អែសរ៉ា 10
10
ការឆ្លើយតបរបស់ប្រជាជន
1កាលលោកអែសរ៉ាកំពុងអធិស្ឋាន ហើយលន់តួ ដោយយំ ហើយផ្តួលខ្លួន ក្រាបចុះនៅមុខព្រះដំណាក់របស់ព្រះ នោះមានពួកអ៊ីស្រាអែលច្រើនសន្ធឹក ទាំងប្រុស ទាំងស្រី និងក្មេងៗនាំគ្នាចេញមកឯលោក ដ្បិតប្រជាជនក៏យំសោកជាខ្លាំងដែរ។ 2ពេលនោះ សេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ ពោលទៅកាន់លោកអែសរ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តរំលងទាស់នឹងព្រះរបស់យើងខ្ញុំ ដោយបានរៀបការជាមួយស្ដ្រីសាសន៍ដទៃ ជាប្រជាជនរស់នៅស្រុកនេះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ពេលនេះនៅមានសង្ឃឹមដល់អ៊ីស្រាអែលដែរ។ 3ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។ 4សូមលោកក្រោកឡើង ដ្បិតនេះជាកិច្ចការរបស់លោក ហើយយើងខ្ញុំក៏នៅជាមួយលោកដែរ។ សូមមានចិត្តក្លាហាន ហើយសម្រេចកិច្ចការនេះទៅ»។ 5ពេលនោះ លោកអែសរ៉ាក្រោកឡើង ហើយបង្គាប់ឲ្យមេដឹកនាំពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងប៉ុន្មានស្បថ ដើម្បីឲ្យគេធ្វើតាមពាក្យសម្បថនោះ។ ដូច្នេះ ពួកគេក៏នាំគ្នាស្បថ។
ការបោះបង់ប្រពន្ធដែលគេបានយកពីស្ត្រីសាសន៍ដទៃ និងកូនដែលកើតពីនាងទាំងនោះ
6បន្ទាប់មក លោកអែសរ៉ាក្រោកឡើងនៅមុខព្រះដំណាក់របស់ព្រះ ហើយចូលទៅក្នុងបន្ទប់របស់យ៉ូហាណាន ជាកូនរបស់អេលីយ៉ាស៊ីប។ លោកសម្រាកនៅទីនោះមួយយប់ ដោយមិនបានបរិភោគអាហារ ឬផឹកទឹកឡើយ ដ្បិតលោកមានចិត្តសោកសង្រេងនឹងអំពើរំលងរបស់ពួកអ្នកដែលវិលមកពីសណ្ឋានជាឈ្លើយ។ 7ដូច្នេះ គេក៏ប្រកាសពាសពេញស្រុកយូដា និងក្រុងយេរូសាឡិម ដល់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ឲ្យគេមកជួបជុំគ្នានៅក្រុងយេរូសាឡិម 8ហើយបើអ្នកណាមិនមកក្នុងអំឡុងពេលបីថ្ងៃ តាមបង្គាប់របស់ពួកអ្នកដឹកនាំ និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ ហើយអ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំនៃពួកអ្នកដែលវិលត្រឡប់មកពីសណ្ឋានជាឈ្លើយនោះទៀតផង។
9ដូច្នេះ បុរសទាំងអស់ក្នុងពួកយូដា និងបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡិមក្នុងអំឡុងពេលបីថ្ងៃ គឺនៅថ្ងៃទីម្ភៃ ខែទីប្រាំបួន។ មនុស្សទាំងអស់នោះអង្គុយនៅក្នុងទីធ្លា នៅមុខព្រះដំណាក់របស់ព្រះ ទាំងញាប់ញ័រដោយព្រោះដំណើរនោះ និងដោយព្រោះមានភ្លៀងយ៉ាងធំ។ 10ពេលនោះ សង្ឃអែសរ៉ាឈរឡើង មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយធ្វើឲ្យមានទោសកាន់តែច្រើនឡើងដល់អ៊ីស្រាអែល។ 11ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។ 12ពេលនោះ ក្រុមជំនុំទាំងអស់ក៏ឆ្លើយតប ដោយសំឡេងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំត្រូវតែធ្វើតាមប្រសាសន៍របស់លោក។ 13ប៉ុន្តែ មានមនុស្សច្រើនណាស់ ហើយនេះក៏ជារដូវភ្លៀងខ្លាំងផង យើងខ្ញុំមិនអាចឈរនៅខាងក្រៅបានទេ ហើយនេះក៏មិនមែនជាកិច្ចការដែលសម្រេចបានក្នុងមួយថ្ងៃ ឬពីរថ្ងៃដែរ ដ្បិតយើងខ្ញុំបានរំលងយ៉ាងខ្លាំងក្នុងដំណើរនេះ។ 14ដូច្នេះ សូមឲ្យពួកមេដឹកនាំរបស់យើងខ្ញុំ ឈរតំណាងឲ្យក្រុមជំនុំទាំងមូលវិញ សូមឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធជាស្ត្រីសាសន៍ដទៃ ចូលមកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំ និងពួកចៅក្រមនៃក្រុងនីមួយៗមកជាមួយ រហូតទាល់តែសេចក្ដីក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះ»។ 15រឿងនេះ មានតែយ៉ូណាថាន ជាកូនអេសាអែល និងយ៉ាហាសយ៉ា ជាកូនធីកវ៉ាប៉ុណ្ណោះដែលជំទាស់ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវី បានជួយគាំទ្រអ្នកទាំងពីរ។
