YouVersion Logo
Search Icon

កាឡាទី 4

4
1ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ដរាប​ណា​អ្នក​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ខុស​ពី​បាវ​បម្រើ​ទេ ទោះបើអ្នក​នោះ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ 2តែ​កូន​នោះ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​ថែរក្សា និង​អ្នក​មើល​ខុស​ត្រូវ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់។ 3ឯ​យើង​វិញក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេងនៅ​ឡើយ យើង​នៅ​ជាប់​ក្រោម​គោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា​របស់​លោកីយ៍នេះ។ 4ប៉ុន្ដែ លុះ​ពេល​កំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មកប្រសូតចេញ​ពី​ស្ត្រី គឺ​ប្រសូត​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ 5ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ត្រឡប់​ជា​កូន​របស់​ព្រះ‌អង្គ 6ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន ព្រះ‌ក៏​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង ដែល​ព្រះ​វិញ្ញាណ​នេះ​ហើយ​បន្លឺ​ឡើង​ថា «អ័ប្បា! ព្រះ‌វរ‌បិតា!»។ 7ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បម្រើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន នោះ​គឺ​ជាអ្នក​ទទួល​មត៌ក ដោយ​សារ​ព្រះ​ដែរ។
លោក​ប៉ុល​ស្ដី​បន្ទោស​អ្នក​ស្រុក​កាឡាទី
8ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។ 9តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ? 10អ្នក​រាល់​គ្នា​គោរព​ថ្ងៃ ខែ រដូវ និង​ឆ្នាំ 11ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់ដែល​ខ្ញុំ​ធ្វើសម្រាប់​អ្នក​រាល់​គ្នា ទៅ​ជា​ឥត​ប្រយោជន៍។
12បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នាឲ្យ​បាន​ដូច​ជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏បាន​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។ 13អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំបូង​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា​ទាំង​សុខ​ភាព​ខាង​សាច់​ឈាមទន់​ខ្សោយ 14ហើយ​ទោះ​ជា​សុខ​ភាព​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លំបាក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ឡើយ តែ​បាន​ទទួល​ខ្ញុំ ដូច​ទទួល​ទេវតា​របស់​ព្រះ គឺ​ដូច​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែរ។ 15ដូច្នេះ តើ​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​មាន​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ អ្នក​រាល់​គ្នា​សឹង​តែ​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំទៀត​ផង ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន។ 16ឥឡូវ​នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង‌សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​តែខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ? 17អ្នក​ទាំង​នោះគេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នាណាស់ តែ​មិន​មាន​បំណង​ល្អ​ទេ គឺ​គេ​ចង់​បំបែក​អ្នក​រាល់​គ្នាពី​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​វិញ។ 18ការ​ដែល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​បំណង​ល្អជានិច្ច នោះ​ត្រឹម​ត្រូវ​ហើយ មិន​មែនតែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ។ 19កូន​ចៅ​អើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ខ្ញុំ​ឈឺ​ចាប់​ម្តង​ទៀត ដូច​ស្ត្រី​ហៀប​នឹងសម្រាល​កូន រហូត​ទាល់​តែ​ព្រះ‌គ្រីស្ទមាន​រូប​រាង​ឡើង​ក្នុង​អ្នក​រាល់​គ្នា។ 20ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​សម្ដី​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់​គ្នា​ហើយ។
ការ​ប្រៀប​ធៀប​អំពី​នាង​ហាការ និង​សារ៉ា
21អ្នក​រាល់​គ្នា​ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​រាល់​គ្នា​មិន​ឮ​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ? 22ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​ពីរ​នាក់ ម្នាក់​កើត​ពី​ស្ដ្រី​ជា​បាវ​បម្រើ ម្នាក់​ទៀតកើត​ពីស្ដ្រី​អ្នក​ជា ។ 23ប៉ុន្ដែ កូន​ដែល​កើត​ពីស្ត្រីជា​បាវ​បម្រើ ជា​កូន​កើត​មក​តាម​សាច់​ឈាម ឯ​កូន​ដែល​កើត​ពីស្ត្រី​អ្នក​ជាវិញ កើតមក​តាម​សេចក្ដី​សន្យា។ 24នេះ​ជា​ការ​ប្រៀប​ធៀប ស្ត្រី​ទាំង​ពីរ​នេះ​ជា​គំរូ​នៃ​សេចក្ដី​សញ្ញា​ពីរ មួយ​នៅ​ភ្នំ​ស៊ី‌ណាយ ដែល​បង្កើត​កូន​ជា​បាវ​បម្រើ នោះ​គឺ​នាង​ហាកា។ 25នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។ 26ប៉ុន្ដែ ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្ថាន​លើវិញ គឺ​ជាស្ត្រី​អ្នក​ជា ហើយ​ជា​ម្តាយ​របស់​យើង។ 27ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! ឱ​ស្ត្រី​ដែល​មិន​ឈឺ​នឹង​សម្រាល​អើយ ចូរ​បន្លឺសំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ព្រោះ​កូន​របស់​ស្ត្រី​ដែល​គេ​បោះ​បង់​ចោលនោះ មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត» ។ 28ឥឡូវ​នេះ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​អ៊ីសាក​ដែរ។ 29ប៉ុន្ដែ នៅ​គ្រា​នោះ កូន​ដែល​កើត​មក​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា ឥឡូវ​នេះ​ក៏​មាន​យ៉ាង​នោះ​ដែរ។ 30ប៉ុន្ដែ តើ​គម្ពីរ​ចែង​មក​ដូច​ម្ដេច? គឺ​ថា «ចូរ​បណ្ដេញ​ស្រ្ដី​ជា​បាវ​បម្រើ និង​កូន​របស់​នាង​ចេញ ដ្បិត​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​មិន​ត្រូវ​ទទួល​មត៌ក​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» 31ដូច្នេះ បង‌ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in