YouVersion Logo
Search Icon

និក្ខមនំ 9

9
គ្រោះ​កាច​ទី​ប្រាំ៖ ជំងឺ​អាសន្ន‌រោគ​លើ​ហ្វូង​សត្វ
1បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចូល​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង"។ 2ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ពួក‌គេ 3នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ និង​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។ 4ប៉ុន្ដែ ព្រះ‌យេហូវ៉ា​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​សត្វ​ណា​មួយ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​ឡើយ»។ 5ព្រះ‌យេហូវ៉ា​ក៏​ដាក់​កំណត់​ថា៖ «ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ»។ 6នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ស្លាប់​អស់ តែ​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ។ 7ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​មើល ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ចចេស មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ទៅ​ទេ។
គ្រោះ​កាច​ទី​ប្រាំ​មួយ៖ ជំងឺ​បូស
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ផេះ​ពី​គុក​ភ្លើង​ពីរ​បី​ក្ដាប់ ហើយ​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ នៅ​ចំពោះ​ផារ៉ោន​ទៅ 9ផេះ​នោះ​នឹង​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​ពាស​ពេញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ក្លាយ​ជា​បូស ធ្លាយ​ចេញ​ជា​ដំបៅ​លើ​ខ្លួន​មនុស្ស និង​សត្វ ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល»។ 10លោក​ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​ក៏បណ្ដាល​ឲ្យ​កើត​បូស​ក្លាយ ធ្លាយ​ចេញ​ជា​ដំបៅ ពេញ​លើ​ខ្លួន​មនុស្ស និង​សត្វ។ 11ពួក​គ្រូ​មន្ត​អាគម​មិន​អាច​ឈរ​នៅ​មុខ​លោក​ម៉ូសេ​បាន​ឡើយ ព្រោះ​តែ​បូស ដ្បិត​បូស​កើត​លើពួក​គ្រូ​មន្ត‌អាគម និង​លើ​សាសន៍​អេស៊ីព្ទ​ទាំង​អស់។ 12ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ផារ៉ោន​រឹង​ទទឹង មិន​ព្រម​ស្តាប់​ពួក​លោក​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ទុក​ស្រាប់។
គ្រោះ​កាច​ទី​ប្រាំ​ពីរ៖ ផ្គររន្ទះ និង​ព្រឹល
13បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ហើយ​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​ប្រាប់​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ 14ដ្បិត​លើក​នេះ យើង​នឹង​ចាត់​គ្រោះ​កាច​ទាំង​អស់​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី និង​លើ​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា នៅ​លើ​ផែន‌ដី​គ្មាន​អ្នក​ណា​ម្នាក់​ដូច​យើង​ឡើយ។ 15ដ្បិត ប្រសិន‌បើ​យើង​បាន​លើក​ដៃ​វាយ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដោយ​ជំងឺ​អាសន្ន‌រោគ​នៅ​ពេល​នេះ ម៉្លេះ​សម​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ពី​ផែន‌ដី​បាត់​ទៅ​ហើយ។ 16ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។ 17ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។ 18មើល៍ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ស្រុក​អេស៊ីព្ទ​ក​កើត​មក រហូត​ដល់​ពេល​នេះ មិន​ដែល​មាន​បែប​នេះ​ឡើយ។ 19ដូច្នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​នៅ​តាម​វាល យក​មក​កន្លែង​ដែល​មាន​សុវត្ថិ‌ភាព ដ្បិត​មនុស្ស​ទាំង​អស់ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​វាល ហើយ​មិន​បាន​ប្រមូល​មក​ក្នុង​ជម្រក​ទេ នោះ​នឹង​ត្រូវ​ព្រឹល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់"»។ 20ពេល​នោះ មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន​ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប្រញាប់​ប្រញាល់​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​រត់​ចូល​ក្នុងជម្រក 21តែ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា គេ​ទុក​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។
22ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​ក្នុង​ស្រុក​អេស៊ីព្ទទាំង​មូល គឺ​ធ្លាក់​មក​លើ​មនុស្ស លើ​សត្វ និង​លើ​ដំណាំ​ទាំង​អស់​នៅ​ទីវាល​ក្នុង​ស្រុក​អេស៊ីព្ទ»។ 23លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល​មក ក៏​មាន​រន្ទះ​ភ្លើង​មក​លើ​ផែន​ដី។ ព្រះ‌យេហូវ៉ា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីព្ទ។ 24មាន​ព្រឹល និង​ភ្លើង​ធ្លាក់​មក​លាយ​ឡំ​គ្នា ហើយ​ព្រឹល​នោះខ្លាំង​ណាស់ គឺ​តាំង​តែ​ពី​សាសន៍​អេស៊ីព្ទ​កើត​មក នោះ​មិន​ដែល​មាន​ដូច្នោះ​ឡើយ។ 25នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល ព្រឹល​បាន​ធ្លាក់​មក​លើ​អ្វីៗ​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ហើយ​ព្រឹល​បាន​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​ទី​វាល​ដែរ ក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ​ទៀត​ផង។ 26មាន​តែ​នៅ​ស្រុក​កូសែន​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ព្រឹល។
27ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន គឺ​ព្រះ‌យេហូវ៉ា​ព្រះ‌អង្គ​សុចរិត ឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​អ្នក​មាន​កំហុស។ 28សូម​អង្វរ​ព្រះ‌យេហូវ៉ា​ផង ដ្បិត​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​នេះ​គឺ​ល្មម​ហើយ យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ មិន​ឃាត់‌ឃាំង​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។ 29លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។ 30ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ព្រះ‌ករុណា និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌ករុណា មិន​ទាន់​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ»។ 31(គ្រា​នោះ ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក ត្រូវ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​បែក​កួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ 32តែ​ស្រូវ​សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ដ្បិត​មិន​ទាន់​ដុះ​ឡើង​នៅ​ឡើយ)។ 33ដូច្នេះ លោក​ម៉ូសេ​ក៏ចាក​ចេញ​ពី​ផារ៉ោន ហើយ​ទៅ​ក្រៅ​ទី​ក្រុង លោក​លើក​ដៃ​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​លាន់ និង​ព្រឹល​ក៏​ស្ងប់​ទៅ ហើយ​ភ្លៀង​ក៏​រាំង លែង​ធ្លាក់​មក​លើ​ដី​ទៀត។ 34ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង ព្រឹល និង​ផ្គរ​លាន់​បាន​ស្ងប់​ហើយ ស្ដេចក៏​ប្រព្រឹត្ត​អំពើ​បាប​ទៀត គឺ​ស្ដេច និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច នៅ​តែ​រឹង​ទទឹង​ដដែល។ 35ដូច្នេះ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​ម៉ូសេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in