YouVersion Logo
Search Icon

កាឡាទី ពាក្យ​លំនាំ

ពាក្យ​លំនាំ
ស្រុក​កាឡាទី៖ សព្វ​ថ្ងៃ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ទួរគី។ សាវក​ប៉ុល​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​កាឡាទី នៅ​ចន្លោះ គ.ស. ៤៩-៥០ (កិច្ច‌ការ ១៦.៦ និង ១៨.២៣)។ ប្រជា‌ជន​ស្រុក​នោះ​ពុំ​ដែល​បាន​ស្គាល់​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ទេ តែ​ពួក​គេ​បាន​ទទួល​ដំណឹង​ល្អ និង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ដ​ស្មោះ។ ពេល​លោក​ប៉ុល​ចាក​ចេញ​ពី​ពួក​គេ មាន​ជន​ជាតិ​យូដា​ខ្លះ​បាន​មក​ញុះ‌ញង់​បញ្ចុះ‌បញ្ចូល​ពួក​គេ​ឲ្យ​គោរព​តាម​ប្រពៃណី​សាសនា​យូដា គឺ​ឲ្យ​ប្រព្រឹត្ត​តាម​គម្ពីរ​វិន័យ​លោក​ម៉ូសេ មាន​ធ្វើ​ពិធី​កាត់​ស្បែក​ជា​ដើម។ លោក​ប៉ុល​បាន​ទទួល​ដំណឹង​នេះ​នៅ​ពេល​លោក​ស្នាក់​នៅ​ក្រុង​អេភេ‌សូរ ក្នុង​គ.ស. ៥៦-៥៧។ លោក​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់ ទៅ​ប្រៀន​ប្រដៅ​អស់​អ្នក​ដែល​វង្វេង​តាម​ជន​ជាតិ​យូដា​នោះ​ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ​ត្រឹម​ត្រូវ​វិញ។
គោល​សំខាន់ៗ
ក្នុង​សំបុត្រ​នេះ លោក​ប៉ុល​សរសេរ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​បន្តិច ដើម្បី​រំឭក​គ្រីស្ទ‌បរិស័ទ​អំពី​គោល​សំខាន់​នៃ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ។ តាម​ដំណឹង​ល្អ​នេះ ព្រះ‌សង្គ្រោះ​អ្នក​ជឿ មក​ពី​គេ​ពឹង​ផ្អែក​លើ​ព្រះ‌គ្រីស្ទ គឺ​ពុំ​មែន​ពឹង​ផ្អែក​លើ​ពិធី​ផ្សេងៗ​របស់​សាសនា​អ៊ីស្រា‌អែល ឬ​លើ​បុណ្យ​កុសល​នោះ​ឡើយ។ គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​មាន​ប្រយោជន៍ គ្រាន់​តែ​សម្រាប់​អប់រំ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ តែ​ពុំ​អាច​សង្គ្រោះ​មនុស្ស​បាន​ទេ គឺ​មនុស្ស​យើង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង (២.២០)។ ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ផ្ដល់​សេរី‌ភាព​ដ៏​ពេញ‌លេញ​ដល់​គ្រីស្ទ‌បរិស័ទ តែ​គ្រីស្ទ‌បរិស័ទ​ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ‌វិញ្ញាណ មិន​ត្រូវ​រស់​តាម​គំនិត​លោកីយ៍​ឡើយ។
គម្រោង​គម្ពីរ​កាឡាទី៖
• សេចក្ដី​ផ្ដើម ១.១-១០
• សិទ្ធិ​របស់​លោក​ប៉ុល​ជា​សាវក ១.១១-២.២១
• ដំណឹង​ល្អ​ស្ដី​អំពី​ព្រះ‌គុណ​របស់​ព្រះ ៣.១-៤.៣១
• សេរី‌ភាព និង​ភារកិច្ច​របស់​គ្រីស្ទ‌បរិស័ទ ៥.១-៦.១០
• អវសាន‌កថា ៦.១១-១៨

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in