YouVersion Logo
Search Icon

និក្ខមនំ 38

38
ការ​សង់​អាស‌នា​សម្រាប់​តង្វាយ​ដុត
1លោក​ធ្វើ​អាស‌នា​តង្វាយ​ដុត​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ និង​កម្ពស់​បី​ហត្ថ។ 2នៅ​ជ្រុង​ទាំង​បួន លោក​ធ្វើ​ស្នែង​ចេញ​ពី​អាស‌នា ស្រោប​ដោយ​លង្ហិន។ 3លោក​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា មាន​ប្រដាប់​ដាក់​ផេះ ប៉ែល ផើង សម និង​ជើង‌ក្រាន គឺ​ប្រដាប់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ 4លោក​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម ឲ្យ​ជាប់​ត្រង់​ពាក់​កណ្ដាល​របស់​កម្ពស់​អាស‌នា។ 5លោក​សិត​ធ្វើ​កង​បួន​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​បួន​ជ្រុង សម្រាប់​ស៊ក​ឈើ​ស្នែង។ 6លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​លង្ហិន។ 7លោក​ស៊ក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន​នៅ​សង​ខាង​អាស‌នា សម្រាប់​សែង ឯ​អាស‌នា​នោះ​លោក​ធ្វើ​ពី​ក្ដារ មាន​ប្រហោង​កណ្ដាល។
8លោក​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន និង​ជើង​ទ្រ​ចាន​ក្លាំ​នោះ​ពី​លង្ហិន គឺ​ធ្វើ​ពី​កញ្ចក់​របស់​ពួក​ស្ត្រី​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។
ការ​ធ្វើ​ទី‌លាន​រោង​ឧបោសថ
9លោក​ធ្វើ​ទី‌លាន នៅ​ប៉ែក​ខាង​ត្បូង​មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ សម្រាប់​បាំង​ទី‌លាន​ប្រវែង​មួយ​រយ​ហត្ថ 10រនាំង​នោះ​មាន​សសរ​ម្ភៃ ដាក់​លើ​ជើង​ទ្រធ្វើ​ពី​លង្ហិន​ម្ភៃ ឯ​តម្ពក់​សសរ និង​គន្លឹះ ធ្វើ​ពី​ប្រាក់។ 11នៅ​ប៉ែក​ខាង​ជើង មាន​រនាំង​ប្រវែង​មួយ​រយ​ហត្ថ មាន​សសរ​ម្ភៃ និង​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន​ម្ភៃ ឯ​តម្ពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់។ 12នៅ​ប៉ែក​ខាង​លិច មាន​រនាំង​ប្រវែង​ហាសិប​ហត្ថ មាន​សសរ​ដប់ និង​ជើង​ទ្រ​ដប់ ឯ​តម្ពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់។ 13នៅ​ប៉ែក​ខាង​កើត មាន​ទទឹង​ហាសិប​ហត្ថ​ដូច​គ្នា។ 14នៅ​ប៉ែក​មួយ​ចំហៀង មាន​រនាំង​ប្រវែង​ដប់​ប្រាំ​ហត្ថ ហើយ​មាន​សសរ​បី និង​ជើង​ទ្រ​បី 15ឯ​ប៉ែក​ចំហៀង​មួយ​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទី‌លាន​នោះ មាន​រនាំង​ប្រវែង​ដប់ប្រាំ​ហត្ថ ហើយ​មាន​សសរ​បី និង​ជើង​ទ្រ​បី​ដូច​គ្នា។ 16រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំ‌វិញ​ទី‌លាន​នោះ សុទ្ធ​តែ​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។ 17ជើង​ទ្រ​សសរ​ទាំង​អស់​ធ្វើ​ពី​លង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ប្រាក់ ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ ហើយ​អស់​ទាំង​សសរ​ទី‌លាន ភ្ជាប់​គ្នា​ដោយ‌សារ​តម្ពក់​ប្រាក់។ 18រនាំង​មាត់​ទ្វារ​ទី‌លាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​ម្ភៃ​ហត្ថ កម្ពស់​ប្រាំ​ហត្ថ ស្មើ​នឹង​រនាំង​ទី‌លាន​ទាំង​អស់។ 19សសរ​ទាំង​បួន និង​ជើង​ទ្រ​ទាំង​បួន​សម្រាប់​រនាំង ធ្វើ​ពី​លង្ហិន ឯ​តម្ពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ដែរ។ 20ចំណែក​ឯ​ចម្រឹង​អស់​ទាំង​សម្រាប់​រោង​ឧបោ‌សថ និង​ទី‌លាន សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​រោង​ឱបោសថ
21នេះ​ជា​បញ្ជី​ប្រដាប់‌ប្រដា​សម្រាប់​រោង​ឧបោ‌សថ គឺ​ជា​រោង​ឧបោ‌សថ​នៃ​សេចក្ដី​សញ្ញា ឯ​អ៊ីថា‌ម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន បាន​ទទួល​បញ្ជា​របស់​លោក​ម៉ូសេ ដើម្បី​រាប់​ប្រដាប់​ទាំង​នោះ​សម្រាប់​ការ‌ងារ​របស់​ពួក​លេវី។ 22បេតសា‌លាល​កូនរបស់​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​ទាំង​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ 23មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​របស់​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ចម្លាក់ ហើយ​ខាង​បង្កើត​គម្រោង​ការ និង​ខាង​ប៉ាក់​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត។
24មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សម្រាប់​ប្រើ​អស់​ទាំង​ការ​សង់​ទី​បរិសុទ្ធ មាន​ចំនួន ២៩ ហាប ៧៣០ សេកែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។ 25រី​ឯ​ប្រាក់​ពី​អស់​អ្នក​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​កត់​ក្នុង​បញ្ជី មាន​ចំនួន ១០០ ហាប ១ ៧៧៥ សេកែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ 26គឺ​ប្រាំ​កាក់ ដែល​ត្រូវ​ជា​កន្លះ​សេកែល​ម្នាក់ គ្រប់ៗ​គ្នា តាម​សេកែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​របស់​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ក្នុង​បញ្ជី​ត្រូវ​បង់ ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឯ​ចំនួន​មនុស្ស​ទាំង​នោះ​មាន ៦០៣ ៥៥០ នាក់។ 27ប្រាក់ ១០០ ហាប​នោះ គេ​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​មួយ​មាន​មួយ​ហាប​ប្រាក់ ឯ​ជើង ១០០ ត្រូវ​ជា ១០០ ហាប។ 28គេ​យក​ប្រាក់ ១ ៥៧៥ សេកែល​ទៅ​ធ្វើ​ជា​តម្ពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា។ 29ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ មាន​ចំនួន ៧០ ហាប ២ ៤០០ សេកែល។ 30លង្ហិន​នោះ​គេ​ប្រើ​សម្រាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាស‌នា​លង្ហិន ប្រទាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា 31អស់​ទាំង​ជើង​ទ្រ​នៅ​ជុំ​វិញ​ទី‌លាន ព្រម​ទាំង​ជើង​ទ្វារ​ទី‌លាន អស់​ទាំង​ចម្រឹង​រោង​ឧបោ‌សថ និង​អស់​ទាំង​ចម្រឹង​ជុំ‌វិញ​ទីលាន​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in