16បន្ទាប់មក ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ក៏បានធ្វើដូច្នោះ។ សង្ឃអែសរ៉ា បានជ្រើសរើសបុរសៗ គឺពួកអ្នកជាកំពូលលើវង្សរបស់ឪពុក តាមគ្រួសាររបស់ឪពុកគេរៀងខ្លួន គឺម្នាក់ៗបានតម្រូវតាមឈ្មោះ។ អ្នកទាំងនោះចូលរួមពិនិត្យមើលដំណើរនោះ នៅថ្ងៃមួយ ក្នុងខែទីដប់ 17ហើយដល់ថ្ងៃទីមួយ ក្នុងខែទីមួយ គេក៏បានសម្រេចដល់បុរសទាំងអស់ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ។
18ក្នុងចំណោមកូនចៅពួកសង្ឃ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃគឺ កូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនរបស់លោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា 19អ្នកទាំងនោះបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយដោយព្រោះគេមានទោស គេថ្វាយចៀមឈ្មោលមួយសម្រាប់លោះទោសរបស់ខ្លួន។ 20ក្នុងចំណោមកូនចៅអ៊ីមមើរ មានហាណានី និងសេបាឌា 21ក្នុងចំណោមកូនចៅហារីម មានម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល និងអ៊ូស៊ីយ៉ា 22ក្នុងចំណោមកូនចៅរបស់ប៉ាសហ៊ើរ មានអេលីយ៉ូណាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសារ។
23ក្នុងចំណោមពួកលេវី មានយ៉ូសាបាឌ ស៊ីម៉ាយ កេឡាយ៉ា (ហៅកេលីថា) ពេថាហ៊ីយ៉ា យូដា និងអេលាស៊ើរ។
24ក្នុងចំណោមពួកចម្រៀង មានអេលីយ៉ាស៊ីប។ ក្នុងចំណោមពួកឆ្មាំទ្វារ មានសាលូម ថេលែម និងអ៊ូរី។
25ឯខាងពួកអ៊ីស្រាអែលគឺ ក្នុងចំណោមកូនចៅប៉ារ៉ូស មានរ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីម អេលាសារ ហាសាបយ៉ា និងបេណាយ៉ា។ 26ក្នុងចំណោមកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត និងអេលីយ៉ា 27ក្នុងចំណោមកូនចៅសាធូរ មានអេលីយ៉ូណាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ និងអ័ស៊ីសា។ 28ក្នុងចំណោមកូនចៅបេបាយ មានយ៉ូហាណាន ហាណានា សាប់បាយ និងអ័តឡាយ។ 29ក្នុងចំណោមកូនចៅបានី មានមស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល និងរ៉ាម៉ូត។ 30ក្នុងចំណោមកូនចៅផាហាត-ម៉ូអាប់ មានអ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេសាលាល ប៊ីនុយ និងម៉ាណាសេ។ 31ក្នុងចំណោមកូនចៅហារីម មានអេលាស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន 32បេនយ៉ាមីន ម៉ាលូក និងសេម៉ារីយ៉ា។ 33ក្នុងចំណោមកូនចៅហាស៊ូម មានម៉ាថ្នាយ ម៉ាត់ថាត់ថា សាបាឌ អេលីផាលេត យេរេម៉ាយ ម៉ាណាសេ និងស៊ីម៉ាយ។ 34ក្នុងចំណោមកូនចៅបានី មានម្អាដាយ អាំរ៉ាម អ៊ូអែល 35បេណាយ៉ា បេឌីយ៉ា កេលូហ៊ូវ 36វ៉ានីយ៉ា ម្រេម៉ូត អេលីយ៉ាស៊ីប 37ម៉ាថានា ម៉ាថ្នាយ និងយ្អាសាយ។ 38ក្នុងចំណោមកូនចៅប៊ីនុយ មានស៊ីម៉ាយ 39សេលេមា ណាថាន់ អ័ដាយ៉ា 40ម៉ាកណាឌបាយ សាសាយ សារ៉ាយ 41អ័សារាល សេលេមា សេម៉ារីយ៉ា 42សាលូម អ័ម៉ារា និងយ៉ូសែប។ 43ក្នុងចំណោមកូនចៅនេបូរ មានយីអែល ម៉ាធិធា សាបាឌ សេប៊ីណា យ៉ាដាយ យ៉ូអែល និងបេណាយ៉ា។ 44អ្នកទាំងអស់នេះ បានរៀបការជាមួយស្ត្រីសាសន៍ដទៃ គេក៏លែងលះពួកនាង ហើយបញ្ជូនឲ្យចេញទៅ រួមទាំងកូនៗរបស់គេផង។:៚
Currently Selected:
អែសរ៉ា 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies