YouVersion Logo
Search Icon

អេសាយ 50

50
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក
ដើម្បី​បណ្តេញ​ចេញ​នោះ​នៅ​ឯ​ណា?
តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់​បំណុល
របស់​យើង​ណា​មួយ
តើ​អ្នក​ណា​ដែល​យើង​លក់អ្នក​ទៅ​នោះ?
គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ដែល​យើង​លក់​អ្នក
ហើយ​ដែល​ម្តាយ​អ្នក​ត្រូវ​បណ្តេញ​ចេញ
ក៏​ដោយ​ព្រោះ​អំពើ​រំលង​អ្នក​រាល់​គ្នា​ដែរ
2ពេល​យើង​មក​ដល់
ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ?
ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប?
តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ?
តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ?
ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត
ហើយ​ទន្លេ​ហួត‌ហែង​ដែរ
ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក
ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។
3យើង​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ
ហើយ​ក៏​ដណ្តប់​ដោយ​សំពត់​ធ្មៃ​ផង។
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះ‌អង្គ​បាន​ជួយ​សង្គ្រោះ​លោក
4ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ
ដូច​ជា​អ្នក​ដែល​បាន​រៀន
ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី
និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង
ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ
ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។
5ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ
ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ។
6ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ
ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក​ចង្កា
ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស
ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ។
7ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ
ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ
ហើយ​ដោយ​ហេតុ​នោះ ខ្ញុំ​បាន​រក្សា​ទឹក​មុខ​រឹង​មាំ
ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ
8ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ព្រះ‌អង្គ​គង់​នៅ​ជិត
តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត?
ចូរ​យើង​ឈរ​ឡើង​ជា‌មួយ​គ្នា
តើ​អ្នក​ណា​ដែល​ទំនាស់​នឹង​ខ្ញុំ?
ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ។
9មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជួយ​ខ្ញុំ
តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន?
គេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់
ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។
10ក្នុង​ពួក​អ្នក​រាល់​គ្នា
តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ
ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ
ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា
ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។
11រីឯអស់​អ្នក​ដែល​បង្កាត់​ភ្លើង
ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ
ចូរ​អ្នក​រាល់​គ្នា​ដើរ​ក្នុង​អណ្ដាត​ភ្លើង​របស់​អ្នក
ហើយ​កណ្ដាល​កន្ទុយ​ឧស​ដែល​អ្នក​បាន​បង្កាត់​នោះ​ចុះ
អ្នក​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​យើង
ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in