក់​សំណង​នោះ​នៅ​លើ​ដើម​ទ្រូង​របស់​គេ
7ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា
និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​អ្នក​ដែរ
ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ
ហើយ​បាន​ប្រមាថ​យើង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន
ដូច្នេះ យើង​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត
ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ
មួយ​ចង្កោម​មាន​ទឹក​ពេញ
ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា
ដ្បិត​ជា​ផ្លែ​មាន​ពរ
គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ
ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន
ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។
9យើង​នឹង​បង្កើត​ជំនួរ​វង្ស​មួយចេញ​ពី​យ៉ាកុប
ហើយ​ឲ្យ​មាន​ពួក​មួយ​ចេញ​ពី​យូដា
ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​យើង​ទុក​ជា​មត៌ក
ពួក​អ្នក​រើស​តាំង​របស់​យើង​នឹង​ទទួល​បាន​ស្រុក​នោះ
ហើយ​ពួក​អ្នក​បម្រើ​របស់​យើង​នឹង​អាស្រ័យ​នៅ​ទីនោះ។
10វាល​សារ៉ុន​នឹង​ក្លាយ​ជា​ទី​ឃ្វាល​ហ្វូង​ចៀម
ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ហ្វូង​គោ​ដេក
សម្រាប់​ពួក​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​បាន​ស្វែង​រក​យើង។
11ប៉ុន្តែ អ្នក​រាល់​គ្នា​ដែល​បោះ‌បង់​ព្រះ‌យេហូវ៉ា
គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​យើង
ហើយ​ក៏​រៀប​អាស‌នា​មួយ​ថ្វាយ​ដល់​ព្រះ​មាន​លាភ
ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែងថ្វាយ​ដល់​ព្រះ​វាសនា
12យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ
ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ចុះ ឲ្យ​គេ​កាប់​សម្លាប់
ព្រោះ​ពេល​យើង​ហៅ អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ
ហើយពេល​យើង​និយាយ អ្នក​រាល់​គ្នា​មិន​បាន​ឮ​ឡើយ
គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង
ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។
13ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ស៊ី
តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន
ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ផឹក
តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្រេក
ពួក​អ្នក​បម្រើ​យើង​នឹង​អរ​សប្បាយ
តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស
14ពួក​អ្នក​បម្រើ​យើង​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ
តែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ
ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ។
15អ្នក​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​អ្នក
ទុក​ជា​ទី​ផ្ដាសា​ដល់​ពួក​រើស​តាំង​របស់​យើង
ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​សម្លាប់​អ្នក
ព្រះ‌អង្គ​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត
ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
16ពេល​នោះ អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ
នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត
ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ
នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ
ពី​ព្រោះ​សេចក្ដី​វេទនា​ពី​មុន​បាន​ភ្លេច​ទៅ​ហើយ
ក៏​បាន​បាំង​ពី​ភ្នែក​យើង​ដែរ។
ផ្ទៃ​មេឃ​ថ្មី និងផែនដី​ថ្មី
17ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី
ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត
ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។
18ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​មាន​អំណរ
ហើយ​រីក‌រាយ​ជា​ដរាប​ចំពោះ​ការ​ដែល​យើង​បង្កើត​នោះ
ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ
ហើយ​ប្រជាជន​ទាំង‌ឡាយ​ជា​អំណរ។
19យើង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម
និង​អំណរ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង
រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ
និង​សម្រែក​ទៀត។
20ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ
ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ
ឲ្យ​ពេញ​កំណត់​អាយុ​ទៀត​ដែរ
ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ
នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ
ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​មួយរយ​ឆ្នាំ
នោះ​នឹង​ត្រូវ​បណ្ដាសា​វិញ។
21គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ
ក៏​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​បរិ‌ភោគ​ផល​ដែរ។
22គេ​មិន​សង់​ដើម្បី​ម្នាក់​ទៀត​អាស្រ័យ​នៅ​ទេ
ឬ​ដាំ​សម្រាប់​ម្នាក់​ទៀត​បរិ‌ភោគ​ផល​នោះ​ឡើយ
ដ្បិត​អាយុ​របស់​ប្រជា‌រាស្ត្រ​របស់​យើង
នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ
ហើយ​ពួក​រើស​តាំង​របស់​យើង
នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ។
23គេ​ខំ​ធ្វើការ​មិន​មែន​ឥត​ប្រយោជន៍
ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ
ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា
ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​មក​នោះ​ដែរ។
24មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ
កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ
នោះ​យើង​ក៏​ស្តាប់​ដែរ។
25ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា
សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ
ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ
សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន
ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy