YouVersion Logo
Search Icon

និក្ខមនំ 31

31
បេតសា‌លាល និង​អូហូ‌លីអាប់
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«មើល៍! យើង​បាន​ហៅ​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា 3ហើយ​យើង​បាន​ធ្វើ​ឲ្យ​គាត់​ពេញ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់ មាន​ចំណេះ​ចេះ​ធ្វើ​‌ការ​គ្រប់​មុខ​ទាំង​អស់ 4ឲ្យ​ប្រសប់​នឹង​បង្កើត​គម្រោង ឲ្យ​ចេះ​ខាង​គ្រឿង​មាស ប្រាក់ និង​លង្ហិន 5ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ការ​ងារ​គ្រប់​មុខ។ 6យើង​ក៏​បាន​ហៅ​អូហូ‌លីអាប់ កូន​របស់​អ័ហ៊ី‌សាម៉ាក់ ពី​កុល‌សម្ព័ន្ធ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា‌មួយ​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​ងារ​នោះ យើង​ក៏​បាន​បន្ថែម​ឲ្យ​មាន​តម្រិះ​ប្រាជ្ញា ដើម្បី​ធ្វើ​អស់​ទាំង​របស់​ដែល​យើង​បាន​បង្គាប់​អ្នក 7គឺ​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​ត្រសាល 8គឺ​តុ គ្រឿង​ប្រដាប់​របស់​តុ ជើង​ចង្កៀង​ជា​មាស​សុទ្ធ គ្រឿង​ប្រដាប់​របស់​ចង្កៀង និង​អាស‌នា​គ្រឿង​ក្រអូប 9អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​របស់​អាស‌នា ចាន​ក្លាំ និង​ជើង​ទ្រ 10អស់​ទាំង​សម្លៀក‌បំពាក់​ការ‌ងារ គឺ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​ៗ​របស់​គាត់ សម្រាប់​បំពេញ​មុខ​ងារ​ជា​សង្ឃ 11ប្រេង​សម្រាប់​លាប​តាំង និង​គ្រឿង​ក្រអូប​សម្រាប់​ទី​បរិសុទ្ធ។ អ្នក​ទាំង​នោះ​ត្រូវ​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នក»។
ច្បាប់​ថ្ងៃ​សប្ប័ទ
12ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 13«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ។ 14ដូច្នេះ ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​មិន​គោរព​ថ្ងៃ​សប្ប័ទ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន។ 15ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ តែ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​សប្ប័ទ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ 16ហេតុ​នេះ​ហើយ​បាន​ជា​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ ដោយ​កាន់​តាម​ថ្ងៃ​សប្ប័ទ​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​អស់​កល្ប​ជា‌និច្ច។ 17ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​រវាង​យើង និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​រៀង​រហូត ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​ថ្ងៃ​ទី​ប្រាំពីរ​យើង​ឈប់​សម្រាក ក៏​ឲ្យ​បាន​លំ​ហើយ​ព្រះ‌អង្គ"»។
ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ
18កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in