YouVersion Logo
Search Icon

ហាបាគុក 2

2
ព្រះ​ឆ្លើយ​តប​ចំពោះ​ការ​ត្អូញ​ត្អែ​របស់​ហោរា
1ខ្ញុំ​នឹង​ឈរ​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម
ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អង្គ
នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច
ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ
ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា។
2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖
«ចូរ​កត់​និមិត្ត​នេះ​ទុក
ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើក្តារ​ចុះ
ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់
ក៏​អាច​មើល​បាន​ដែរ។
3ដ្បិត​ការ​ជាក់​ស្តែង​នេះ
ទុក​សម្រាប់​ដល់​វេលា​កំណត់
ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ
ហើយនៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ
ប្រសិន‌បើ​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ
ដ្បិត​នឹង​មក​ពិត ឥត​រា‌រង់​ឡើយ។
4មើល៍! ចិត្ត​គេ​បាន​ប៉ោង​ឡើង
មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ
តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ
ដោយ‌សារ​ជំនឿ​របស់​ខ្លួន
5មួយ​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរ
ជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា
មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ
គេ​ពង្រីក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន
ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់
គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ខាង​ខ្លួន
ក៏​បង្រួម​ជន​ជាតិ​ទាំង‌ឡាយ​ទុក​សម្រាប់​ខ្លួន​ដែរ»។
វេទនា​ហើយ​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
6តើ​ពួក​ទាំង​នោះ មិន​និយាយ​ពាក្យ​ប្រៀប‌ធៀប
និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ ដោយ​ពាក្យ​ថា
«វេទនា​ដល់​មនុស្ស​ដែល​ចម្រើន​របស់​ទ្រព្យ
ដែល​មិន​មែន​ជា​របស់​ខ្លួន
ហើយ​ផ្ទុក​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង»
តើ​នឹង​នៅ​ដូច្នេះ​ដល់​កាល​ណាទៀត?
7តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង
ដែល​នឹង​ខាំ​ឯង​ជា‌មួយ​រំពេច
និង​ពួក​មួយ​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ?
ពេល​នោះ ឯង​នឹង​ត្រូវ​គេរឹបអូស​វិញ
8ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន
សំណល់​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ
ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត
ដែល​ឯង​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង
និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។
9វេទនា​ដល់​មនុស្ស​ដែល​បាន​កម្រៃ
ដោយ​ទុច្ចរិត​សម្រាប់​ផ្ទះ​ខ្លួន
ដើម្បី​នឹង​តាំង​សម្បុក​នៅ​លើ​ទី​ខ្ពស់
ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​សេចក្ដី​អាក្រក់។
10ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ
ដោយ​ផ្តាច់‌ផ្តិល​ជន​ជាតិ​ជា​ច្រើន
ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ។
11ដ្បិត​ថ្ម​នឹង​ស្រែក​ចេញ​ពី​ជញ្ជាំង​មក
ហើយ​ធ្នឹម នៅ​ក្នុង​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​តប។
12វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ​ដោយ​កម្ចាយ​ឈាម
ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត។
13មើល៍! តើ​មិន​មែន​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ
ដែល​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​ជន​ជាតិ​នានា​រលាយ​ក្នុង​ភ្លើង
ហើយ​ការ​នឿយ‌ហត់​របស់​សាសន៍​ទាំង​ប៉ុន្មាន
ទៅ​ជា​ឥត​ប្រយោជន៍?
14ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា
នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។
15វេទនា​ដល់​អ្នក​ណា​ដែល​បំផឹក​អ្នក​ជិត​ខាង​ខ្លួន
គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង
ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ
16អ្នក​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់ ជំនួស​សិរី‌ល្អ។
ចូរ​អ្ន​ក​ផឹក​ខ្លួន​ឯង
ហើយ​ឲ្យ​គេ​ឃើញ​ថា​ឯង​មិន​បាន​កាត់​ស្បែក
ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា
នឹង​វិល​មក​ដល់​អ្នក​ដូច​គ្នា
ហើយ​សេចក្ដី​អាម៉ាស់​ដ៏​ជួ‌ជាតិ
នឹង​មក​គ្រប​លើ​សីរី​ល្អ​របស់​អ្នក​វិញ។
17អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ដល់
ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង
ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ
ដែល​នាំ​ឲ្យ​វា​ភ័យ​ខ្លាច ដោយ​ព្រោះ​ឈាម​មនុស្ស
និង​ការដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ
ហើយ​ដល់​ទី​ក្រុង និង​មនុស្ស​ទាំង​ប៉ុន្មាន
ដែល​នៅ​ក្នុង​ក្រុង​នោះ។
18ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី
បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត
គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ
បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ
ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន
ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ
19វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា
"សូម​តើន​ឡើង" ហើយ​ដល់​ដុំ​ថ្ម​គ​ថា
"សូម​ក្រោក​ឡើង" តើ​រូប​នោះអាច​បង្រៀន​បាន​ឬ?
មើល៍! គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់
តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ
20ឯ​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ
ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ហាបាគុក 2