YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 25

25
លោក​អ័ប្រា‌ហាំ​រៀប​ការ​ជា‌មួយ​នាង​កិទូរ៉ា
1លោក​អ័ប្រា‌ហាំ​ក៏​យក​ប្រពន្ធ​មួយ​ទៀត ឈ្មោះ​កិទូរ៉ា។ 2កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ គឺ​សីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ 3យ៉ុកសាន​បង្កើត​បាន​សេបា និង​ដេដាន់។ ឯ​កូន​ចៅ​របស់​ដេ​ដាន់ គឺ​ពួក​អាស‌ស៊ើរ ពួក​លេទូស និង​ពួក​លេវមី។ 4កូន​ចៅ​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។ 5លោក​អ័ប្រា‌ហាំ​បាន​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​លោក​មាន​ឲ្យ​ដល់​លោក​អ៊ីសាក។ 6រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​អ័ប្រា‌ហាំ​ក៏​បាន​ចែក​អំណោយ​ដល់​គេ​ដែរ ហើយ​កាល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ លោក​ឲ្យ​គេ​ចាក​ចេញ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។
មរណភាព​របស់​លោក​អ័ប្រា‌ហាំ
7ចំនួន​ឆ្នាំ​ដែល​លោក​អ័ប្រា‌ហាំ​រស់​នៅ​ទាំង​អស់​បាន មួយ​រយ​ចិតសិប​ប្រាំ​ឆ្នាំ។ 8កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។ 9លោក​អ៊ីសាក និង​លោក​អ៊ីស‌ម៉ា‌អែល ដែល​ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​ល្អាង​ម៉ាក់​ពេឡា នៅ​ចម្ការ​អេប្រុន កូន​របស់​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ 10ជា​ចម្ការ​ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ។ 11ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ ព្រះ​បាន​ប្រទាន​ពរ​ឲ្យលោក​អ៊ីសាក កូន​ប្រុស​របស់​លោក ហើយ​លោក​អ៊ីសាក​ក៏​តាំង​ទី​លំនៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។
កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល
12នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល កូន​លោក​អ័ប្រា‌ហាំ ដែល​នាង​ហាការ​សាសន៍​អេស៊ីព្ទ ជា​ស្រី​បម្រើ​របស់​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ។ 13នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​តំណ​វង្ស​ត្រកូល​របស់​គេៈ កូន​ច្បង​របស់​លោក​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ ថេម៉ា យេធើរ ណាភីស និង​កេតម៉ា។ 16អ្នក​ទាំង​នេះ​ហើយ​ដែល​ជា​កូន​ប្រុស​របស់​លោក​អ៊ីស‌ម៉ា‌អែល ព្រម​ទាំង​ឈ្មោះ តាម​ភូមិ តាម​ជំរំ​របស់​គេ គឺ​ជា​មេ​ដប់ពីរ​នាក់ តាម​កុល‌សម្ព័ន្ធ​របស់​គេ។ 17(ចំនួន​ឆ្នាំ​ដែល​លោក​អ៊ីស‌ម៉ា‌អែល​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​គាត់​វិញ)។ 18ពួក​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល​អាស្រ័យ​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវីឡា រហូត​ដល់​ស្រុក​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ។ ពួក​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​បង‌ប្អូន​របស់​ខ្លួន​ទេ។
ប្រវត្តិ​របស់​អេសាវ និង​យ៉ាកុប
19នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីសាក កូន​លោក​អ័ប្រា‌ហាំ។ លោក​អ័ប្រា‌ហាំ​បាន​បង្កើត​លោក​អ៊ីសាក 20ហើយ​កាល​លោក​អ៊ីសាក​មាន​អាយុ​សែ​សិប​ឆ្នាំ លោក​បាន​យក​នាង​រេបិកា ជា​កូន​របស់​លោក​បេធូ‌អែល​សាសន៍​អើរ៉ាម អ្នក​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ សាសន៍​អើរ៉ាម។ 21លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។ 22ដោយ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ចេះ​តែ​ប្រធាក់​គ្នា នាង​ក៏​ពោល​ថា៖ «បើ​មាន​រឿង​កើត​ឡើង​ដូច្នេះ តើ​ខ្ញុំ​រស់​នៅ​ម្ដេច​បាន? » ដូច្នេះ នាង​ក៏​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា។ 23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​នាង​ថា៖
«មាន​ប្រ‌ជា‌ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង
ហើយ​សាសន៍​ពីរ​ដែល​កើត​ចេញ​ពី​នាង
សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត
គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»។
24ពេល​នាង​គ្រប់​ខែ​ហើយ នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​របស់​នាង​មែន។ 25កូន​ទី​មួយ​កើត​មក​មាន​សម្បុរ​ក្រហម ហើយ​មាន​រោម​ពាស​ពេញ​ខ្លួន ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេសាវ"។ 26បន្ទាប់​មក កូន​ប្អូន​ក៏​កើត​ចេញ​មក​ទាំង​ដៃ​កាន់​កែង​ជើង​របស់​អេសាវ​ជាប់ ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ាកុប" ។ នៅ​ពេល​នាង​បង្កើត​កូន​ទាំង​ពីរ​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក​សិប​ឆ្នាំ​ហើយ។
27កាល​កូន​ទាំង​ពីរ​ធំ​ឡើង អេសាវ​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជា​មនុស្ស​នៅ​តាម​ទី​វាល ឯ​យ៉ាកុប​វិញ គាត់​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ជំរំ។ 28លោក​អ៊ីសាក​ស្រឡាញ់​អេសាវ ព្រោះ​ចូល​ចិត្ត​បរិ‌ភោគ​សាច់​ដែល​គាត់​បរ​បាញ់ រី​ឯ​រេបិកា​វិញ នាង​ស្រឡាញ់​យ៉ាកុប។
អេសាវ​លក់​សិទ្ធិ​ជា​កូន​ច្បង
29ថ្ងៃ​មួយ កាល​យ៉ាកុប​កំពុង​តែ​ស្ល​សម្ល នោះ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល ហើយ​គាត់​ហត់​ហេវ​ជា​ខ្លាំង។ 30អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។ 31យ៉ាកុប​និយាយ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​សិន​មក»។ 32អេសាវ​តប​ថា៖ «បង​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?» 33យ៉ាកុប​ពោល​ថា៖ «ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន »។ គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​សិទ្ធិ​ជា​កូន​ច្បង​នោះ​ឲ្យ​យ៉ាកុប។ 34យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សម្ល​សណ្តែក​បាយ​ដល់​អេសាវ ហើយ​គាត់​ក៏​បរិ‌ភោគ រួច​ក្រោក​ដើរ​ចេញ​ទៅ។ អេសាវ​បាន​មើល‌ងាយ​សិទ្ធិ​ជា​កូន​ច្បង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ឯង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in