YouVersion Logo
Search Icon

អេ‌សេ‌គាល 20

20
ពួក​អ៊ីស្រា‌អែល​នៅ​តែ​បន្ត​បះ‌បោរ
1នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ 2ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 3«កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​មក​សួរ​ដល់​យើង​ឬ? ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជាយើង​រស់​នៅ នោះ​ប្រាកដ​ជាយើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​សួរ​យើង​ទេ។ 4កូន​មនុស្ស​អើយ អ្នក​ចង់​ជំនុំ‌ជម្រះ​គេ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​គេ​ឬ​ទេ? ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរស​គេ 5ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​យើង​បាន​រើស​អ៊ីស្រា‌អែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​យើង​បាន​ស្បថ​ដល់​គេ​ថា យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ 6នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។ 7យើង​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​អ្នក កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ យើង គឺ​យេហូវ៉ា​នេះ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ 8តែ​គេ​បាន​រឹង​ចចេស​នឹង​យើង ឥត​ព្រម​ស្តាប់​តាម​យើង​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​កំហឹង​របស់​យើង ទាស់​នឹង​គេ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ។ 9ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​ជា​មួយ ហើយ​ដែល​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។ 10ដូច្នេះ យើង​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន។ 11យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​យើង​ដល់​គេ ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ។ 12យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។ 13ប៉ុន្តែ ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង​ចចេស​នឹង​យើង នៅ​ទី​រហោ‌ស្ថាន គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​របស់​យើង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​យ៉ាង​ក្រៃ‌លែង នោះ​យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ។ 14ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​របស់​ដល់​ឈ្មោះ​យើង​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ចំពោះ​សាសន៍ទាំង​ប៉ុន្មាន​ដែល​យើង​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ។ 15មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា យើង​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ។ 16ពី​ព្រោះ​គេ​បាន​បោះ‌បង់​ក្រឹត្យ‌ក្រម​របស់​យើង ឥត​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ។ 17ប៉ុន្តែ ភ្នែក​យើង​បាន​ប្រណី​ដល់​គេ ហើយ​យើង​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ ។
18យើង​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ដើរ​តាម​ច្បាប់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្តិ​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ។ 19យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះរបស់​អ្នក​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម។ 20ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ 21ប៉ុន្តែ កូន​ចៅ​ទាំង​នោះ​រឹង​ចចេស​នឹង​យើង​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​យើង​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ គេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។ 22ប៉ុន្តែ យើង​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​យើង​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ។ 23មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់។ 24ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។ 25យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ និង​បញ្ញត្តិ​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ។ 26យើង​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
27ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។ 28ដ្បិត​កាល​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​តង្វាយ​ច្រូច​របស់​គេ​ដែរ។ 29(យើង​បាន​សួរ​គេ​ថា តើ​ទី​ខ្ពស់​អ្វី​ដែល​អ្នក​តែង‌តែ​ទៅ​នោះ? ដូច្នេះ ទី​នោះ​ហៅ​ថា បាម៉ា រហូត​ដល់​សព្វ​ថ្ងៃ)។
30ហេតុ​នោះ ត្រូវ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​បែប​បុព្វ‌បុរស​អ្នក​ដូច្នេះ​ដែរ​ឬ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត តាម​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ឬ? 31ដ្បិត​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង គឺ​អ្នក​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ឬ? ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ទេ។ 32សេចក្ដី​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​អ្នក​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។
33ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ។ 34យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង។ 35យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ យើង​នឹង​មាន​រឿង​តវ៉ា​នឹង​អ្នក​ប្រទល់​គ្នា។ 36យើង​មាន​រឿង​តវ៉ា​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា យើង​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 37យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា។ 38យើង​នឹង​ញែក​ពួក​រឹង​ចចេស​ពី​អ្នក​ចេញ ព្រម​ទាំង​ពួក​អ្នក​ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​យើង​ផង យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ 39ចំណែក​អ្នក​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក​ទៀត​ឡើយ»។
40ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​យើង​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​យើង​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ​យើង​សុខ​ចិត្ត​ទទួល​តង្វាយ​របស់​អ្នក​រាល់​គ្នា និង​ផល​ដំបូង​ពី​តង្វាយ​អ្នក ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ។ 41យើង​នឹង​ទទួល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ស្រុក​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ យើង​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​អ្នក​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​អស់​ទាំង​សាសន៍​ដទៃ។ 42មួយ​ទៀត កាល​ណា​យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ 43នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ និង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​អ្នក​ស្មោក‌គ្រោក នោះ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ធ្វើ​នោះ។ 44ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​យល់​ដល់​ឈ្មោះ​យើង មិន​មែន​តាម​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​អ្នក​នោះ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ទំនាយ​ទាស់​នឹង​ស្រុក​ណេកិប
45 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 46«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ទាស់​នឹង​ស្រុក​ខាង​ត្បូង​នោះ ត្រូវ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ព្រៃ​ក្នុង​តំបន់​ណេកិប​ចុះ។ 47ប្រាប់​ដល់​ព្រៃ​តំបន់​ណេកិប​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​អ្នក ភ្លើង​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់។ 48ដូច្នេះ គ្រប់​គ្នា​នឹង​ឃើញ​ថា គឺ​យើង ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ»។ 49ខ្ញុំ​ក៏​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ?»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in