YouVersion Logo
Search Icon

ហេព្រើរ 5

5
1គ្រប់​ទាំង​សម្តេច​សង្ឃ​ដែល​គេ​ជ្រើស​រើស​ក្នុង​ចំណោម​មនុស្ស ត្រូវ​បាន​តែង​តាំង​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ តំណាង​ឲ្យ​ពួក​គេ​ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌យូជា​សម្រាប់​លោះ​បាប។ 2លោក​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ និង​មនុស្ស​វង្វេង ព្រោះ​លោក​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ 3ហើយ​ដោយ​ហេតុ​នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​របស់​ខ្លួន​លោក​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​អំពើ​បាប​របស់​ប្រជាជន​ដែរ។ 4គ្មាន​អ្នក​ណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ​ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​មាន​តែ​ពេល​ដែល​ព្រះ​ត្រាស់​ហៅ ដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។
5ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្តេច​សង្ឃ​ដែរ គឺ​ព្រះ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» 6ហើយ​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​នៅ​កន្លែង​មួយ​ទៀត​ថា៖ «អ្នក​ជា​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក» ។
7កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។ 8ទោះ​បើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​រៀន​ស្តាប់​បង្គាប់ តាម​រយៈការ​ដែល​ព្រះ‌អង្គ​រង​ទុក្ខ​លំបាក។ 9កាល​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​ប្រភព​នៃ​ការ​សង្គ្រោះ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ 10ហើយ​ព្រះ‌ក៏​បាន​តាំង​ព្រះ‌អង្គ​ជា​សម្តេច​សង្ឃ តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក។
ពាក្យ​ដាស់​តឿន​កុំ​ឲ្យ​ឃ្លាត​ចេញ​ពី​ជំនឿ
11ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​នឹង​ពន្យល់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្ដាប់។ 12ដ្បិត រហូត​មក​ដល់​ពេល​នេះ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន ពី​សេចក្ដី​ខាង​ឯ​បឋម​សិក្សា​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើង​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​អាហារ​រឹង​សោះ តែ​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ​ទៅ​វិញ 13ដ្បិត​អស់​អ្នក​ដែល​រស់នៅ​អាង​លើ​ទឹក​ដោះ អ្នក​នោះ​មិន​ប្រសប់​ខាងឯ​ព្រះ‌បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ព្រោះ​អ្នក​នោះ​ជា​កូន​តូច។ 14ប៉ុន្ដែ អាហារ​រឹង គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ ជា​អស់​អ្នក​ដែល​បាន​បង្ហាត់​ប្រាជ្ញា​ញាណ​របស់​ខ្លួន ឲ្យ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in