YouVersion Logo
Search Icon

អេសាយ 44

44
ព្រះ‌ប្រទាន​ពរដល់អ៊ីស្រាអែល
1ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង
ហើយ​ពួក​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស‌រើស​អើយ
ចូរ​ស្តាប់​ឥឡូវ​ចុះ
2ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក
ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ
គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង
ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។
3ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក
ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង
យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក
និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។
4នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ
ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។
5ពេល​នោះ នឹង​មាន​ម្នាក់ពោល​ថា
ខ្ញុំ​នេះ​ជា​របស់​ព្រះ‌យេហូវ៉ា
ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប
ឯ​ម្នាក់​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា
ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា
ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។
6ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល
ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ
គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
យើង​ជា​ដើម ហើយ​ជា​ចុង
ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។
7តើ​មាន​អ្នក​ណា​ដូច​យើង? ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក។
ចូរ​ឲ្យ​គេ​ប្រកាស ហើយ​បង្ហាញ​ភស្តុ‌តាង​នៅ​មុខ​យើង​មក។
តើ​អ្នក​ណា​បាន​ប្រកាស​តាំង​តែ​ពីដើម
ពី​អ្វី​ៗ​ដែល​ត្រូវ​កើត​ឡើង?
ចូរ​ឲ្យ​គេ​រៀប​រាប់​ប្រាប់​យើង
ពី​ហេតុការណ៍​ដែល​នឹង​ត្រូវ​កើត​ទៅ​មុខ​ទៀត
ជា​យ៉ាង​ណា​ចុះ។
8កុំ​ភ័យ​ឡើយ ក៏​កុំ​ខ្លាច​ដែរ
តើ​យើង​មិន​បាន​ប្រាប់
ហើយ​បង្ហាញ​ដល់​អ្នក​តាំង​តែ​ពី​ដើម​មក​ទេ​ឬ?
គឺអ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង
តើ​មាន​ព្រះ​ណា​ក្រៅ​ពី​យើង​ឬ​ទេ?
គ្មាន​ថ្មដា​ណា​ផ្សេង​ទៀត​ឡើយ
យើង​មិន​ស្គាល់​មួយ​សោះ។
អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ
9ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។ 10តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ? 11មើល៍ ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។
12ជាង​ដែក​ធ្វើ​ពូថៅ​មួយ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ។ 13ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លម្អ​របស់​មនុស្ស ដើម្បី​តាំង​នៅ​ក្នុង​ផ្ទះ។ 14គាត់​កាប់​ដើម​តា‌ត្រៅ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង។ 15ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សម្រាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង ហើយក៏​ធ្វើ​ព្រះ​មួយ​ឡើង រួច​ក្រាប​ថ្វាយ​បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ។ 16ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត។ គាត់​កម្ដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា "អៃយ៉ា កក់ក្តៅ​ស្រួល​ណាស់ ពេល​ខ្ញុំ​អាំង​ភ្លើង"។ 17ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។
18ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ក៏​មិន​ឲ្យ​យល់​បាន។ 19គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ​ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង យើង​បាន​អាំង​សាច់​ស៊ី​ផង។ ឈើ​ដែលនៅ​សល់ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ? តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​ទេ? 20អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។
អ៊ីស្រាអែល​មិនត្រូវ​ភ្លេច
21ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ
ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ
ដ្បិត​អ្នក​ជា​អ្នក​បម្រើ​របស់​យើង
យើង​បាន​សូន​បង្កើត​អ្នក
ដូច្នេះ អ្នក​ជា​អ្នក​បម្រើ​របស់​យើង
ឱ​ពួក​អ៊ីស្រា‌អែល​អើយ យើង​មិន​ភ្លេច​អ្នក​ឡើយ។
22យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ
ដូច​ជា​ពពក​យ៉ាង​ក្រាស់
និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង
ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។
23ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ការ​ហើយ
ឱ​ផែនដី​ដ៏ទាប​អើយ ចូរ​ស្រែក​ឡើង
ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ
ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង​ចុះ
ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ
ពួក​យ៉ាកុប​ទាំង​អស់​ហើយ
ព្រះ‌អង្គ​នឹង​តម្កើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។
24ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ្នក
គឺ​ជា​ព្រះ​ដែល​ជប​សូន​អ្នក តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ
យើង​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង
ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួនយើង
25យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ
ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត
ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ
ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ
26យើង​បញ្ជាក់​ពាក្យ​សម្ដី​ដែល​និយាយ​នឹង​អ្នក​បម្រើ​យើង
ហើយ​សម្រេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក
ដែល​យើង​បាន​ថ្លែង​ពី​ក្រុង​យេរូ‌សាឡិម​ថា
"ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ"
និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា
"ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ
យើង​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង"។
27យើង​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា "ចូរ​ឲ្យ​រីង​ស្ងួត​ទៅ"
ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីងហួត‌ទៅ​ដែរ។
28យើង​និយាយ​ពី​ស៊ីរូស​ថា ជា​គង្វាល​របស់​យើង
ជា​អ្នក​ដែល​នឹង​សម្រេច​តាម​បំណង​ចិត្ត​យើង​ទាំង​ប៉ុន្មាន
ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សង់​ឡើង​វិញ
និង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in