អេសេគាល 14
14
អ៊ីស្រាអែលត្រូវតែបោះបង់ចោលព្រះក្លែងក្លាយ
1គ្រានោះ មានពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលខ្លះមកឯខ្ញុំ ហើយក៏អង្គុយនៅចំពោះមុខខ្ញុំ 2ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 3«កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តគេ ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរយើងឬ? 4ចូរអ្នកប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះយើងនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ។ 5ដើម្បីឲ្យយើងបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីយើងដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
6ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ 7ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីយើង ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូចេ្នះ រួចនឹងមករកហោរា ដើម្បីសួរយើងពីដំណើរខ្លួន នោះយើងនេះ គឺព្រះយេហូវ៉ា យើងនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនយើង។ 8ហើយយើងនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសម្គាល់ និងជាពាក្យទំនៀម យើងក៏នឹងកាត់អ្នកនោះចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត 9បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា យើងនេះហើយ ដែលបានបញ្ឆោតគេ ហើយយើងនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងទៅផង 10គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិតរបស់អ្នកដែលរកគេដែរ 11ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីយើង ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជាប្រជារាស្ត្ររបស់យើងវិញ ហើយឲ្យយើងបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ទោសដែលអ៊ីស្រាអែលត្រូវតែទទួល
12ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 13«កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តរំលងអ្វី រួចយើងលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះ 14នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ 15បើកាលណាយើងឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសម្លាប់មនុស្ស ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះ 16នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ 17ប្រសិនបើយើងនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីនោះ 18នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ 19ឬប្រសិនបើយើងឲ្យអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់យើងចេញទៅលើស្រុកនោះ ដោយកម្ចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង 20នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។
21ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត 22ប៉ុន្តែ មើល៍ នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល៍ គេនឹងចេញមកឯអ្នករាល់គ្នា នោះអ្នកនឹងឃើញផ្លូវ និងអំពើរបស់គេ រួចអ្នកនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលយើងបានទម្លាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលយើងបាននាំទៅលើក្រុងនោះ។ 23គេនឹងកម្សាន្តចិត្តអ្នករាល់គ្នា ដោយអ្នកឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយអ្នករាល់គ្នានឹងដឹងថា ការដែលយើងបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
Currently Selected:
អេសេគាល 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies