YouVersion Logo
Search Icon

អេសាយ 52

52
ត្រូវ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​អំណរ​ឡើង
1ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង
ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក
ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ
ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ
ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក
ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។
2ឱ​ក្រុង​យេរូ‌សាឡិម​អើយ
ចូរ​រលាស់​ធូលី​ដី​ពី​អ្នក​ចេញ ហើយ​ក្រោក​អង្គុយ
ឱ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ
ចូរ​ដោះ​ចំណង​ពី​ក​អ្នក​ចេញ។
3ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ។ 4ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ។ 5ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​យើង​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​យើង​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ។ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​ថ្ងៃ នាម​យើង​ត្រូវ​ប្រមាថ​ជា‌និច្ច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 6ហេតុ​នោះ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​ស្គាល់​នាម​យើង គេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​យើង​នេះ​ហើយ ដែល​ចេញ​វាចា គឺ​យើង​នេះ​ហើយ។
7ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ
ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក
ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី
ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក
ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ
គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា
ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។
8មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​អ្នក
គេ​បន្លឺ​ឡើង​ច្រៀង​ជា‌មួយ​គ្នា
ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ
ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។
9អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ
ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ
10ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍
ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ
របស់​ព្រះ​នៃ​យើង​រាល់​គ្នា។
11ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ
ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ
កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ
ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ
ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។
12ដ្បិត​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ
ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ
ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​យាង​នាំ​មុខ​អ្នក
ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​នឹង​ការពារ​អ្នក។
ទុក្ខ​លំបាក​នៃ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់
13មើល៍ អ្នក​បម្រើ​របស់​យើង
នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង
ព្រះ‌អង្គ​នឹង​បាន​តម្កើង​ឡើង
គេ​នឹង​លើក​ព្រះ‌អង្គ​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់។
14មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា
ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ
របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។
15ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​តក់​ស្លុត​យ៉ាង​នោះ​ដែរ
ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់​នៅ​ចំពោះ​ព្រះ‌អង្គ
ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ
ហើយ​គេ​នឹង​បាន​ឮ​សេចក្ដី
ដែល​គេ​មិន​ធ្លាប់​ឮពីមុន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in