YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 34

34
នាង​ឌីណា​ត្រូវ​គេ​ចាប់​រំលោភ
1ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។ 2កាល​ស៊ីគែម ជា​កូន​របស់​ហាម៉ោរ សាសន៍​ហេវី ជា​មេ​លើ​ស្រុក​នោះ បាន​ឃើញ​នាង ក៏​ចាប់​នាង​យក​ទៅ​រំលោភ។ 3ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។ 4ដូច្នេះ ស៊ីគែម​ជម្រាប​ហាម៉ោរ​ជា​ឪពុក​ថា៖ «សូម​យក​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​មក»។
5ពេល​នោះ លោក​យ៉ាកុប​បាន​ឮ​ថា ស៊ីគែម​បាន​បង្ខូច​នាង​ឌីណា​ជា​កូន តែ​កូន​ប្រុសៗ​របស់​លោក​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ លោក​យ៉ាកុប​ក៏​នៅ​ស្ងៀម រហូត​ដល់​ពួក‌គេ​ត្រឡប់​មក​វិញ។ 6ចំណែក​ហាម៉ោរ​ជា​ឪពុក​របស់​ស៊ីគែម ក៏​បាន​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជាមួយ​លោក។ 7កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។
8ប៉ុន្ដែ ហាម៉ោរ​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ខ្លាំង​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​វា​ទៅ។ 9សូម​ភ្ជាប់​ញាតិ​ពន្ធ​ជាមួយ​យើង​ខ្ញុំ ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​មក​យើង​ខ្ញុំ ហើយ​យក​កូន​ក្រមុំ​របស់​យើង​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា​វិញ​ទៅ 10នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​ស្រុក​នេះ​នឹង​បើក​ចំហ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ធ្វើ​ជំនួញ ព្រម​ទាំង​ទិញ​ដី​ធ្លីក្នុង​ស្រុក​នេះ​ទៅ»។ 11ស៊ីគែម​ក៏​ពោល​ទៅ​កាន់​ឪពុក និង​បង‌ប្អូន​ប្រុសៗ​របស់​នាង​ឌីណា​ថា៖ «សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់ ខ្ញុំ​នឹង​ជូន​ទាំង​អស់។ 12សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។
13នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។ 14គេ​ពោល​ថា៖ «យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ គឺ​មិន​អាច​ឲ្យ​ប្អូន​ស្រី​របស់​យើង​ទៅ​មនុស្ស​ដែល​មិន​កាត់​ស្បែក​បាន​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្ដី​អាម៉ាស់​មិន​ខាន។ 15បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។ 16ធ្វើ​ដូច្នោះ ទើប​យើង​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ពួក​លោក ហើយ​យក​កូន​ស្រី​របស់​ពួក​លោក​មក​វិញ​ដែរ យើង​នឹង​រស់​នៅ​ជា‌មួយ​ពួក​លោក ហើយ​ត្រឡប់​ទៅ​ជា​សាសន៍​តែ​មួយ។ 17ប៉ុន្តែ ប្រសិន​បើ​ពួក​លោក​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ទេ នោះ​យើង​នឹង​យក​កូន​ស្រី​របស់​យើង​មក​វិញ ហើយ​ចេញ​ទៅ»។
18ពាក្យ​របស់​គេ​ក៏​ពេញ​ចិត្ត​ដល់​ហាម៉ោរ និង​ស៊ីគែម​ជា​កូន។ 19អ្នក​កំលោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ព្រោះ​គាត់​មាន​អំណរ​នឹង​កូន​ស្រី​របស់​លោក​យ៉ាកុប​ណាស់។ លោក​ជា​មនុស្ស​ដែល​គេ​គោរព​ជាង​គេ​ទាំង​អស់​ក្នុង​វង្សា‌នុវង្ស​ឪពុក​របស់​លោក។ 20ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖ 21«មនុស្ស​ទាំង​នោះចង់​បាន​សុខ​ជាមួយ​យើង ចូរ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ចុះ ដ្បិត​មើល៍ ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​គេ​ដែរ។ 22ប៉ុន្ដែ ដែល​គេ​នឹង​ព្រម​នៅ​ជា‌មួយ​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​មួយ​នោះ លុះ​ត្រា​តែ​កាល​ណា​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ។ 23ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។ 24អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។
បងៗ​របស់​នាង​ឌីណា​សង​សឹក​ឲ្យ​ប្អូន​ស្រី
25នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។ 26គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។ 27កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។ 28គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​របស់​អ្នក​ទាំង​នោះ​ផង។ 29គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង។ 30ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។ 31ប៉ុន្ដែ គេ​តប​ថា៖ «តើ​គួរ​គប្បី​ដែរ​ឬ​ដែល​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​ស្រី​ពួក​យើង ដូច​ជា​ស្រី​ពេស្យា​ដូច្នេះ?»

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy