ហេព្រើរ ពាក្យលំនាំ
ពាក្យលំនាំ
អ្នកតែង៖ សំបុត្រផ្ញើជូនគ្រីស្ទបរិស័ទជាតិហេព្រើរ មានលក្ខណៈប្លែកពីសំបុត្រឯទៀតៗ គឺមានលំនាំដូចជាសុន្ទរកថារបស់បណ្ឌិតខាងវិន័យ។ អ្នកសរសេរកណ្ឌគម្ពីរនេះ ស្គាល់ព្រះគម្ពីរសញ្ញាចាស់យ៉ាងច្បាស់ ហើយពន្យល់តាមរបៀបបណ្ឌិតខាងវិន័យ។ អ្នកខ្លះសន្និដ្ឋានថាលោកប៉ុលជាអ្នកសរសេរសំបុត្រនេះ អ្នកខ្លះទៀតសន្និដ្ឋានថាលោកអ័ប៉ុឡូស (កិច្ចការ ១៨.២៤-២៨) ជាអ្នកសរសេរ ក៏ប៉ុន្តែ យើងពុំដឹងពិតប្រាកដថានរណាបានសរសេរសំបុត្រនេះទេ ហើយក៏ពុំដឹងថាសំបុត្រនេះសរសេរផ្ញើទៅគ្រីស្ទបរិស័ទណាដែរ។ យើងគ្រាន់តែយល់តាមរយៈសំបុត្រនេះថា អ្នកសរសេរចង់ដាស់តឿនគ្រីស្ទបរិស័ទជនជាតិយូដា ដែលបានប្រែចិត្ដជឿព្រះយេស៊ូវគ្រីស្ទ។ ក្នុងចំណោមបងប្អូនទាំងនោះ ប្រហែលជាមានសង្ឃជាច្រើន ដែលធ្លាប់ធ្វើពិធីបុណ្យផ្សេងៗក្នុងព្រះវិហារនៅក្រុងយេរូសាឡិមកាលពីមុន ហើយនៅអាឡោះអាល័យពិធីទាំងនោះដដែល។ មួយវិញទៀត ពួកគេអស់សង្ឃឹមដោយជួបនឹងទុក្ខលំបាក ព្រោះត្រូវជនរួមជាតិរបស់ខ្លួនបៀតបៀន។
គោលសំខាន់ៗ
អ្នកសរសេរសំបុត្រនេះ បានលើកយកគោលគំនិតរបស់សាសនាយូដា មកពន្យល់អំពីឋានៈរបស់ព្រះគ្រីស្ទ ដែលប្រសើរជាងលោកម៉ូសេ ព្រោះព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ ហើយប្រសើរជាងសង្ឃឯទៀតៗ ព្រោះព្រះអង្គជាសង្ឃដែលអាចលោះបាបមនុស្សលោកមួយដងជាសម្រេច។ ព្រះយេស៊ូវក៏បានបូជាព្រះជន្មទុកជាយញ្ញបូជាប្រសើរជាងយញ្ញបូជា ដែលគេថ្វាយក្នុងព្រះវិហារ ព្រោះព្រះអង្គនាំមនុស្ស ឲ្យចូលទៅជិតព្រះ ហើយតែងតាំងសញ្ញាថ្មីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
អ្នកសរសេរសំបុត្រនេះ ក៏បានដាស់តឿនគ្រីស្ទបរិស័ទឲ្យមានចិត្ដតស៊ូ ស្មោះត្រង់នឹងជំនឿ ដោយលើកយកអ្នកជឿពីជំនាន់ដើមធ្វើជាគំរូ។
គម្រោងគម្ពីរហេព្រើរ៖
• សេចក្ដីផ្ដើម ១.១-៣
• ព្រះគ្រីស្ទប្រសើរជាងពួកទេវតា ១.៤-២.១៨
• ព្រះគ្រីស្ទប្រសើរជាងលោកម៉ូសេ និងលោកយ៉ូស្វេ ៣.១-៤.១៣
• ព្រះគ្រីស្ទប្រសើរជាងសង្ឃ ៤.១៤-៧.២៨
• ព្រះគ្រីស្ទប្រសើរជាងសេចក្ដីសញ្ញា ៨.១-៩.២៨
• ព្រះគ្រីស្ទប្រសើរជាងយញ្ញបូជា ១០.១-៣៩
• អំពីជំនឿ ១១.១-១២.២៩
• ជីវិតស្របតាមព្រះ ១៣.១-១៩
• អវសានកថា ១៣.២០-២៥
Currently Selected:
ហេព្រើរ ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies