YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 30

30
1កាល​នាង​រ៉ាជែល​ដឹង​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​លោក​យ៉ាកុប​សោះ នាង​មាន​ចិត្ត​ច្រណែន​នឹង​បង​ស្រី ហើយ​នាង​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​មិន​ខាន»។ 2លោក​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​នាង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «តើ​បង​ជា​ព្រះ​ឬ ដែល​បង្ខាំង​មិន​ឲ្យ​អូន​មាន​កូន​ដូច្នេះ?» 3ពេល​នោះ នាង​ពោល​ថា៖ «នេះ​នែ៎​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​លើ​ភ្លៅ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា»។ 4នាង​រ៉ាជែល​ក៏​ឲ្យ​នាង​ប៊ីលហា​ជា​ស្រី​បម្រើ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។ 5នាង​ប៊ីលហា​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក​យ៉ាកុប។ 6ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ព្រះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ដាន់" ។ 7នាង​ប៊ីលហា​ជា​ស្រី​បម្រើ​នាង​រ៉ាជែល​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។ 8ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ខ្ញុំ​បាន​ខំ​ប្រឹង​តទល់​ជាមួយ បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​ក៏​បាន​ឈ្នះ»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ណែប‌ថា‌លី"។
9កាល​នាង​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នាងក៏​យក​ស៊ីលផា ជា​ស្រី​បម្រើ​របស់​នាង ទៅ​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។ 10នាង​ស៊ីលផា​ជា​ស្រី​បម្រើ​នាង​លេអា​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យលោក​យ៉ាកុប។ 11នាង​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "កាដ" ។ 12នាង​ស៊ីលផា​ជា​ស្រី​បម្រើ​របស់​នាង​លេអា បង្កើត​បាន​កូន​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។ 13នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។
14ថ្ងៃ​មួយ រូបេន​បាន​ចេញ​ទៅ​វាល​នៅ​រដូវ​ច្រូត​ស្រូវ​សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​នាង​លេអា​ជា​ម្តាយ។ ពេល​នោះ នាង​រ៉ាជែល​ពោល​ទៅកាន់​នាង​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​ខ្លះ​មក​ខ្ញុំ​ផង»។ 15ប៉ុន្តែ នាង​លេអា​ឆ្លើយ​ថា៖ «ដែល​ឯង​ដណ្តើម​យក​ប្តី​របស់​អញ តើ​នោះ​ជា​រឿង​តូច​តាច​ឬ? តើ​ឯង​ចង់​យក​ផ្លែ​ស្នេហ៍​កូន​របស់​អញ​ទៀត​ឬ?»។ នាង​រ៉ាជែលតប​ថា៖ «ដូច្នេះ ឲ្យ​គាត់​ដេក​ជា‌មួយ​បង​យប់​នេះ​ទៅ ទុក​ជា​ថ្នូរនឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។ 16នៅ​ពេល​ល្ងាច កាល​លោក​យ៉ាកុប​វិល​មក​ពី​ចម្ការ​វិញ នាង​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា៖ «យប់​នេះ បង​ត្រូវ​ចូល​មកឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​បង​ដោយ​ផ្លែ​ស្នេហ៍​កូនរបស់​ខ្ញុំ​ហើយ»។ ដូច្នេះ លោក​ក៏​ដេក​ជា‌មួយ​នាង​នៅ​យប់​នោះ​ទៅ។ 17ព្រះ‌ទ្រង់​ស្ដាប់​តាម​នាង​លេអា ហើយ​នាង​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​ទី​ប្រាំ​ឲ្យ​លោក​យ៉ាកុប។ 18នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។ 19នាងលេអា​ក៏​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​ប្រាំមួយ​ឲ្យ​លោក​យ៉ាកុប។ 20ពេលនោះ នាងលេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រោស​ប្រទាន​អំណោយ‌ដ៏​ល្អ​មក​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​នឹង​លើកមុខ ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រាំមួយ​នាក់​ឲ្យ​គាត់»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សាប់‌យូឡូន"។ 21ក្រោយ​មក នាង​បង្កើត​បាន​កូន​ស្រី​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ឌីណា"។
22ពេល​នោះ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​នាង​រ៉ាជែល ហើយ​ព្រះ​ស្ដាប់​តាម​នាង ព្រម​ទាំង​ប្រោស​ឲ្យ​នាង​អាច​បង្កើត​កូន​បាន។ 23នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ រួច​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ដក​ពាក្យ​ដំណៀល​ចេញ​ពី​ខ្ញុំ​ហើយ»។ 24នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូសែប" ដោយ​ពោល​ថា «សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​មួយ​ទៀត!»។
លោក​យ៉ាកុប​ចម្រើន​ឡើង ដោយ​ធ្វើ​ឲ្យ​លោក​ឡាបាន់​ថយ​ចុះ
25កាល​នាង​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​វិញផង។ 26សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ និង​កូន​របស់​ខ្ញុំទៅ​ជា​មួយ​ដែរ ដ្បិត​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ព្រោះ​តែ​នាង ដ្បិត​លោក​ឪពុក​ជ្រាប​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​ជូន​លោក​ឪពុក​ហើយ»។ 27ប៉ុន្ដែ លោក​ឡាបាន់​ឆ្លើយ​ថា៖ «ប្រសិន​បើ​កូន​យោគ​យល់​ដល់​ឪពុក សូម​កុំ​អាល​ទៅ​សិន ព្រោះ​ឪពុក​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​ពុក​ព្រោះ​តែ​កូន។ 28ចូរ​គិត​ថ្លៃ​ឈ្នួល​របស់​កូន​ចុះ ពុក​នឹង​ប្រគល់​ឲ្យ»។ 29លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ជា​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​បាន​កើត​សាយ‌គ្រាយ​ជា​យ៉ាង​ណា។ 30ដ្បិត​មុន​ដែល​ខ្ញុំ​មក លោក​ឪពុក​មាន​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ។ ឥឡូវ​នេះ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ​ផង?» 31លោក​ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ដល់​កូន?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​ឪ​ពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ បើ​លោក​ឪពុក​ព្រម​ធ្វើ​ដូច្នេះ​ឲ្យ​ខ្ញុំ​មែន នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត។ 32ខ្ញុំ​នឹង​ទៅ​រក​មើល​ក្នុង​ហ្វូង​ចៀម​របស់​លោក​ឪពុក​នៅ​ថ្ងៃ​នេះ ដើម្បី​ញែក​សត្វ​ពព្លាក់ ពពាល និង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សត្វ​ដែល​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង ទុក​ជា​ឈ្នួល​សម្រាប់​ខ្ញុំ។ 33ដូច្នេះ ត​ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សួរ​ពី​ឈ្នួល​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្ដែង​ឲ្យ​ពុក​ជ្រាប​ថា ខ្ញុំ​ស្មោះ​ត្រង់ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា‌មួយ​ខ្ញុំ ដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។ 34លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។ 35នៅ​ថ្ងៃ​នោះ លោក​ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ 36រួច​គាត់​ចេញ​ពី​លោក​យ៉ាកុប​ទៅ ចម្ងាយ​ដើរ​អស់​បី​ថ្ងៃ ឯ​លោក​យ៉ាកុប​ក៏​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ដែល​នៅ​សល់។
37លោក​យ៉ាកុប​ក៏​យក​មែក​រលួស មែក​ចំបក់ និង​ក្រចៅ​ស្រស់ៗ មក​ក្រី​សំបក​ជា​កង់ៗ ឲ្យ​ឃើញ​សាច់​សៗ។ 38លោក​ដាក់​មែក​ដែល​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ និង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែង​ជាន់​គ្នា​នៅ​ពេល​មក​ផឹក 39គឺ​សត្វ​ទាំង​នោះ​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ ហើយ​វា​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល។ 40លោក​យ៉ាកុប​បាន​ញែក​ចៀម​ចេញ​ពី​គ្នា ក៏​តម្រង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ឡើយ។ 41ពេល​ណា​មាន​សត្វ​ខ្លាំង​ៗ​ចង់​ជាន់​គ្នា លោក​យ៉ាកុប​តែង‌ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ 42តែ​ចំណែក​សត្វ​ខ្សោយៗ លោក​មិន​បាន​ដាក់​មែក​ឈើ​នៅ​ទី​នោះ​ទេ។ ដូច្នេះ សត្វ​ខ្សោយៗ​ជា​របស់​លោក​ឡាបាន់ ហើយ​សត្វ​ខ្លាំងៗ​ជា​របស់​លោក​យ៉ាកុប។ 43គឺ​យ៉ាង​នេះឯង​ដែល​លោក​ក៏​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​មាន​ហ្វូង​សត្វ និង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ និង​លា​ជា​ច្រើន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy